គណបក្សប្រជាជនកម្ពុជា បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល២ថ្ងៃ

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល២ថ្ងៃ នៅថ្ងៃទី២៨ និងទី២៩ ខែមករា ឆ្នាំ២០២៣ នៅវិមាន៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល ។ បន្ថែមលើនេះ អង្គមហាសន្និបាត ក៏បានអញ្ជើញសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មួយចំនួននៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំនៃក្រុមការងារថ្នាក់កណ្តាល ចុះជួយរាជធានី-ខេត្ត និងថ្នាក់ដឹកនាំនៃអង្គការមហាជនរបស់គណបក្សចូលរួម សរុបចំនួន ៣៥៥៨រូប ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បើកមហាសន្និបាតដូច្នេះថា ៖ យើងជួបជុំគ្នាប្រារព្ធធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស នៅក្នុងអាគ៌ាវិមាន៧មករា នៃទីស្នាក់ការកណ្តាលគណបក្ស ដើម្បីពិនិត្យវាយតម្លៃលើការងារសំខាន់ៗ និងកំណត់ដាក់ចេញនូវទិសដៅការងារដែលមានចរិតជាយុទ្ធសាស្ត្រសម្រាប់ការអនុវត្តបន្តទៀត។

សម្ដេចបន្តថា ចាប់ពីឆ្នាំ២០១៨ មក តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ បានផ្តល់លទ្ធភាពឱ្យគណបក្សយើងកាន់អំណាចទាំងស្រុង ទាំងនៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ នៅក្នុងបរិបទនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភានេះ ទាំងស្ថាប័ននីតិបញ្ញត្តិ និងទាំងស្ថាប័ននីតិប្រតិបត្តិ បានសាមគ្គីគ្នាពុះពារគ្រប់ឧបសគ្គ ខិតខំធ្វើការងារមិនសំចៃកម្លាំង ហើយបាននាំមកនូវជោគជ័យ និងសមិទ្ធផលធំធេងលើគ្រប់វិស័យជូនជាតិ និងប្រជាជន ក្នុងនោះលេចធ្លោ គឺការរក្សាបានសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៅគ្រប់កន្លែង ការរក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាពសង្គមរឹងមាំ ការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អប្រសើរ ការរក្សាបានកំណើនសេដ្ឋកិច្ចនិង លំនឹងជីវភាពរបស់ប្រជាជន ការកែទម្រង់រដ្ឋគ្រប់វិស័យទទួលបានលទ្ធផលជាផ្លែផ្កា ការទទួលបាន ជោគជ័យលើការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការលើក កម្ពស់កិត្តិសព្ទរបស់កម្ពុជាកម្រិតខ្ពស់នៅលើឆាកតំបន់ និងអន្តរជាតិ តាមរយៈជោគ ជ័យនៃការអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ និងជោគជ័យនៃការដឹកនាំនិងបំពេញភារកិច្ច ជាប្រធានអាស៊ានឆ្នាំ២០២២ ក៏ដូចជាមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាដើម។

សម្ដេចពញាចក្រី ហេង សំរិន បានបន្តទៀតថា បើនិយាយពីភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាវិញ មកដល់ពេលនេះយើងពង្រឹងពង្រីកបានធនធានមនុស្សសម្បូរបែប ជាពិសេសមានធនធានសម្រាប់បន្តវេនតាម សម័យកាល យើងពង្រឹងរចនាសម្ព័ន្ធចាត់តាំងគ្រប់ថ្នាក់បានរឹងមាំ យើងពង្រឹងពង្រីកសមាជិកបក្ស ទូលំទូលាយដល់គ្រប់មជ្ឈដ្ឋានក្នុងសង្គម យើងមានកន្លែងធ្វើការដូចជា អាគ៌ាវិមាន៧មករា និងអាគា នៃទីស្នាក់ការគណបក្សគ្រប់ថ្នាក់ រឹងមាំ ស័ក្ដិសម សមរម្យ នៅទូទាំងប្រទេស ព្រមទាំងមាន មធ្យោបាយផ្សេងទៀតសម្រាប់ធ្វើការងារផងដែរ។ ទាំងអស់នេះ បញ្ចាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សឈានមុខដែលមានឧត្តមភាពខ្ពស់សម្រាប់ការប្រកួតប្រជែងក្នុងរបបប្រជាធិបតេយ្យសេរី ពហុបក្ស និងក៏ជាផែនគ្រឹះទ្រទ្រង់ឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍វែងឆ្ងាយយូរអង្វែង។

សម្ដេចពញាចក្រី បានបន្ថែមថា អ្វីដែល យើងត្រូវយកចិត្តទុកដាក់នៅពេលនេះ គឺឆ្នាំ២០២៣ ជាឆ្នាំដែលត្រូវបញ្ចប់អាណត្តិរដ្ឋសភា និងរាជរដ្ឋាភិបាល ឆ្នាំ២០១៨-២០២៣ និងក៏ជាឆ្នាំដែលត្រូវចាប់ផ្តើមនីតិកាលថ្មីរយៈពេល៥ឆ្នាំបន្តទៀត។ ប្រការនេះបញ្ជាក់ថា យើងពិតជាមានកិច្ចការច្រើនណាស់ ដែលត្រូវធ្វើនាពេលចំពោះមុខ ហើយក្នុងនោះក៏ត្រូវរួមគ្នាធ្វើរាល់កិច្ចការឱ្យបានល្អបំផុតដើម្បីឈានទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ ។

សម្ដេចបានបន្តទៀតថា យើងបានខិតខំជាបន្តបន្ទាប់រួចមកហើយ តាមរយៈការអនុវត្តនូវទិសដៅការងារដែល កំណត់ដោយសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៣ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ និងដោយ សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញ នាថ្ងៃទី១៦.១៧ ខែកក្កដា ឆ្នាំ២០២២ ព្រមទាំងទិសដៅជាក់ស្តែងដែលសម្តេចតេជោ ប្រធានគណបក្ស បានណែនាំនៅក្នុងពិធី សំណេះសំណាលជាមួយមន្ត្រីនៅរាជធានី និងខេត្តនានា។ ប៉ុន្តែចាប់ពីពេលនេះទៅយើងត្រូវតែជំរុញ ល្បឿននៃការអនុវត្តទិសដៅខាងលើឱ្យកាន់តែខ្លាំងក្លាថែមទៀត ព្រោះជិតដល់ទីផ្តាច់ព្រ័ត្រហើយ។

ផ្តើមពីនេះ អង្គមហាសន្និបាតរបស់យើងនៅពេលនេះ គឺត្រូវរួមគ្នាសម្រេចឱ្យបាននូវកម្មវិធី នយោបាយថ្មីមួយរបស់គណបក្ស ដើម្បីធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការដឹកនាំប្រទេសរយៈពេល៥ឆ្នាំ បន្តទៀត ហើយដែលដំបូងបង្អស់គឺត្រូវយកទៅឃោសនាផ្សព្វផ្សាយនៅពេលយុទ្ធនាការឃោសនា បោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតបានយល់ជ្រួតជ្រាប និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner