អ្នកឯកទេសមេរោគថៃ៖ ជាង៨០ភាគរយនៃជនជាតិថៃមាន«ភាពស៊ាំកូនកាត់» ប្រឆាំងនឹងកូវីដ១៩

ថៃ៖ អ្នកឯកទេសខាងមេរោគមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យជូឡាឡុងកន លោកសាស្ត្រាចារ្យ Yong Poovorawan បានលើកឡើងក្នុងទំព័របណ្ដាញសង្គមផ្លូវការថា ជាង ៨០ភាគរយ នៃប្រជាជនថៃបានបង្កើត «ភាពស៊ាំកូនកាត់» ទៅនឹងវីរុសកូវីដ១៩បន្ទាប់ពីពួកគេទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ និងឆ្លងកូវីដផង។

របាយការណ៍របស់ក្រសួងសុខាភិបាលថៃបង្ហាញថា ជាង៧០ភាគរយ នៃប្រជាជនថៃ ឬជាង ៥០ លាននាក់បានឆ្លង Covid-19 ខណៈដែលយ៉ាងហោចណាស់ ៨០ភាគរយនៃចំនួនប្រជាជនបានចាក់វ៉ាក់សាំងពេញលេញ (យ៉ាងហោចណាស់ពីរដូស)។
លោកសាស្ត្រាចារ្យ Yong Poovorawan៖ «ប្រជាជនភាគច្រើនជាង ៨០ភាគរយ បានបង្កើតភាពស៊ាំកូនកាត់ ដែលជួយកាត់បន្ថយស្ថានភាពធ្ងន់ធ្ងរនៃជំងឺ នឹងអាចទប់ទល់នឹងមេរោគបំប្លែងខ្លួនថ្មីដូចជា XBB.1.5 ដែលគេរំពឹងថានឹងមកដល់ក្នុងពេលឆាប់ៗនេះ»។
លោកបានបន្ថែមថា «ភាពស៊ាំកូនកាត់»នេះ អាចការពារប្រឆាំងនឹងកូវីដ១៩ ប្រសើរជាងការចាក់វ៉ាក់សាំង ឬការឆ្លងមេរោគកូវីដ១៩ តែមួយមុខ។
សាស្ត្រាចារ្យ Yong Poovorawanជាអ្នកដឹកនាំជាន់ខ្ពស់ មជ្ឈមណ្ឌលផ្នែករោគសាស្ត្រនៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យជូឡាឡុងកន។
លោកពន្យល់ថា ជាធម្មជាតិនៃមេរោគ នឹងមិនសូវកាចប៉ុន្មានទេនៅពេលដែលវាបំប្លែងខ្លួន។លោកបន្ថែមថា បន្ទាប់ ពី មាន ការ ប្រែប្រួល ជា បន្តបន្ទាប់ កូវីដចម្លងថ្មី មិនបាន ធ្វើ ឲ្យអ្នកជំងឺភាគច្រើន មាន រោគ សញ្ញា ធ្ងន់ធ្ងរនោះទេ។

អត្រាមរណភាពបណ្ដាលមកពីកូវីដ១៩នៅទូទាំងពិភពលោក បានធ្លាក់ចុះពីអត្រា៣ទៅ៥ ភាគរយនៅពេលជំងឺរាតត្បាតខ្លាំង ធ្លាក់មកត្រឹមតិចជាង ១ ភាគរយ នាដើមឆ្នាំខែនេះ។ អត្រាអ្នកស្លាប់ដោយសារកូវីដ១៩នៅប្រទេសថៃបានធ្លាក់ចុះពី ១ភាគរយនៅពេលដែលមេរោគរាតត្បាតខ្លាំងនៅថៃ មកនៅតិចជាង ០.១ ភាគរយ នាពេលបច្ចុប្បន្ន។
សាស្ត្រាចារ្យ Yong Poovorawan បាននិយាយថា សម្រាប់មនុស្សដែលមានសុខភាពល្អ ការឆ្លងជំងឺCovid-19 បច្ចប្បន្ននេះមិនខុសពីជំងឺផ្តាសាយប៉ុន្មានទេ៕សរន
ដោយ:វណ្ណស័ក្កិ

ads banner