សេដ្ឋកិច្ច ហ្វីលីពីន លូតលាស់ក្នុងល្បឿនលឿនបំផុត ក្នុងរយៈពេលបួនទសវត្សរ៍

ម៉ាលីន៖ សេដ្ឋកិច្ច ហ្វីលីពីន ក្នុង ឆ្នាំ ២០២២ បាន លូត លាស់ ក្នុង ល្បឿន លឿន បំផុត មិន ធ្លាប់ មាន ក្នុង រយៈ ពេលជាង ៤០ ឆ្នាំ ប៉ុន្តែ អ្នក វិភាគ និង អ្នក បង្កើត គោល នយោបាយ បាន ព្រមាន ថា ការ ថយ ចុះ នៃ សេដ្ឋកិច្ច ពិភព លោក និង ការ កើន ឡើង នៃ អតិផរណា នឹ ង ធ្វើ ឱ្យ មាន ការ លំបាក នៅ ឆ្នាំ នេះ ។

ទិន្នន័យ ពី ទីភ្នាក់ងារ ស្ថិតិ បង្ហាញ ថា សេដ្ឋកិច្ច របស់ ហ្វីលីពិន កើន ដល់ ៧,៦ ភាគរយ ដែល ជា ល្បឿន លឿន បំផុត រាប់ តាំង ពី ឆ្នាំ ១៩៧៦ និង ស្ថិត នៅ លើ គោល ដៅ របស់ រដ្ឋាភិបាល ចន្លោះ ពី ៦,៥-៧,៥ ភាគរយ ។
លេខាធិការ ផែនការ សេដ្ឋកិច្ច លោក Arsenio Balisacan បាន អះ អាង ថា សេដ្ឋកិច្ច នៅ ត្រីមាស ចុង ក្រោយ ឆ្នាំ មុនមាន ដំ ណើរ ការ ល្អ គឺ ដោយ សារ តែ តម្រូវ ការ ក្នុង ស្រុក ដ៏ រឹង មាំ ការ កើន ឡើង នៃ ការងារ និង ការ ចំណាយ ក្រោយ ប្រទេស បើក ឡើង វិញ ពី កូវីដ ។ លោក បាន ប្រាប់ សន្និសីទ សារព័ត៌មាន កាល ពី ថ្ងៃ ព្រហស្បតិ៍ ថា ៖ « យើង មាន ទំនុក ចិត្ត ថា យើង នឹង នៅ តែ ស្ថិត ក្នុង គន្លង កំណើន ខ្ពស់ របស់ យើង » ។
បន្ថែម ពី នេះ លោក Balisacan ក៏ បាន និយាយ ផង ដែរ ថា ការ បើក ដំណើរការ ឡើង វិញ នៃ ប្រទេស ចិន នឹង មាន ប្រយោជន៍ សម្រាប់ សេដ្ឋកិច្ច ហ្វីលីពីន ខណៈ ការធានា ការ ទិញ និង សន្តិសុខ ស្បៀង របស់ ហ្វីលីពីន នឹង នៅ តែ ជា អាទិភាព សម្រាប់ រដ្ឋាភិបាល ស្រប ពេល ដែល សាធារណ ជន ជួប ប្រទះ នឹង អតិផរណា ខ្ពស់ ។

លោក Balisacan បាន និយាយ ទៀត ថា រដ្ឋាភិបាល ហ្វីលីពីននឹង ប្រកាន់ ខ្ជាប់ នូវ គោលដៅ កំណើន ពី ៦-៧ ភាគរយ របស់ ខ្លួន សម្រាប់ ឆ្នាំ ២០២៣ ប៉ុន្តែ វា មិន មាន ន័យ ថា គ្មាន ហានិភ័យ នោះ ទេ ដោយ សារ តែ សេដ្ឋកិច្ច ពិភព លោក រំពឹង ថា នឹង ធ្លាក់ ចុះ បន្ថែម ទៀត នៅ ឆ្នាំ នេះ ក្រោម ឥទ្ធិពល នៃ ការ អូស បន្លាយ នៃ សង្រ្គាម ឈ្លាន ពាន អ៊ុយក្រែន របស់ រុស្ស៊ី ខណៈ អតិផរណា កើន ឡើង អាច នាំ ឱ្យ មាន ការ រឹត បន្តឹង គោល នយោបាយ ហិរញ្ញវត្ថុ បន្ថែម ទៀត ។

គួរ បញ្ជាក់ ថា ដូច នឹង ប្រទេស ដទៃ ទៀត ដែរ ហ្វីលីពីន កំពុង ប្រឈម នឹង អតិផរណា ឡើង ខ្ពស់ ដែល បច្ចុប្បន្ន នេះ ស្ថិត នៅ ក្នុង កម្រិត មិន ធ្លាប់ មាន រយៈ ពេល ១៤ ឆ្នាំ ។ ហើយ ប្រសិន បើ បញ្ហា នេះ មិន ធូរ ស្រាល ទេ វា អាច កាត់ បន្ថយ ការ ប្រើ ប្រាស់ ក្នុង ស្រុក ដែល ជា កត្តា ជំរុញ កំណើន ដ៏ សំខាន់ មួយ ៕

ដោយ:ហួន ឌីណា

ads banner