ក្រសួងទេសចរណ៍នឹងមានកម្មវិធីមួយឈ្មោះថា «ភូមិខ្ញុំ» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ នាព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ខាងមុខនេះ ក្រសួងទេសចរណ៍នឹងមានការរៀបចំគម្រោងធំៗជាច្រើននៅក្នុងកម្មវិធីមួយឈ្មោះថា «ភូមិខ្ញុំ» ដើម្បីបង្ហាញពីស្នាដៃកូនខ្មែរទៅ កាន់ ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ដែលប្រព្រឹត្តទៅក្នុងបរិវេណអង្គរធំ នៃរមណីយដ្ឋានអង្គរ ខេត្តសៀមរាប។

បើតាម ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួង ទេសចរណ៍ និងជាប្រធានគម្រោងកម្មវិធី «ភូមិខ្ញុំ» បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣កន្លងមក លោកបានដឹកនាំ ក្រុមប្រជុំការងារគម្រោងភូមិខ្ញុំដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំគម្រោង។ ភូមិខ្ញុំ ឆ្នាំនេះត្រូវបានគិតគូរ រៀបចំឡើងដោយផ្ចិតផ្ចង់ និងអស្ចារ្យជាងឆ្នាំមុនៗទាំងអស់ ដោយសារឆ្នាំនេះ ជាខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តផង និងជាឆ្នាំដែលប្រទេស កម្ពុជាបាន សម្រេចរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឡើងវិញ ក្រោយវិបត្តិ កូវីដ -១៩ ដែលបានរំខានដល់ការកម្សាន្តសប្បាយរបស់ ប្រជាពលរដ្ឋ កម្ពុជា កន្លងមក ហើយក៏ជាចកលរមួយក្នុងការទាក់ទាញភ្ញៀវ ទេសចរ ជាតិ និងអន្តរជាតិ មកទស្សនានៅខេត្តសៀមរាប ក្នុង ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះផង។

ឯកឧត្តម សុខ សង្វារ បានបញ្ជាក់ទៀតថា ៖ «ភូមិខ្ញុំ ឆ្នាំនេះបាន គ្រោងរៀបចំទស្សនីយភាពប្រាំបីកម្មវិធីសំខាន់ៗគឺ តំបន់ខួប ១០ឆ្នាំ នៃភូមិខ្ញុំដែលប្រមូលផ្តុំដោយវត្ថុយក្សទាំងអស់ឡើង វិញ ដែលជាស្នាដៃកូនខ្មែរពិតៗ»។

លោកបន្តថា ហើយគម្រោងសំខាន់ៗទាំងនោះរួមមាន៖ គម្រោង ផ្ទះមរតកដូនតា ដែលនឹងបង្ហាញនូវការសម្តែងចាប៉ីដងវែង ពិណ បុរាណ តួអង្គលម្អិតល្ខោនខោល ការប្រគំភ្លេងខ្មែរបុរាណ និងការរាំ កម្សាន្តប្រជាប្រិយដោយ ក្រុមស្គរដៃផងដែរ។

គម្រោងផ្ទះសេដ្ឋី ក៏មាន សកម្មភាពទាក់ទាញដូចជា ការដង្ហែក្បួន សេដ្ឋីក្នុងភូមិ ការប្រកួតគុនល្បុក្កតោតំណាងឱ្យកងការពារ លោក សេដ្ឋី សកម្មភាពប្រចាំថ្ងៃរបស់ភរិយានិងអ្នកបម្រើក្នុងផ្ទះសេដ្ឋី។

គម្រោងផ្ទះនំខ្មែរ ក៏ជាគម្រោងមួយដែលនឹងទាក់ទាញមហាជន ផងដែរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សុខ សង្វារ ។

លោកបានបញ្ជាក់ទៀតថា អ្នកជំនាញធ្វើនំខ្មែរនឹងបង្ហាញពីដើម ដល់ ចប់ អំពីរបៀបធ្វើនំបញ្ចុកខ្មែរ ការស្លទឹកនំ របៀបធ្វើនំផ្លែអាយ នំច័ក្កច័ន្ទ ដាល់អំបុក ដែលជាការនាំមកវិញនូវសកម្មភាព និង ស្នាដៃ របស់ខ្មែរបុរាណមកបង្ហាញឡើងវិញ។

អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគម្រោងកម្មវិធី «ភូមិខ្ញុំ» រូបនេះ ក៏បានបន្ថែមថា គម្រោងសាលាឆទាន ជាអគារ សាសនា តំណាងការគោរពបូជា ភាពស្មោះត្រង់ និងប្រពៃណី ទំនៀម ទម្លាប់ដ៏ល្អឥតខ្ចោះរបស់បុព្វបុរសខ្មែរក្នុងតំបន់អង្គរ ដែលកំពុងបន្តរស់នៅនាពេលបច្ចុប្បន្ន។ រួមទាំងកម្មវិធីពូនភ្នំខ្សាច់ កម្មវិធីលើកទង់ ឆាកហ៊ោ ក្មេងៗកោរជុក ទុកកំប៉ោយរត់លេង ជិះសេះធាងចេក យាយៗស្លៀកក្បិនពិសាស្លាម្លូ លញ់ធូបក្រអូប ចាក់ចេក ។ល។ សុទ្ធសឹងនាំមកបង្ហាញជូនក្នុងសាលាឆទាន ទាំងអស់។

សម្រាប់ គម្រោងផ្សារខ្មែរ ឯកឧត្តម សុខ សង្វារ បានបញ្ជាក់ថា ជាកូនផ្សារតូចក្នុងភូមិដែលនឹងដាក់តាំងលក់ម្ហូបអាហារ នំចំណី ជារបៀបខ្មែរបុរាណ និងហាងសិប្បកម្មចម្លាក់ សម្លៀកបំពាក់ អបអរពិធីចូលឆ្នាំ ក៏មាននៅក្នុងផ្សារខ្មែរផងដែរ។

ឆាកធំ ជាកម្មវិធីប្រមូលផ្តុំដោយការសម្តែងរបាំបុរាណច្រើនទម្រង់ ទស្សនីយភាពល្ខោនយីកេ ល្ខោបាសាក់ ល្ខោនខោល អក្សរសិល្ប៍ និទានរឿង សិល្បៈសៀកខ្មែរ… ដែលប្រមូលផ្តុំដោយសិល្បករ សិល្បការិនីអាជីពរាប់រយនាក់ ក៏នឹងមានសម្តែងជូនទស្សនា គ្រប់ទាំងបីថ្ងៃ។

បន្ថែមពីនេះទៀត ឯកឧត្តមបានបញ្ជាក់ថា ក៏មានរោងDJ ដែល ចាក់បទរាំវង់ រាំចង្វាក់ប្រជាប្រិយខ្មែរគ្រប់ប្រភេទ ជូនមហាជនរាំ លេង កម្សាន្តចូលឆ្នាំផងដែរ។

ទាក់ទិនរឿងនេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគម ទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានថ្លែងថា ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣នេះ ក្រសួងទេសចរណ៍ បានរៀបចំកម្មវិធីមួយ ដែលមានឈ្មោះថា ភូមិខ្ញុំ ដើម្បីបង្ហាញ ស្នាដៃ របស់កូនខ្មែរ ដែលវាជាផែនការមួយល្អមែនទែន សម្រាប់ វិស័យ ទេសចរណ៍ ពីព្រោះកម្មវិធីនេះ នឹងជាការផ្សព្វផ្សាយមួយ សម្រាប់ទាក់ទាញទៅដល់ភ្ញៀវទេសចរ ដែលពួកគាត់ចង់ទស្សនា កម្សាន្ត ស្នាដៃបុរាណរបស់ខ្មែរពិតៗ។

លោកស្រីថា ៖ «ដូច្នេះហើយឆ្លៀតក្នុងឱកាសព្រឹត្តិការណ៍ អង្ករសង្ក្រាន ដែលជាព្រឹត្តិការណ៍ដ៏ធំ កម្ពុជានឹងទទួលបាន ការចាប់អារម្មណ៍ទាំងភ្ញៀវនៅក្នុងស្រុក និងទាំងភ្ញៀវនៅក្រៅ ស្រុកផងដែរ»។

មួយវិញទៀត លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា ក្រៅពីការកម្សាន្ត ពីស្នាដៃបុរាណរបស់កូនខ្មែរហើយ កម្មវិធីនេះ ក៏ជាការឆ្លុះបញ្ចាំងឱ្យទេសចរទាំងក្នុងស្រុក និងក្រៅស្រុក ស្វែង យល់កាន់តែច្បាស់ពីអ្វីដែលជារបស់ខ្មែរ។ ជាពិសេស គឺការចង់ បណ្ដុះឲ្យយុវជនជំនាន់ក្រោយ បានឃើញហើយ មានការចេះ ស្រលាញ់ និងចេះថែរក្សាជាដើម។

ក្រៅពីនេះទៀត លោកស្រីថា ព្រឹត្តការណ៍អង្ករសង្ក្រាននេះ ក៏ជា ព្រឹត្តិការណ៍ប្រពៃណីរបស់កម្ពុជាប្រចាំឆ្នាំ ដែលវាជាឱកាសសម្រាប់ កម្ពុជា អាចធ្វើការបង្ហាញអ្វីដែលជាភាពសម្បូរបែប ក្នុងឱកាសមួយ ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការស្ញើចសរសើរ វប្បធម៌ សិល្បៈបុរាណរបស់កម្ពុជា។

លោកស្រី ឆាយ ស៊ីវលីន ថា៖ «ការរៀបចំកម្មវិធីទាំងអស់នេះ នឹង ផ្ដល់ ប្រយោជន៍ដល់កម្ពុជា សម្រាប់អ្នកនៅក្នុងស្រុកយើងដែល បានទស្សនា គឺនឹងបណ្ដុះគំនិតឲ្យបានយល់ដឹងកាន់តែច្បាស់ ក្នុងការប្រើប្រាស់ និងការគាំទ្រកាន់តែច្រើន ហើយសម្រាប់ភ្ញៀវ បរទេស គឺគាត់ជួយផ្សព្វផ្សាយជាបន្តៗគ្នានៅពេល គាត់បាន ឃើញពីភាពល្អ និងភាពសម្បូរបែបរបស់យើង ។អ៊ីចឹងវាធ្វើឱ្យ គោលដៅកម្ពុជាយើង គឺសម្បូរបែបទៅដោយវប្បធម៌ សិល្បៈ បុរាណ មិនមែនមានតែឆ្នេរទេ គឺយើងមានអ្វីផ្សេងទៀត ដែលជា ការទាក់ទាញ»។

លោកស្រី ឆាយ ស៊ីវលីន បន្ថែមថា ហើយពីប្រទេសមួយទៅ ប្រទេសមួយ ទេសចរក្រៅស្រុក ក៏តែងតែចង់ឃើញអ្វីផ្សេងទៀត ដែលជាភាពបុរាណរបស់កម្ពុជា រួមទាំងប្រទេសដទៃទៀត ផងដែរ៕ ដោយ៖ ជា សុខនី

ads banner