សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធ ” Tabletop ” ដើម្បីត្រៀមខ្លួនទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ

តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយដ៍ អូស្ទីន ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិក-កូរ៉េខាងត្បូងគ្រោងនឹងធ្វើសមយុទ្ធផ្អែកលើការពិភាក្សា ស្តីពីការដោះស្រាយការគំរាមកំហែងនុយក្លេអ៊ែរ។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល គ្រោងនឹងធ្វើសមយុទ្ធមានឈ្មោះថា ថេប៊លថប់ “Tabletop” ដែលផ្តោតលើការត្រៀមខ្លួនទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរនៅលើឧបទ្វីបនេះ។ លោក អូស្ទីន បានសរសេរសារបង្ហោះបែបនេះនៅក្នុង op-ed ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េយ៉ុនហាប់ ប៉ុន្តែមិនបានបញ្ជាក់ថាតើសមយុទ្ធនេះនឹងកើតឡើងនៅពេលណានោះទេ។

បច្បុប្បន្ន លោក អូស្ទីន កំពុងបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូលជាលើកទីបី ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ដោយគាត់នឹងជួបជាមួយសមភាគីកូរ៉េខាងត្បូង លោក លី ជុងស៊ូ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ុល។

លោក អូស្ទីន បានសរសេរសារថា ដំណើរទស្សនកិច្ចរបស់គាត់ គឺសំដៅពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងពិភាក្សាអំពីបញ្ហាប្រឈមផ្នែកសន្តិសុខ ក៏ដូចជាការបញ្ជាក់សារជាថ្មីថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការការពារកូរ៉េខាងត្បូង គឺប្រៀបដូចជាវាំងននដែក។

ភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េ បានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុន នៅពេលដែលកូរ៉េខាងជើងបានធ្វើតេស្តអាវុធទប់ទល់នឹងទណ្ឌកម្មស្ទើរតែរៀងរាល់ខែ រួមទាំងការបាញ់មីស៊ីលផ្លោងអន្តរទ្វីបកម្រិតខ្ពស់បំផុតរបស់ខ្លួន។

ឮបន្ថែមលើនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះក៏បានអំពាវនាវឱ្យមានការបង្កើនបន្ថែមទៀតនៅក្នុងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ហើយបានប្រកាសថា កូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរ “មិនអាចត្រឡប់វិញបាន” កាលពីឆ្នាំមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner