ឯកឧត្តមឯកអគ្គរាជទូតថៃ វាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្ដេចក្រឡាហោម ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ពិសេសបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ការរត់ពន្ធមនុស្សឆ្លងដែន ក្នុងរយៈពេលកន្លងទៅនេះបានទទួលនូវលទ្ធផលគួរឲ្យកត់សម្គាល់

ភ្នំពេញ ៖ ក្នុងឱ្យកាសអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម Chardkiat ATTHAKOR ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា ទើបតែងតាំងថ្មី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដូចជាការរត់ពន្ធមនុស្សឆ្លងដែនដែលក្នុងរយៈពេលកន្លងទៅនេះបានទទួលនូវលទ្ធផលគួរឲ្យកត់សម្គាល់ ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា ថៃ តែងមានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អប្រសើរ និងជិតស្និទ្ធ ហើយប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏ល្អ ទាំងក្នុងកម្រិតនយោបាយ សន្តិសុខ ទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជា រយៈពេលចុងក្រោយនេះ គឺកិច្ចសហការគាំទ្រគ្នាទៅវិញទៅមកយ៉ាងល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ដោយឡែក នៅក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ សម្ដេចឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនឯកឧត្តមឯកអគ្គរាជទូតថៃថា សម្តេចផ្ទាល់ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំខេត្តជាប់ព្រំដែនជាមួយនឹងភាគីថៃ ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ដែលកិច្ចប្រជុំនេះតែងបានប្រព្រឹត្តទៅក្នុងស្មារតីដើម្បីរួមគ្នាថែរក្សាសន្តិសុខតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរដូចជារួមគ្នាអភិវឌ្ឍខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។

សម្ដេចក្រឡាហោម និងឯកឧត្តមអគ្គរាជទូតក៏បានជជែកពិភាក្សា និងផ្លាស់ប្ដូរយោបល់ទៅវិញទៅមកលើបញ្ហាមួយចំនួនក្នុងស្មារតីធ្វើយ៉ាងណាសម្រួលដល់ការចេញចូលឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ និងកិច្ចសហការក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានានៅតាមបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ។

សម្ដេច និងឯកឧត្តម ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ទៅលើការជួយគាំទ្រដល់ពលករកម្ពុជាដែលកំពុង ស្នាក់នៅនិងបំពេញការងារនៅក្នុងព្រះរាជាណាចក្រថៃ ហើយនិងការបន្តកិច្ចសហការជិតស្និទ្ធក្នុងការទប់ស្កាត់និងបង្ក្រាបនូវអំពើជួញដូរមនុស្សឆ្លងដែនផងដែរ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner