នាយករដ្ឋមន្រ្តីអង់គ្លេស ៖ ការផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែននឹងតម្រូវឱ្យមានការហ្វឹកហ្វឺនច្រើនខែ ប្រសិនបើមិនរាប់ឆ្នាំ

ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានថ្លែងថា ការបញ្ជូនយន្តហោះចម្បាំងទៅឱ្យអ៊ុយក្រែននឹងតម្រូវឱ្យមានការហ្វឹកហ្វឺនច្រើនខែ ប្រសិនបើមិនរាប់ឆ្នាំ ហើយថា គាត់កំពុងស្វែងរកមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការជួយទីក្រុងកៀវឱ្យទទួលបានជ័យជម្នះ។

នៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ដែលបានថតទុក ដើម្បីកត់សម្គាល់រយៈពេល១០០ថ្ងៃដំបូងរបស់គាត់ក្នុងនាមជាមេដឹកនាំអង់គ្លេសនោះ លោក ស៊ូណាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អង់គ្លេសតែងតែនិយាយជាមួយប្រជាជនអ៊ុយក្រែន អំពីការគាំទ្រដ៏ត្រឹមត្រូវដែលពួកគេត្រូវការ។

លោកថា យន្តហោះចម្បាំង គឺជាគ្រឿងបរិក្ខាទំនើបៗដែលមិនគួរឱ្យជឿ ដែលទាមទារពេលរាប់ខែ ប្រសិនបើមិនមែនច្រើនឆ្នាំ សម្រាប់មនុស្សត្រូវបានហ្វឹកហាត់។ នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះបន្ថែមថា បំណងប្រាថ្នា និងគោលដៅរបស់យើង គឺចង់ឱ្យអ៊ុយក្រែនឈ្នះជម្លោះនេះ… ដូច្នេះវាមិនមែនគ្រាន់តែជាឧបករណ៍ប៉ុណ្ណោះទេ វាថែមទាំងសមត្ថភាព និងការបណ្តុះបណ្តាលដែលភ្ជាប់មកជាមួយនោះ រួមជាមួយនឹងផែនការជាមួយសម្ព័ន្ធមិត្តរបស់យើង ដែលនឹងធានាថា ពួកគេ (អ៊ុយក្រែន) អាចទទួលបានជ័យជំនះលើរុស្ស៊ី។

ដោយឡែករដ្ឋមន្ត្រីការពារជាតិ បេន វ៉លឡេស នៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក៏បានព្រមានផងដែរថា ការផ្គត់ផ្គង់យន្តហោះចម្បាំងដល់អ៊ុយក្រែន នឹងមិនមែនជា “វេទមន្ត” នៅក្នុងសង្រ្គាមនោះទេ។ លោកបន្ថែមថា ខ្ញុំបើកចំហរណាស់ ក្នុងការពិនិត្យមើលប្រព័ន្ធគ្រប់ប្រភេទ ហើយមិនមែនត្រឹមតែយន្តហោះចម្បាំងប៉ុណ្ណោះទេ សម្រាប់ការផ្តល់ជំនួយដល់អ៊ុយក្រែន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner