លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំប្រតិភូក្រសួង ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ភរិយាឯកឧត្តម តាន់ បញ្ញាវុធ នារសៀលថ្ងៃសៅរ៍ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង (ត្រូវជាប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ) ទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦:១៣ នាទីល្ងាច ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកជំទាវកិត្តិសង្គហបណ្ឌិត មានសេចក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងបំផុតចំពោះមរណភាពរបស់លោកជំទាវ ដែលនេះគឺជាការបាត់បង់នូវឧត្ដមភរិយា មាតា មាតាក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈដ៏ជ្រាលជ្រៅ និងជាទីគោរព ស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗ ចៅៗ ដែលកន្លងមក លោកជំទាវ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី តស៊ូ ពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ ទំនុកបម្រុងសព្វបែបសព្វយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងផ្ដល់នូវឱវាទអប់រំទូន្មាន ភាពកក់ក្ដៅ និងសេចក្ដីស្រលាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបានដល់កូនៗ ចៅៗឱ្យបានក្លាយជាបញ្ញវន្តដ៏ប្រពៃ ជាពលរដ្ឋដ៏ល្អ។ លើសពីនេះទៅទៀត មរណភាពរបស់លោកជំទាវ ក៏ជាការបាត់បង់ដ៏ធំធេងសម្រាប់សង្គមជាតិ ដែលលោកជំទាវបានខិតខំបំពេញការងារ និងចូលរួមអភិវឌ្ឍន៍ជូនជាតិមាតុភូមិ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត សូមចូលរួមរំលែកនូវមរណទុក្ខជាមួយ ឯកឧត្តម តាន់ បញ្ញាវុធ និងក្រុមគ្រួសារ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធរបស់លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner