មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ស្ត្រីដើរតួនាទីសំខាន់ក្នុងការចូលរួមពង្រឹងភាពធន់ ស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍
ស្ទឹងត្រែង៖រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវ ហ៊ុន ដានី បានថ្លែងថាផ្តើមពីតួនាទីដ៏មានសារៈសំខាន់ របស់ស្ត្រី ក្រសួងបានចាត់ទុកស្ត្រីគឺជាកម្លាំងចលករដ៏មានសក្តានុពលនិងជាភាគីពាក់ព័ន្ធដ៏សំខាន់មិនអាចខ្វះបាន ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងភាពធន់និងអភិវឌ្ឍវិស័យទេសចរណ៍ លើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច។
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តគោលនយោបាយលើកកម្ពស់ សិទ្ធិ តួនាទី តម្លៃស្ត្រីក្នុងវិស័យទេសចរណ៍ នៅសាលាខេត្តស្ទឹងត្រែងដែលសហការរៀបចំដោយក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី៣ ខែកុម្ភៈរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវ ហ៊ុន ដានី មានប្រសាសន៍ថា ក្រសួងទេសចរណ៍បានដាក់ចេញ នូវគោលនយោបាយ កម្មវិធី និងសកម្មភាពនានាជាច្រើន ដើម្បីជំរុញការលើកកម្ពស់សិទ្ធិ តួនាទី តម្លៃស្ត្រី ទាំងក្នុង ក្របខ័ណ្ឌមន្ត្រីរាជការសាធារណៈ និងក្នុងឧស្សាហកម្មទេសចរណ៍។
លោកជំទាវបានបញ្ជាក់ថា៖«នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវគោលនយោបាយគាំពា រសង្គម និងកិច្ចការពារតាមផ្លូវច្បាប់ដល់ក្រុមស្ត្រីដែលបម្រើការផ្នែកសេវាកម្សាន្តទេសចរណ៍។ស្ត្រីដើរតួនាទី សំខាន់ ក្នុងការចូលរួមពង្រឹងភាពធន់ ស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍»។ចំពោះមុខនេះ ស្ត្រីក្នុងវិស័យទេសចរណ៍កាន់តែ ត្រូវបាន យកចិត្ត ទុកដាក់បន្ថែមទៀតពីសំណាក់ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តាមរយៈការដាក់ ចេញនូវគោលនយោបាយគាំពារសង្គម ជំនួយសង្គម និងកិច្ចការពារតាមផ្លូវច្បាប់ដល់ក្រុមស្ត្រីដែលបម្រើការផ្នែកសេវា កម្សាន្ត ទេសចរណ៍ថែមទៀតផង។
លោកជំទាវបានបន្ថែមទៀតថា ការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ស្រ្តីក៏ត្រូវបានឆ្លុះបញ្ចាំងផងដែរនៅក្នុង «គោលនយោបាយសមភាពយេនឌ័រ» ដែលមានចែងក្នុងរបៀបវារៈនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយបានផ្តល់នូវតម្លៃ និងសារៈសំខាន់នៃការចូលរួមរបស់ស្រ្តីនៅគ្រប់ដំណើរការនៃកិច្ចអភិវឌ្ឍប្រទេសជាតិ ដោយបានចាត់ទុកថា «ស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»។
ពាក់ព័ន្ធស្រ្តីនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី២៩ខែមករា ឆ្នាំ ២០២៣ បាន ណែនាំដល់ក្រុមការងារមេធាវីរបស់ខ្លួន លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ឱ្យការពារ ផ្លូវច្បាប់ចំពោះស្រ្តីបម្រើសេវាកម្សាន្តនៅទូទាំងប្រទេស ដើម្បីការពារសិទ្ធិស្រី្តដែលបម្រើការងារក្នុងវិស័យនេះ៕
ដោយ៖វណ្ណ សុជាតា