គ្រួសារសពដែលរងគ្រោះដោយការកែច្នៃគ្រាប់បែក បានទទួល អំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ
(កំពង់ធំ)៖ លោកជំទាវ លំ គន្ធារី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំនិងសហការី បាននាំយកអំណោយគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនគ្រួសារដែលរងគ្រោះដោយការកែច្នៃគ្រាប់បែក បានកើតឡើងនៅវេលាម៉ោង ០៧:២០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បុរសដែលបាត់បង់ជីវិតឈ្មោះ នឿន វិត អាយុ ៤២ឆ្នាំ ប្រពន្ធឈ្មោះ ទឺ មុំ អាយុ ៣៩ឆ្នាំ មានកូន ០៥នាក់ ស្រី ០១នាក់រស់នៅភូមិគេន្ទាក ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។
លោកជំទាវ លំ គន្ធារី បានសំដែងនៅទឹកចិត្តដ៏សោកស្ដាយជាទីបំផុត ដែលបានបាត់បង់ជីវិតមនុស្សដែលជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ បានបន្សល់ទុកនៅប្រពន្ធ និងកូនរស់នៅលំបាក នៅក្នុងក្រុមគ្រួសារ។ ភាពលំបាកទាំងអស់នេះហើយធ្វើឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយទៅប្រគល់ជូនដល់គ្រួសារសព ដើម្បីផ្ដល់កម្លាំងចិត្តនិងលើកទឹកចិត្តដល់ពួកគាត់ឲ្យមានស្មារតីរឹងមាំឡើងវិញ។
លោកជំទាវក៏បានបន្តទៀតថា ដើម្បីចូលរួមចំណែកនូវមនុស្សធម៌ ត្រូវតែយកចិត្តទុកដាក់ និងជួយគាំទ្រគ្រប់ពេលវេលាដល់បងប្អូនដែលងាយរងគ្រោះ ទីណាមានទុក្ខលំបាកទីនោះ មានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំចុះជួយដល់មូលដ្ឋាន។
លោកជំទាវ លំ គន្ធារី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើមានគ្រាប់មិនទាន់ផ្ទុះឬសម្ភារៈផ្សេងៗនៅក្នុងមូលដ្ឋាន ត្រូវរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចៀសវាងពីការគ្រោះថ្នាក់ផ្សេងៗ។
គួរបញ្ជាក់ផងដែរថា អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រគល់គ្រួសារសពរួមមាន អង្ករ ០២បេ មី ០២កេស និងថវិកា៤០០.០០០ររៀល។ សម្រាប់អនុស្សាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្កឧបត្ថម្ភរួមមាន អង្ករ០២បេ មី០២កេស ទឹកសុទ្ធ ០៤យួរ ទឹកស៊ីអ៊ីវ ០២យួរ ទឹកត្រី ០២យួរ និងថវិកា ១០០.០០០រៀល ៕ ដោយ ប៊ុន រដ្ឋា