អធិការបតីអាល្លឺម៉ង់ ៖ លោក ហ្សេលេនស្គី យល់ស្របមិនប្រើអាវុធលោកខាងលិចវាយប្រហារលើទឹកដីរុស្ស៊ី
ប៊ែរឡាំង៖ មេដឹកនាំអាល្លឺម៉ង់បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅថ្ងៃអាទិត្យនេះថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានយល់ស្របថា សព្វាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច នឹងមិនត្រូវបានប្រើ ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ីឡើយ។
សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែនបានសន្យាថា នឹងបំពាក់ប្រព័ន្ធគ្រាប់រ៉ុក្កែត និងមីស៊ីលដ៏ជាក់លាក់ ក៏ដូចជារថក្រោះ ខណៈដែលទីក្រុងកៀវកំពុងព្យាយាមរុញច្រានកងទ័ពរុស្ស៊ីនៅភាគខាងកើតប្រទេសរបស់ខ្លួន។
ជុំវិញបញ្ហានេះដែរ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា រួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់យើង… យើងកំពុងផ្គត់ផ្គង់រថក្រោះប្រយុទ្ធដល់អ៊ុយក្រែន ដើម្បីឱ្យពួកគេអាចការពារខ្លួនឯងបាន។
អធិការបតីអាល្លឺម៉ង់រូបនេះ បានសង្កត់ធ្ងន់ថា យើងបានថ្លឹងថ្លែងដោយប្រុងប្រយ័ត្ននូវការចែកចាយអាវុធនីមួយៗ ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់យើង ដោយចាប់ផ្តើមពីសហរដ្ឋអាមេរិក។ លោកថា វិធីសាស្ត្រដែលផ្អែកលើការឯកភាពគ្នាបែបនេះ គឺដើម្បីចៀសវាងការកើនឡើងកម្តៅជម្លោះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា