ទិវារត់ប្រណាំងក្រុងអរិយក្សត្រ លើកទី១ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ
ភ្នំពេញ ៖ លោក ពៅ ហុក ប្រធានចាត់ការទូទៅរៀបចំទិវារត់ប្រណាំងក្រុងអរិយក្សត្រ លើកទី១ បានបញ្ជាក់ថា សហព័ន្ធ រៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងក្រុងអរិយក្សត្រ លើកទី១ឬ The First Areyksat Fun Run ដែលនឹងធ្វើឡើងនា ថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៣នេះ នៅសាលាបឋមសិក្សាសុវណ្ណសាគរ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល នេះឡើង ក្នុងបំណង រួមចំណែកលើកកម្ពស់ សុខភាព បរិដ្ឋានស្អាត ព្រមទាំងបំផុសវិស័យកីឡាអត្តពលកម្មឈានឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ប្រធានចាត់ការទូទៅ រូបនេះបានលើកឡើងថា ចំពោះទិសដៅបន្ដនៃព្រឹត្តិការនេះ សហព័ន្ធនិងគណៈ កម្មការរៀបចំការប្រកួត មានយុទ្ធសាស្ដ្រប្រមូលផ្ដុំ គៀងគរ ដៃគូឧត្ថម្ភ មកជួយជ្រុំជ្រែងដើម្បីជំរុញវិស័យ កីឡា អត្តពលកម្មឲ្យមានការរីកចំរើន បន្ថែមទៀត ដោយពង្រីកសមាជិកចូលរួមឲ្យបានច្រើនហើយសហព័ន្ធ នឹងជួយឲ្យអ្នកចូលរួម មានក្លិបហ្វឹកហាត់មានគ្រូបង្វឹក ហើយកីឡាករដែលមានវិជ្ជាជីវៈ យើងនិងស្វែងរកដៃគូសហការឧបត្ថម្ភដើម្បីឲ្យពួគេជួយដល់គាត់វិញ។
លោក ពៅ ហុក បានបន្ថែមថា ព្រឹត្តិការណ៍នេះ សម្រាប់ផែនការទៅមុខ យើងនឹងមានរៀបចំកម្មវិធីប្រកួតជាច្រើន ដោយក្នុង១ខែយើងរៀបចំឲ្យបាន២លើក ហើយយើងមានកម្មវិធីប្រកួត ប្រចាំត្រីមាស និង ឆមាស ដើម្បីវាស់វែងសមត្ថភាព និង ជ្រើរើសកីឡាករកីឡាការិនី ខ្លាំងៗឲ្យបានច្រើនដើម្បីអភិវឌ្ឍ ប្រភេទកីឡារបស់យើង ឲ្យដើលឿនទៅមុខ ។ ទិវារត់ប្រណាំងនេះ ធ្វើឡើង លើ៣វិញ្ញាសាគឺរត់ចម្ងាយ ៤គីឡូម៉ែត្រ ៨គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ។
សហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត បានអំពាវនាវ ដល់ប្រជាជន មហាជន ពិសេសយុវជន សូមចូលរួមក្នុងព្រឹត្តិការណ៍នេះឲ្យបានច្រើនកុះករ ដើម្បីសុខភាពផង ដើម្បីបំផុសវិស័យ កីឡា អត្តពលកម្មឲ្យបានខ្លាំងក្លាផង និង ដើម្បីលើកកម្ពស់កំរិតបច្ចេកទេសកីឡាករជំនាញឲ្យបានកាន់តែប្រសើរថែមទៀត សម្រាប់ត្រៀមលក្ខណៈចូលរួមប្រកួតស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា ។ ចំពោះ អ្នកដែលចង់ចុះឈ្មោះចូលរួមប្រកួត សូំទំនាក់ទំនង តាម ទូរស័ព្ទ លេខៈ 099 249 623; 067 387 736 ; 099 737 367 ៕ ចាន់ វិចិត្រ