មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះពិនិត្យវឌ្ឍនៈភាព នៃការរៀបចំដីសម្រាប់សាងសង់ទីបញ្ជាការថ្មី
(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពទីតាំងដីដែលគ្រោងរៀបចំកសាងទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ថ្មីដែលទីតាំងដីស្ថិតនៅចំនុចអាងទឹកអូរកំពិស ក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានឱ្យដឹងថា អង្គភាពអាវុធហត្ថខេត្ត បានទទួលដីពីរដ្ឋបាលខេត្តកំពង់ស្ពឺ ចំនួន ៤៤.០២៣ម៉ែត្រការ៉េ ដើម្បីសាងសង់ទីបញ្ជាការដ្ឋានកងអាវុធហត្ថថ្មី ។ ហើយបច្ចុប្បន្នដីដែលទទួលបានពីរដ្ឋបាលខេត្ត ត្រូវបាននិងកំពុងបើកការដ្ឋានចាក់បំពេញនិងកសាងហេដ្ឋារចនាសម្ពន្ធ័ផ្លូវនិងគ្រោងឈានទៅកសាងអាគាររដ្ឋបាលនាពេលខាងមុខផងដែរ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ពីវឌ្ឍនភាពនេះថា ក្រោមការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារបច្ចេកទេសនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានធ្វើការជីកស្រះចំនួន២ក្នុងនោះ១-ស្រះតូចទំហំ ២៣ម៉ែត្រគុណនឹង ៧២ម៉ែត្រជម្រៅ ៨ម៉ែត្រ រួចចរាល់ ១០០%បានផ្ទៃដី ៩៩៧២ម៉ែត្រគូប ២-គ្រឿងចក្របានជីកស្រះធំទំហំ ៥៧ម៉ែត្រគុណនឹង ៦៨ម៉ែត្រជម្រៅ ១០ម៉ែត្រ ។ ការជីកស្រះនេះគឺដើម្បីយកអាចម៌ដីមកចាក់បំពេញទីធ្លាទីតាំងសង់អាគាររដ្ឋបាលនិងបានស្រះដើម្បីស្តុកទឹកផ្គត់ផ្គង់ការប្រើប្រាស់ក្នុងទីបញ្ជាការនិងមួយភាគធំសម្រាប់ពលរដ្ឋក្នុងភូមិប្រើប្រាស់ក្នុងវិស័យកសិកម្ម ហើយបច្ចុប្បន្ន ស្រះធំជីកបានប្រមាណ៣០%ហើយ។
មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ សារុន ក៏បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារបច្ចេកទេសដែលបានខិតខំពន្លឿនការងារបានលឿននិងឆាប់រហ័សដើម្បីឈានទៅដំណាក់កាលនៃការសាងសង់អាគាររដ្ឋបាល នាពេលខាងមុខ។ ទន្ទឹមនិងការកោតសរសើរនេះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការក៏បានក្រើនរំលឹកដល់ក្រុមការងារឱ្យអនុវត្តទៅតាមស្តង់ដារបច្ចេកទេសដើម្បីធានាដល់ការកសាងគុណភាពអាគាររដ្ឋបាលទីបញ្ជាការអាវុធហត្ថថ្មី ៕ ម៉ុន សំអាត