នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លើកឡើងថាប្រទេសជាតិមានសុខសន្តិភាពទើបប្រជាពលរដ្ឋមានឱកាសរកស៊ីទទួលទានមានបាន និងទទួលបានការអភិវឌ្ឍន៍
កំពង់ស្ពឺ៖ ក្នុងឱកាសអញ្ជើញជួបនិងសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋប្រមាណ ២២៣គ្រួសារ ក្នុងឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស បានលើកឡើងថា សុខសន្តិភាពមិនត្រឹមតែផ្ដល់ឱ្យប្រទេសជាតិនិងប្រជាជនកម្ពុជារស់នៅក្នុងសេចក្ដីសុខសាន្តនិងមានភាពកក់ក្ដៅទាំងផ្លូវចិត្តនិងផ្លូវកាយនោះទេ ប៉ុន្តែវាបានផ្ដល់នូវឱកាសការងារ រួបរួមសាមគ្គីគ្នា កសាងនូវសមិទ្ធផលនានាជាច្រើនឡើងវិញ មានទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បន្តថា ភាពរីកចម្រើនរបស់ប្រទេសជាតិ ដែលមានរហូតមកដល់សព្វថ្ងៃនេះ តាំងពីទីក្រុងរហូតដល់ជនបទគឺបានកើតឡើងដោយសារតែកត្តាសុខសន្តិភាពក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានបិទបញ្ចប់ទាំងស្រុងនូវសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាអូសបន្លាយរាប់ទសវត្សរ៍កន្លងមកនេះ ។
នាយឧត្តមសេនីយ៍ក៏គូសបញ្ជាក់ផងដែរថា កំពង់ស្ពឺគឺជាខេត្តមួយដែលរងការប្រទាញប្រទង់គ្នាដោយចុងអាវុធយូរអង្វែងហើយបានធ្វើឱ្យប្រជាជនទទួលរងគ្រោះពីសង្រ្គាមនេះមិនតិចដែរ គ្មានពេលវេលាគ្រប់គ្រាន់ក្នុងការរកស៊ីទទួលទាន មួយថ្ងៃៗរវល់តែរកចូលក្នុងរណ្តៅដើម្បីភាស់ខ្លួនចេញពីគ្រាប់កាំភ្លើង តែបច្ចុប្បន្នយើងមានសុខសន្តិភាពពេញលេញ បងប្អូនប្រជាពលរដ្ឋរស់នៅមានជីវភាពកាន់តែល្អប្រសើរឡើង មានឱកាសគ្រប់គ្រាន់ក្នុងការដើរហើររកស៊ី ដើម្បីលើកស្ទួយជីវភាពគ្រួសារ មិនតែប៉ុណ្ណោះសន្តិភាពបានផ្ដល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមចំណែកនៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលទៀតផង។ទាំងនេះគឺជាសក្ខីភាពដែលបានមកពីសុខសន្តិភាពដែលរកបានដោយកម្រពីបាតដៃអ្នកស្ថានិកសន្តិភាពគឺសម្តេចតេជោ ហ៊ុន សែន។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាការពារសន្តិភាពដែលកម្ពុជាទទួលបានក្រោមនយោយបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ឱ្យបានគង់វង្សនិងស្ថិតស្ថេរជានិរន្តដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យទទួលបានការរីកចម្រើនថ្មីៗបន្ថែមទៀត៕ អ៊ិត រ៉ាវុធ