សម្ដេចក្រឡាហោម ស ខេង អញ្ជើញផ្សព្វផ្សាយសេចក្តីសម្រេច ចិត្តមហា សន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនដល់ មន្រ្តីគណបក្សខេត្តព្រៃវែង
ភ្នំពេញ៖កាលព្រឹកថ្ងៃអាទិត្យទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញ ជា អធិបតី ក្នុងកិច្ចពិធីផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញ តំណាង ទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នៅខេត្តព្រៃវែង ។
ក្នុងឱកាសនេះឯកឧត្តម ស្បោង សារ៉ាត់ ប្រធានគណៈកម្មាធិការគណបក្ស ខេត្ត ព្រៃវែង បានរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធី អំពី វឌ្ឍនភាព ការងារ គណបក្ស ពិសេសការកសាងកម្លាំងគាំទ្រនៅមូលដ្ឋាន ក្នុងដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយគ្នានោះដែរ ឯកឧត្តម ជា សុមេធី អនុប្រធាន គណៈកម្មាធិការគណបក្សខេត្ត បានអានសេចក្ដីសម្រេចមហាសន្និ បាត វិសាមញ្ញគណបក្ស។
មានប្រសាសន៍នាឱកាសនោះសម្ដេចក្រឡាហោម ស ខេង បានថ្លែង អំណរ គុណឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ ក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្ស ខេត្តព្រៃវែង ព្រមទាំងសមាជិកសមាជិការគណបក្ស ដែលបានខិតខំបំពេញ តួនាទី និងភារកិច្ចបម្រើជាតិ និងប្រជាជនយ៉ាងល្អ ធ្វើឱ្យគណបក្ស និង រាជរដ្ឋាភិបាលបន្តទទួលបានការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយនានា។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា រាល់ខ្លឹមសារនៃឯកសារនានា ដែលគណបក្សបានសម្រេចអនុម័តក្នុងមហាសន្និបាតវិសាមញ្ញកាលពីពេលថ្មីៗ និងត្រូវបានយកមកផ្សព្វផ្សាយជាបន្តបន្ទាប់នេះ ត្រូវការចំណុចសំខាន់ មួយធំបំផុតមួយ គឺការឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាង រាស្រ្ត ដើម្បីគណបក្ស និងរាជរដ្ឋាភិបាលមានលទ្ធភាពយកខ្លឹមសារទាំងនេះ ទៅអនុវត្តជាក់ស្ដែង នាំមកនូវវឌ្ឍនភាពថ្មីៗបន្ថែមទៀតជូនជាតិ និង ប្រជាជន។សម្ដេចក្រឡាហោម បានក៏ផ្ដល់ទស្សនាទានជូនអង្គពិធីដែរ អំពីសភាពការណ៍អន្តរជាតិ ។
សម្ដេចក្រឡាហោម ស ខេង បានបង្ហាញក្ដីសង្ឃឹមថា ថ្នាក់ដឹកនាំ និងសមាជិក សមាជិការក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបណ្ដាយន្តការគណបក្សផ្សេងទៀត នឹងបន្តរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋ ក្នុងនោះរួមទាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីចូលរួមធានាស្ថិរភាពសង្គម ពិសេសខិតខំធ្វើយ៉ាងណា សម្រេចឱ្យបានជោគជ័យជាបន្តទៀត ការបោះឆ្នោតឆ្នាំ២០២៣ និងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមជាដើម៕ដោយ៖រ៉ាវុធ