រដ្ឋមន្ត្រីការបរទេសអាស៊ានមានជំនឿថា សមិទ្ធភាពការងារឥណ្ឌូនេស៊ីឆ្នាំនេះ នឹង ជួយឱ្យតំបន់មានសន្តិភាព ស្ថិរភាព និងវិបុលភាពនៅថ្ងៃមុខ
ភ្នំពេញ៖រដ្ឋមន្ត្រីការបរទេសអាស៊ានបង្ហាញការគាំទ្រ និងមានជំនឿមុតមាំលើ សមិទ្ធភាពជាអាទិភាពរបស់ឥណ្ឌូនេស៊ីជាប្រធានអាស៊ានឆ្នាំ២០២៣ នេះ ដែលនឹងអាចជួយឱ្យតំបន់អាស៊ានមានសន្តិភាព ស្ថិរភាព និងវិបុលភាព តាមរយៈទស្សនវិស័យដែលបានកំណត់ជុំវិញបញ្ហាក្នុងតំបន់ និងអន្តរជាតិ ជាពិសេសការលើកកម្ពស់ធម្មនុញ្ញអាស៊ាន និងទស្សនៈវិស័យ អាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក(AOIP)។
នាទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី ប្រធានអាស៊ានឆ្នាំ២០២៣ បាន រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣២ និងកិច្ច ប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានរយៈពេលពីរថ្ងៃ ពីថ្ងៃទី៣ និង៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលក្នុងនោះក៏មានវត្តមានចូលរួមពីឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាផងដែរ ក្រោមបទបង្ហាញពីលោកជំទាវ រ៉េតណូ ម៉ារស៊ីឌី(Retno Marsudi) រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និងជាប្រធានអាស៊ានឆ្នាំ ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃ កំណើន» ជាអាទិភាពគន្លឹះ ដែលទទួលបានការគាំទ្រពេញទំហឹង ពីបណ្តា រដ្ឋមន្ត្រីការបរទេសអាស៊ាន ហើយរដ្ឋមន្ត្រីអាស៊ានជឿជាក់យ៉ាងមុតមាំថា ក្រោមកិច្ចខំនិនងសមិទ្ធភាពការងាររបស់ឥណ្ឌូនេស៊ីឆ្នាំនេះ នឹងជួយឱ្យ អាស៊ានក្លាយជាតំបន់មានសន្តិភាព ស្ថិរភាព និងវិបុលភាព នៅថ្ងៃមុខ។
សេចក្តីប្រកាសដដែលបញ្ជាក់ថា៖ «កិច្ចប្រជុំបានលើកឡើងពីសារៈសំខាន់ នៃការអនុវត្តនូវជំហានជាក់ស្តែង ដើម្បីសម្រេចគោលដៃនៃទស្សនៈ វិស័យ អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក(AOIP) និងបានចាត់ឱ្យ CCP(គណៈកម្មាធិការ តំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន) ពិភាក្សាអំពីផែនទីបង្ហាញផ្លូវអាស៊ាន សម្រាប់ លើកកម្ពស់ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក»។
រដ្ឋមន្ត្រីការបរទេសអាស៊ានបានប្តេជ្ញាចិត្តដាក់ដំណើរការឱ្យបានឆាប់នូវមជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺរាត ត្បាត ថ្មីៗ ជាយន្តការឆ្លើយតបនឹងបញ្ហាសុខភាពសាធារណៈថ្នាក់តំបន់អាស៊ាន នៅខាងមុខក្រៅពីជំងឺកូវីដ១៩ ដែលអនុញ្ញាតឱ្យមានមូលនិធិផង។
លើបញ្ហាសមាជិកភាពទីម័រឡេស្តេ ឬទីម័រខាងកើត រដ្ឋមន្ត្រីការបរទេស អាស៊ានបានទុកភារកិច្ចនេះដល់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន(ACC) លើការពន្លឿនផែនទីចង្អុលបង្ហាញផ្លូវមួយសម្រាប់ទីម័រឡេស្តេ សម្រាប់ ការវាយតម្លៃឱ្យចូលជាសមាជិកពេញលេញនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ខណៈទីម័រឡេស្តេបានបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា សម្របសម្រួលអាស៊ានលើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេស អាស៊ាននេះផងដែរ ក្នុងនាមជាអ្នកសង្កេតការណ៍។
ចំពោះវិបត្តិមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសអាស៊ានបានឯកភាពជំរុញឱ្យ មានការ ចូលរួមភាគីពាក់ព័ន្ធក្នុងជម្លោះមីយ៉ាន់ម៉ាទាំងអស់ស្របតាម ធម្មនុញ្ញអាស៊ាន ហើយប្តេជ្ញាចិត្តរក្សាមជ្ឈភាពនិងឯកភាពអាស៊ាន លើដំណោះស្រាយវិបត្តមីយ៉ាន់ម៉ានេះ ហើយអង្គប្រជុំក៏ស្វាគមន៍ចំពោះ សេចក្តីព្រាង ផែនការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច(5PC) នោះដែរដែលជាដំណើរការវែងឆ្ងាយ។
លើសពីនេះអង្គប្រជុំបានផ្លាស់ប្តូរទស្សនៈគ្នាពីបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ានលើបញ្ហាតំបន់ និងអន្តរជាតិ តួយ៉ាង វិបត្តិមីយ៉ានម៉ា បញ្ហាឧបទ្វីបកូរ៉េ វិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សមុទ្រចិនខាងត្បូងជាដើម ដែលបណ្តា សមាជិកអាស៊ានបានព្រមព្រៀងគ្នាពីការលើកកម្ពស់យន្តការពហុភាគីនិយមក្នុងដំណោះស្រាយបញ្ហាក្របខណ្ឌអន្តរជាតិ និងសង្កត់ធ្ងន់ឱ្យសមាជិក អាស៊ាន ផ្តួចផ្តើមឲ្យដៃគូនីមួយៗរបស់ខ្លួនស្របតាមធម្មនុញ្ញអាស៊ាន និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក(AOIP) ដើម្បីតំបន់ អាស៊ានមានសន្តិភាព ស្ថិរភាព និងវិបុលភាព។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា កិច្ចការជាប្រធានអាស៊ាន របស់ឥណ្ឌូនេស៊ីក្នុងឆ្នាំ២០២៣ នេះ ទំនងជាមិនសូវខុសគ្នាឆ្ងាយពីការងាររ បស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នោះទេ ព្រោះបញ្ហា ប្រឈម របស់អាស៊ានមិនមានការផ្លាស់ប្តូរឡើយ តួយ៉ាង បញ្ហាមីយ៉ាន់ម៉ា បញ្ហាការប្រកួតប្រជែងឥទ្ធិពលរបស់មហាអំណាចរវាងចិននិងសហរដ្ឋអាមេរិក បញ្ហារុស្ស៊ី-អ៊ុយក្រែន ជាដើម។
លោក គិន ភា បានគូសបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ មើលទៅ តូនាទីរបស់ ឥណ្ឌូនេស៊ី វាអាចថាប្រសើរជាងមុនបន្តិច ដោយសារឥណ្ឌូនេស៊ី យើងអាច និយាយបានថាជាប្រទេសដែលមានទឹកមាត់ប្រៃជាងគេក្នុងចំណោមសមាជិកអាស៊ាន ហើយឥណ្ឌូនេស៊ីជាប្រទេសធំជាងគេនៅអាស៊ីអាគ្នេយ៍ មាន ប្រជាជន ច្រើន មានសេដ្ឋកិច្ចខ្ពស់ជាងគេ ព្រមទាំងជាសមាជិកក្រុមប្រទេស G-20 ទៀត ។អ៊ីចឹងឥណ្ឌូនេស៊ីមានឥទ្ធិពលជាងប្រទេសផ្សេងៗ ។ប៉ុន្តែបញ្ហាប្រឈមរបស់អាស៊ានក្នុងអាណត្តិឥណ្ឌូនេស៊ីក៏មិនឆ្ងាយពីកម្ពុជាដែរ»។
សម្រាប់លោក គិន ភា អាស៊ានត្រូវតែដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ឱ្យលឿន តាមតែអាចធ្វើទៅបានដើម្បីសម្រួលដល់ដំណើរការសមាហរណកម្មតំបន់អាស៊ានដែលពិតជាមិនអាចខ្វះបាននូវវត្តមានមីយ៉ាន់ម៉ា ហើយដែលកម្ពុជានឹង ទទួលសមាជិកផ្លូវការមួយទៀតគឺទីម័រឡេស្តេរគ្រប់ ១១ប្រទេស។
លោក បានបន្តថា ឥណ្ឌូនេស៊ីអាចដកស្រង់មេរៀនចេញពីកម្ពុជា ក្នុង កិច្ចការរកដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ដោយប្រើប្រាស់នយោបាយ ការបរទេសទន់ភ្លន់ បត់បែន ផ្អែកលើគោលការណ៍ច្បាប់និងកុងសង់ស៊ីល ៥ចំណុច ហើយមានយន្តការក្រៅផ្លូវការផ្សេងៗក្នុងការដោះស្រាយ ជាពិសេសព្យាយាមបញ្ចូលសម្លេងនិងវត្តមានមីយ៉ាន់ម៉ា ជាជាងផាត់ចោល។
បន្ថែមពីនោះ លោកថា ឥណ្ឌូនេស៊ីអាចទាញយកបទពិសោធន៍ជោគជ័យ របស់ កម្ពុជាកាលជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២២ នោះ ក្នុងការថ្លឹងថ្លែង មជ្ឈភាពអាស៊ាន ហើយធ្វើការក្នុងស្មារតីអាស៊ាន ជាជាងគំនិតឯតោភាគី និយម ក្នុងកិច្ចការសម្របសម្រួលជាមួយប្រទេសមហាអំណាច ដែលកម្ពុជាអាចសម្រេចឯកសារជាង ១០០ កាលពីឆ្នាំមុន៕
ដោយ៖សំបាន ច័ន្ទដារ៉ា