មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ តាមរយៈវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជានឹងបង្ហាញពីការគ្រប់គ្រង និងការកាត់បន្ថយសំណល់ប្លាស្ទិកដល់ប្រទេសជិត៤០

(សៀមរាប)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា កម្ពុជានឹងបង្ហាញពីការអនុវត្តល្អៗជាច្រើនពាក់ព័ន្ធទៅនឹងការគ្រប់គ្រង ការបង្ហាញពីភាពជោគជ័យ និងការអនុវត្តកម្មវិធីមួយចំនួនក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក ក្នុងឱកាសធ្វើជាម្ចាស់ផ្ទះនៃវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពី 3R និងសេដ្ឋកិច្ចចក្រា (សេដ្ឋកិច្ចវិលជុំ)។

ឯកឧត្តម បានគូសបញ្ជាក់ដែរថា នេះជាលើកទី១ ហើយដែលក្រសួងបរិស្ថាន បានធ្វើជាម្ចាស់ផ្ទះនៃវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពី 3R និងសេដ្ឋកិច្ចចក្រា បន្ទាប់វេទិកានេះបានបង្កើតឡើងនៅឆ្នាំ២០០៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
សម្រាប់វេទិកាថ្នាក់តំបន់លើកទី១១ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះលើកទី១ លើទឹកដីនៃខេត្តសៀមរាប គឺចាប់ផ្តើមនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យឆ្ពោះទៅសម្រេចបាន សង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ដែលមានការចូលរួមពីគណៈប្រតិភូមកពី ៣៩ប្រទេស ដែលមានក្រសួងបរិស្ថានកម្ពុជា ក្រោមកិច្ចសហការពីក្រសួងបរិស្ថាន នៃប្រទេសជប៉ុន និងមជ្ឈមណ្ឌលសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍក្នុងតំបន់ ហៅកាត់ថា UNCRD។ បន្ថែមពីនេះ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងបរិស្ថាន រួមជាមួយអង្គការដៃគូបានអនុវត្តកម្មវិធីអង្ករប្លាស្ទិក នៅតាមដងទន្លេសាប ដែលចាប់ផ្តើមដំបូងនៅខេត្តសៀមរាប ក៏ជាឧទាហរណ៍មួយនឹងបង្ហាញនៅក្នុងកិច្ចប្រជុំពេញអង្គនៃវេទិការថ្នាក់តំបន់លើកទី១១ អាស៊ី និងប៉ាស៊ីហ្វិក ស្តីពី3R សេដ្ឋកិច្ចចក្រា ផងដែរ។

ការលើកឡើងនេះ របស់ឯកឧតត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មាន ស្តីពីការរៀបចំវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពី 3R និងសេដ្ឋកិច្ចចក្រា កាលសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ។

ឯកឧត្តម បានថ្លែងបញ្ជាក់ផងដែរថា សម្រាប់កម្ពុជា ធ្វើជាម្ចាស់ផ្ទះថ្នាក់តំបន់អាស៉ី និងប៉ាស៉ីហ្វិក ស្តីពី 3R និងសេដ្ឋកិច្ចចក្រា គឺពិតជាមានមោទនភាព សំខាន់បំផុត ហើយកម្ពុជានឹងបង្ហាញទៅដល់ប្រទេសជាមិត្តផ្សេងៗទៀត ដែលបានចូលរួមអំពីការអនុវត្តល្អៗជាច្រើន ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងទៅលើសំណ់ប្លាស្ទិក ហើយពិសេសជាងនេះទៅទៀត គឺការបង្ហាញពីភាពជោគជ័យ និងការអនុវត្តកម្មវិធីមួយចំនួន ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃវេទិកាថ្នាក់តំបន់នេះ ក៏នឹងបង្ហាញពីគោលនយោបាយសេដ្ឋកិច្ចចក្រា (សេដ្ឋកិច្ចវិលជុំ) ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានអនុម័ត ដែលផ្តោតសំខាន់ទៅលើការកែច្នៃ ទៅលើការរៀបចំនូវប្រព័ន្ធគ្រប់គ្រងសំណល់ និងការទាញផលពីសំណល់ដែលបានប្រើប្រាស់ជាដើម។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា សម្រាប់ការរៀបចំវេទិការនេះស្របតាមសំណើររបស់ប្រទេសជប៉ុន ដើម្បីធ្វើការកិច្ចសហប្រតិបត្តិការទូលំទូលាយលើការកម្ពស់គោលការណ៍ 3R គឺ R1 កាត់បន្ថយ R2 ប្រើប្រាស់ឡើងវិញ និង3R ការកែច្នៃឡើងវិញនូវក្នុងតំបន់អាស៊ី។ វេទិការនេះមាន សមាជិកមានរដ្ឋាភិបាល ទីភ្នាក់ងារអន្តរជាតិ វិស័យឯកជន អង្កការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត ។

សូមបញ្ជាក់ ថាការរៀបចំធ្វើជាម្ចាស់ផ្ទះនៃវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់កម្ពុជានេះ ដោយបានផ្តោតលើការកាត់ បន្ថយការប្រើប្លាស្ទិក ប្រើឡើងវិញនូវប្លាស្ទិក និងកែច្នៃយកមកប្រើប្រាស់នូវសំណល់ប្លាស្ទិក ហៅកាត់ថា «3R» និងសេដ្ឋកិច្ចចក្រា ចំពោះការកែច្នៃ និងការគ្រប់គ្រងសំណល់ប្លាស្ទិក ខណៈកំពុងជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក៕

ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner