នាយករដ្ឋមន្រ្តីអង់គ្លេសថា ខែក្រោយនេះ អង់គ្លេសនឹងបញ្ជូនរថក្រោះ Challenger 2 ដល់អ៊ុយក្រែន
ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា រថក្រោះប្រយុទ្ធ Challenger 2 នឹងត្រូវដាក់ពង្រាយនៅលើទឹកដីប្រទេសអ៊ុយក្រែននាខែក្រោយ។
លោក ស៊ូណាក់ បាននិយាយថា កងទ័ពអ៊ុយក្រែនដែលបានមកដល់កាលពីសប្តាហ៍មុន នឹងប្រើប្រាស់រថក្រោះ Challenger 2 ដើម្បីការពារទឹកដីអធិបតេយ្យភាពអ៊ុយក្រែននៅខែក្រោយនេះ។
លោកថា “គ្មានអ្វីត្រូវដកចេញពីលើតុទេ” ទាក់ទងនឹងការផ្តល់ជំនួយយោធាសម្រាប់អ៊ុយក្រែន ខណៈដែលលោក ហ្សេលេនស្គី បានបង្កើនការទាមទាររបស់គាត់សម្រាប់ជំនួយយោធា នៅមុនកិច្ចពិភាក្សាជាមួយមេដឹកនាំសហភាពអឺរ៉ុប។
លោក ស៊ូណាក់ បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ហ្សេលេនស្គី ដែលបានបញ្ជាក់ថា គាត់នឹងចូលរួមកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍នេះថា យន្តហោះចម្បាំងសម្រាប់អ៊ុយក្រែន គឺជា “ផ្នែកនៃការសន្ទនា”។
ទន្ទឹមគ្នា លោក ហ្សេលេនស្គី បានអរគុណដល់លោក ស៊ូណាក់ សម្រាប់ជំនួយរបស់អង់គ្លេស ហើយគាត់ក៏បានអំពាវនាវសុំជំនួយមីស៊ីលរយៈចម្ងាយឆ្ងាយផងដែរ។ លោក ហ្សេលេនស្គី បាននិយាយថា លុះត្រាតែអ៊ុយក្រែនទទួលបានយន្តហោះចម្បាំង ឬមីស៊ីលកាន់តែច្រើន និងគ្រាប់រំសេវបន្ថែមទៀត ទើបអាចស្តារស្ថានការណ៍ដែលជាប់គាំងបាន។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ទៀតថា មនុស្សទាំងនោះ (ជនជាតិរុស្ស៊ី) នឹងមករស់នៅលើទឹកដីរបស់យើង ហើយពួកគេនឹងបង្កហានិភ័យយ៉ាងខ្លាំងសម្រាប់ពិភពលោកទាំងមូល។
សូមបញ្ជាក់ថា ក្នុងអំឡុងការបំពេញទស្សនកិច្ចខាងលើនេះ មេដឹកនាំទាំងពីរក៏បានចុះសួរសុខទុក្ខកងទ័ពអ៊ុយក្រែន ដែលបច្ចុប្បន្នកំពុងទទួលការហ្វឹកហាត់នៅចក្រភពអង់គ្លេស ហើយថែមទាំងផ្តល់កត្តិយសបំពាក់មេដាយជូនដល់ពួកគេផងដែរ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា