ទិវារត់ប្រណាំងស្ត្រី ៨មីនា ត្រូវបានរៀបចំឡើងវិញ ក្រោយខកខានរយៈពេល ២ឆ្នាំ
ទិវារត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រ នឹងត្រូវប្រារព្ធនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ឡើងវិញ ក្រោយខកខាន២ឆ្នាំដោយវិបត្តិជំងឺកូវីដ-១៩ ក្រោមការរៀបចំពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិឡាយហ្វ៍។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការ NOCC ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC បានអំពាវនាវដល់មហាជនចូលរួមទិវារត់ប្រណាំងស្ត្រីនេះឲ្យបានច្រើន ដើម្បីចូលរួមលើកកម្ពស់ដល់សិទ្ធិស្មើភាព និងអានុភាពរបស់ស្ត្រី ក្នុងសកម្មភាពសង្គម។ ទិវារត់ប្រណាំនេះក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការរួមចំណែកផ្សព្វផ្សា និងអបអរសារទរនៃដំណើរឆ្ពោះទៅរបស់កម្ពុជាទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នាខែឧសភា-ខែមិថុនា ឆ្នាំ២០២៣ផងដែរ។
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា «ទិវារត់ប្រណាំងស្ត្រីនេះត្រូវបានធ្វើឡើង ដើម្បីជំរុញដល់ការលើកកម្ពស់សមភាពយេនឌ័រ ក៏ដូចជាកៀរគរឲ្យស្ត្រីចូលរួមក្នុងសកម្មភាពកីឡាឲ្យបានច្រើន ក្នុងពេលដែលកម្ពុជាកំពុងមញាញឹកក្នុងការត្រៀមខ្លួនឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ជាប្រវត្តិសាស្ត្រជាលើកដំបូងនេះ»។ ទិវានេះទទួលបានការសហការគាំទ្រពីសាលារាជធានីភ្នំពេញ ដោយទីកន្លែងចេញដំណើរ និងដល់ទី នៅបរិវេណមុខវត្តបទុមវតី ដោយត្រូវដំណើរការពីវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ លើវិញ្ញាសារត់១០គីឡូម៉ែត្រ និង៤គីឡូម៉ែត្រ។ ការរៀបចំចេញដំណើរនៅព្រឹកព្រលឹមនេះ គឺអាស្រ័យដោយមានការឯកភាពពីអាជ្ញាធររាជធានីភ្នំពេញ ដើម្បីសម្រួលដល់សន្តិសុខសណ្តាប់ធ្នាប់ចរារណ៍ដ៏មមាញឹក ដ៏ដូចជាផ្តល់ភាពកក់ក្តៅក្នុងការថែរក្សាសុខសុវត្ថិភាពជូនដល់អ្នករត់ប្រណាំងទាំងអស់ផងដែរ។
គិតត្រឹមថ្ងៃម្សិលមិញនេះ មានកីឡាករ កីឡាការិនីបានចុះឈ្មោះចូលរួមរត់ប្រណាំង ក្នុងទិវានេះបានជាង ១០០០នាក់ហើយ ខណៈឯកឧត្តមអគ្គលេខាធិការក៏បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ ដែលចូលរួមរត់ប្រណាំងសូមចូលរួមថែរក្សាបរិស្ថាន អនាម័យល្អ ក្នុងគុណតម្លៃនៃការអប់រំល្អ ដើម្បីជាគំរូល្អ សម្រាប់ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិផ្សេងៗទៀត ពីព្រោះថា កីឡាត្រូវបានធ្វើឡើងក្នុងគុណតម្លៃនៃការអប់រំ កីឡាបៃតង ពោលគឺការប្រារព្វទិវាកីឡា គឺជាបេសកកម្មក្នុងការលើកកម្ពស់ភាពស្អាត និងបៃតង។ អត្តពលិកទាំងអស់ គឺជាអ្នកនាំសារដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមក្នុងសកម្មភាពកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ក៏ដូចជានាំយកនូវការលើកកម្ពស់ស្ត្រី ក្នុងចលនាកីឡា ក៏ដូចជាសង្គមជាតិរបស់យើងបានគ្រប់ៗគ្នា។
លោក Loke Kah Meng អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ លើកឡើងថា យើងមានសេចក្តីរីករាយក្នុងការសហការជាមួយ NOCC ក្នុងការទិវារត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រក្រោមប្រធានបទ «ស្ត្រីក្នុងភាពជាអ្នកដឹកនាំ»។ ប្រជាពលរដ្ឋក៏អាចចូលរួមរត់កម្សាន្តសប្បាយជាលក្ខណៈគ្រួសារ មិត្តភ័ក្ត្រ សម្រាប់រយៈចង្ងាយ៤គីឡូម៉ែត្រ។ លោក Loke Kah Meng គូសបញ្ជាក់បន្ថែមថា សុវណ្ណាភូមិ ឡាយហ្វ៍ មានមោទនភាពក្នុងការគាំទ្រ និងលើកកម្ពស់ឱកាសស្មើៗគ្នានៅក្នុងសង្គមកម្ពុជា ដែលស្ត្រី និងបុរសអាចទទួលបានភាពជោគជ័យស្មើគ្នា ក្នុងអាជីព ពង្រីកសក្តានុពល តាមរយៈការចូលរួមកីឡានេះ៕
ចាន់ វិចិត្រ