គ្រីឃីតកម្ពុជាពង្រឹងសមត្ថភាពអត្តពលិកខ្លួនឈានទៅសម្រេចគោលដៅដណ្តើមមេដាយមាស៣គ្រឿងពីស៊ីហ្គេមឆ្នាំ២០២៣

ភ្នំពេញ៖ សហព័ន្ធកីឡាគ្រីឃីតកម្ពុជាបានដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីឈានទៅសម្រេចគោលដៅរបស់ខ្លួន គឺការឈ្នះមេដាយមាស៣គ្រឿងជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ដើម្បីស្រេចបានតាមផែនការនៃការចង្អុលបង្ហាញរបស់គណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សហព័ន្ធគ្រីឃីតកម្ពុជាដែលមានវិញ្ញាសាទាំងបុរស និងនារី បានបង្កើនការហ្វឹកហាត់យ៉ាងខ្លាំង ក្នុងនោះក៏មានការប្រកួតជាលក្ខណៈមិត្តភាពកម្តៅសាច់ដុំជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជាការពង្រឹងបច្ចេកទេស និងដកស្រង់បទពិសោធន៍មុនស៊ីហ្គេមចូលមកដល់ ដើម្បីជាការត្រៀមលក្ខណៈឲ្យកាន់តែប្រសើរ។

លោក មេន នីសសាម៉ា(Manish Sharma)នាយកប្រតិបត្តិ សហព័ន្ធកីឡាគ្រីឃីតកម្ពុជា បានបញ្ជាក់ថា នេះជាជំនួបមិត្តភាពអន្តរជាតិលើកទី២ហើយ សម្រាប់កីឡាការិនីគ្រីឃីតកម្ពុជា ដោយលើកទី១ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២២ ប៉ះប្រទេសហ្វីលីពីនកម្ពុជាយកឈ្នះហ្វីលីពីន ហើយ ជំនួបទី២ប៉ះប្រទេសសង្ហបុរីនេះ ក្រុមកម្ពុជាក៍នឹងធ្វើឲ្យបានល្អដូចប្រកួតជាមួយប្រទេសហ្វីលីពីនកាលពីកន្លងទៅដែរ។ នាយកប្រតិបត្តិសហព័ន្ធកីឡាគ្រីឃីរូបនេះ បានលើកឡើងទៀតថា ការជួបប្រកួតគ្នារវាងកម្ពុជាសង្ហបុរីនេះ គឺបាននុលោមទៅតាមការចុះអនុសារណៈយោគយល់គ្នារវាងសមាគមន៍គ្រីឃីតប្រទេសសង្ហបុរី ជាមួយនិងសមាគមន៍កីឡាគ្រីឃីតកម្ពុជា គឺក្រុមទាំងពីនឹងមានការប្រកួតមិត្តភាពផ្លាស់ប្តូរបច្ចេកទេសជាមួយគ្នារយៈពេល៥ឆ្នាំ។ជាក់ស្តែងការប្រកួតមិត្តមិត្តអន្តរជាតិនេះ ក៏ជាឱកាសពង្រឹងសមត្ថភាពក្រុមប្រទេសទាំងពីរ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ នាយកប្រតិបត្តិខាងលើ បានបញ្ជាក់ទៀតថា នៅក្នុងការប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អត្តពលិកកីឡាគ្រីឃីតកម្ពុជា ប្តេជ្ញាចិត្ត ដណ្តើមឲ្យបានមេដាយមាសជូនកម្ពុជា៣គ្រឿង តាមការដាក់ចេញពីគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោក ស្រី តូ លីឆេង(TEO LAY Cheng)ឯកអគ្គរដ្ឋទូត សាធារណរដ្ឋសង្ហបុរី បានមានប្រសាសន៍ថា ការជួបគ្នាក្នុងជំនួបមិត្តភាពអន្តរជាតិរវាងកីឡាការិនីកម្ពុជានិង សង្ហបុរីនាពេលនេះ បានបង្ហាញពីចំណងមិត្តភាព និងសាមគ្គីភាព ហើយ ក៏ជាការប្រកួតមួយដែលធ្វើឡើង ដើម្បីពង្រឹងបច្ចេទេសរបស់កីឡាការិនីប្រទេសសង្ហបុរី សម្រាប់ត្រៀមចូលរួមប្រជែងដណ្តើមមេដាយនៅស៊ីហ្គេម ក្នុងប្រទេសកម្ពុជាពេលពេលខាងមុខនេះផងដែរ។ លោក ស្រី ឯកអគ្គរដ្ឋទូត អះអាងទៀតថា ការប្រកួតនេះ ក្រុមប្រទេសទាំងពីរ នឹងមើលឃើញពីចំណុចខ្វះខាតរៀងៗខ្លួន ដើម្បីឈានទៅកែតម្រូវចំពោះចំណុចខ្វះខាតដែលជាចន្លោះប្រហោងក្នុងការត្រៀមលក្ខណៈឲ្យល្អប្រសើរ សម្រាប់ប្រជែងដណ្តើមមេដាយជូនប្រទេសរៀងៗខ្លួន។ លោក ស្រី ឯកអគ្គរដ្ឋទូត សង្ឈឹមជឿជាក់ថា ក្រុមគ្រីឃីតប្រទេសទាំងពីរ នឹងក្លាយជាក្រុមដែលខ្លាំងនិងលេងបានល្អនៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅលើទឹកដីប្រទេសកម្ពុជាដូចគ្នា។

សូមបញ្ជាក់ថា រវាងគ្រីឃីតកម្ពុជា និង សង្ហបុរី បានចុះអនុស្សារណៈយោគយល់ជាមួយគ្នារយៈពេល៥ឆ្នាំ នៅក្នុងអំឡុងនៃសពលភាពអនុស្សារណៈនេះ ក្រុមទាំងពីរ និងរៀបចំការប្រកួតមិត្តភាពអន្តរជាតិនៅទឹកដីកម្ពុជា និងនៅទឹកដីប្រទេសសង្ហបុរី ក្រៅពីការប្រកួតក៏មានការនាំយកកីឡាករវ័យក្មេងរបស់កម្ពុជាទៅហ្វឹកហាត់បន្ថែមនៅប្រទេសសង្ហបុរីផងដែរ៕

អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner