រដ្ឋមន្ត្រីក្រសួងផែនការ ៖ ការធ្វើជំរឿនកសិកម្ម គឺពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូល ក្នុងការរៀបចំធ្វើគោលនយោបាយអភិវឌ្ឍន៍ វិស័យកសិកម្ម សេដ្ឋកិច្ច បរិស្ថាន សង្គម ការប្រែប្រួលអាកាសធាតុ និង សុខុមាលភាពប្រជាជន

ភ្នំពេញ ៖ ខណៈអញ្ជើញបើកសិក្ខាសាលាភាគីពាក់ព័ន្ធ ស្តីពី ការអនុវត្តជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០២៣ រដ្ឋមន្ត្រី ក្រសួងផែនការ ថ្លែងថា ការធ្វើជំរឿនកសិកម្ម គឺពិតជាមានសារៈសំខាន់បំផុតដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូលដ៏សំខាន់បំផុត ក្នុងការរៀបចំធ្វើគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម សេដ្ឋកិច្ច បរិស្ថាន សង្គម ការប្រែប្រួលអាកាសធាតុ និង សុខុមាលភាពរបស់ប្រជាជនកម្ពុជា ហើយនិងជាសូចនាករយ៉ាងសំខាន់សម្រាប់ត្រួតពិនិត្យ តាម ដានវាយតម្លៃលើកម្មវិធីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រនៃការលុបបំបាត់ភាពក្រីក្រ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា(CSDGs) ឆ្នាំ២០១៦-២០៣០ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនកសិកម្មនៅកម្ពុជាឆ្នាំ២០២៣ បន្តថា ការងារជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០២៣ គឺត្រូវបានអនុញ្ញាតឱ្យធ្វើជាលើកទីពីរ បន្ទាប់ពីបានធ្វើជំរឿនកសិកម្មលើកទីមួយនៅឆ្នាំ២០១៣ និងអង្កេតពាក់កណ្ដាល ជំរឿននៅឆ្នាំ២០១៩ និងអង្កេតកសិកម្មជាប្រចាំឆ្នាំ២០២០-២០២១ និងឆ្នាំ២០២២ ដែល ឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ អង្គការស្បៀង និងកសិកម្មនៃអង្គការ សហប្រជាជាតិ (FAO) និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តកន្លងមក ប្រកប ដោយជោគជ័យ ។

ឯកឧត្តម រដ្ឋមន្រ្តី បន្តទៀតថា តាមរយៈកំណើនប្រជាសាស្ត្រនេះផងដែរ សេដ្ឋកិច្ចកម្ពុជា ក៏ហាក់មានសន្ទុះងើបឡើងវិញ ដោយសម្រេចបានកំណើនសេដ្ឋកិច្ចប្រមាណជាង ៣% នៅឆ្នាំ២០២១ នឹងរំពឹងថាមានកំណើន ៥៦% នៅឆ្នាំ២០២២ បន្ទាប់ពីបានទទួលរងផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ១៩ ដែលបានធ្វើឱ្យមានការថយចុះកំណើនសេដ្ឋកិច្ចដកបីភាគរយ (-៣%) នៅឆ្នាំ២០២០។ ការស្តារសេដ្ឋកិច្ចងើបឡើងវិញដ៏ឆាប់រហ័ស ដោយសារការធ្វើសមាហរណ៍កម្ម និងពិពិធកម្មសេដ្ឋកិច្ចទៅ ក្នុងតំបន់ និងពិភពលោក កាន់តែមានភាពសកម្មភាពពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមម្លប់ សន្តិភាព ដែលបានមកពីការដឹកនាំប្រកបដោយកិត្តិបណ្ឌិត ឈ្លាសវៃប៉ិនប្រសព្វរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានធ្វើ ឱ្យកម្ពុជានៅតែអាចរក្សាបានកំណើនសេដ្ឋកិច្ច នឹងឈានទៅសម្រេចគោលដៅ ជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងបន្តសម្រេចបាននូវគោលដៅ ជាប្រទេសមានចំណូល ខ្ពស់ នៅឆ្នាំ២០៥០។

តាមរយៈសិក្ខាសាលាថ្ងៃនេះ ឯកឧត្តម
ទេសរដ្ឋមន្រ្តី ឆាយ ថន សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលបន្ថែម សម្រាប់ក លម្អរ ក្នុងដំណើរការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៣ ឱ្យកាន់តែមានគុណភាពល្អប្រសើរថែមទៀតហើយឯកឧត្តមសង្ឃឹមផងដែរថា រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍនានា នឹងបន្តចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និង ហិរញ្ញវត្ថុ សម្រាប់សហប្រតិបត្តិការអនុវត្តការងារជំរឿនកសិកម្មនៅកម្ពុជាឱ្យទទួលបានជោគជ័យ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner