អភិបាលខេត្ត៖ អ្នកវិនិយោគជាច្រើន នៅតែដាក់គោលដៅវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ

ភ្នំពេញ: ខេត្តកំពង់ស្ពឺ ក្លាយទៅជាគោលដៅវិនិយោគដ៏មានសក្តានុពល ហើយក៏បានជួយឱ្យជីវភាពរបស់អ្នកខេត្តកំពង់ស្ពឺ បានល្អប្រសើរ ប្រែមុខមាត់ថ្មី ជាពិសេសគេចផុតពីដំណៀលកាលពីអតីតកាលថា ជាអ្នកក្រខ្សត់ និងអត់ចំណេះដឹងជាដើម។ នេះបើតាមការ លើកឡើង របស់ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកំពង់ស្ពឺ កាលព្រឹកថ្ងៃទី៩ ខែកុម្ភៈ។

នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ មានអ្នកវិនិយោគជាច្រើនបាននិងកំពុងដាក់គោលដៅវិនិយោគដោយក្នុងនោះមានរោងចក្រមួយចំនួនកំពុងបន្តបើកទ្វារទទួលរើសកម្មករ កម្មការិនីបន្ថែមទៀតឱ្យចូលធ្វើការ ហើយស្របពេលដែលរោងចក្របន្តបើកទ្វារនេះដែររដ្ឋបាលខេត្តកំពុងជួបនូវវិបត្តិកង្វះកម្មករដើម្បីបំពេញតម្រូវការងារដោយក្នុងនោះខេត្តកំពុងប្រកាសរកកម្មករប្រមាណជាងមួយម៉ឺននាក់បន្ថែមទៀត។
ខណៈដែលប្រទេសមួយចំនួនកំពុងជួបវិបត្តិកូវីដ១៩ ធ្វើឱ្យប្រទេសខ្លះបានផ្អាកដំណើរការសក ម្មភាពផលិតនានា និងប្រទេសខ្លះទៀតកំពុងជួបវិបត្តិសង្រ្គាម ។ប៉ុន្តែកម្ពុជានៅតែមានស្ថានភាពល្អ និងមានកំណើនវិនិយោគនៅក្នុងប្រទេសគួរឱ្យកត់សម្គាល់ ខណៈបញ្ហានេះក៏មិនបានជះឥទ្ធិពលដល់ខេត្តកំពង់ស្ពឺនោះឡើយ។
ឯកឧត្តម វ៉ី សំណាង បានលើកឡើងដែរថា កំណើនក្រុមហ៊ុនវិនិយោគនៅកម្ពុជា គឺកើតឡើងដោយសារកត្តាធំៗ៣ គឺកត្តាសន្តិភាព និងកត្តាសុខសុវត្ថិភាពរបស់ខេត្ត និងទី៣ កម្លាំងពលកម្មរបស់ខេត្តមានគុណភាព រួមជាមួយនឹងការលើកទឹកចិត្តមួយចំនួន បានធ្វើឱ្យមានការទាក់ទាញវិនិយោគទុនមកខេត្តកំពង់ស្ពឺជាច្រើន។

លើសពីនេះទៀត លោកបន្តដូច្នេះថា ៖ «អ្នកវិនិយោគគាត់ហ៊ានមករកទទួលទាននៅខេត្តកំពង់ស្ពឺ យ៉ាងច្រើន ជាក់ស្តែងកាលថ្ងៃទី៨ ខែកុម្ភៈ ទើបតែទទួលគម្រោងថ្មីពី CDC ទៀត ទាំងនេះកើតឡើងដោយសារតែ សន្តិភាព សុខសុវត្ថិភាពដែលធានាការពារដោយអាជ្ញាធរខេត្ត និងដោយសារ បងប្អូនកម្មករសុទ្ធតែខិតខំប្រឹងប្រែងធ្វើការងារនិងស្មោះត្រង់ ចឹងទោះបីប្រឈមនឹងជំងឺកូវីដក៏ដោយ ក៏ខេត្តនៅតែទទួលានគម្រោងវិនិយោគជាបន្តបន្ទាប់ ហើយធ្វើ GDP របស់ពលរដ្ឋម្នាក់មានរហូតជាង១៨០០ដុល្លារ»។

ឯកឧត្តម វ៉ី សំណាង បានសង្កត់ធ្ងន់ដែរថា ខេត្តកំពង់ស្ពឺមានការរីកចម្រើនខ្លាំងផ្នែករោងចក្រ សហគ្រាស ដែលបច្ចុប្បន្នគិតសរុបមានចំនួន ដល់ទៅ៣៨៣កន្លែង ហើយមានកម្មករ និយោជិតសរុប ១៥៥ ៧៦១នាក់ (ស្រី ១១៥ ៥២២នាក់) ដែលអាចនិយាយបានថា ក្នុងចំណោមអ្នកដែលធ្វើការក្នុងរោងចក្រមានប្រមាណ ៩០ភាគរយជាស្រ្តី។
ក្នុងនោះវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង លោកថា មានចំនួន ១៨៩កន្លែង មានកម្មករនិយោជិតសរុប ១៤៥ ៣៩៩នាក់ (ស្រី ១១០,៨៤៣នាក់)។ ជាមួយគ្នានេះ ក៏មានរោងចក្រធុនធំចំនួន ២២៩ មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៣២ ៥០៣ នាក់ ក្នុងនោះស្រី្តចំនួន ១០២ ៨៨៥នាក់ ដោយប្រើប្រាស់ទុនវិនិយោគសរុបជាង ១ ៧១៤ លានដុល្លាអាមេរិក។
ដោយឡែក រោងចក្រធុនតូច និងមធ្យម និងសិប្បកម្មវិញ ឯកឧត្តមថា មានចំនួន ១ ១៣០ មូលដ្ឋាន មានទុនវិនិយោគចំនួនជាង ២៦ លានដុល្លា ដែលប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៤ ៦២០នាក់ (ស្រីចំនួន ៧.៧០០នាក់)។

ពាក់ព័ន្ធនឹងសក្តានុពលវិនិយោគខេត្តកំពង់ស្ពឺនេះដែរ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong បានលើកឡើងថា ខេត្តកំពង់ស្ពឺនឹងក្លាយជាទីយុទ្ធសាស្រ្តដ៏សំខាន់ដែលនឹងទាក់ទាញគម្រោងវិនិយោគរោងចក្រឧស្សាហកម្មច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ។

ឯកឧត្តមថា លទ្ធភាពនៃការរីកធំធាត់ទីក្រុងភ្នំពេញ ដែលនឹងជំរុញដល់ការវិនិយោគគម្រោងរោងចក្រឧស្សាហកម្មកាន់តែច្រើន បោះទីតាំងវិនិយោគក្នុងតំបន់សំខាន់ៗដូចជាតំបន់ផ្លូវ៤៤ និងផ្លូវ៤១ និង ផ្លូវជាតិលេខ៤ក្នុងខេត្តកំពង់ស្ពឺ ខណៈទីតាំងទាំងនេះស្ថិតនៅចន្លោះប៉ូលសេដ្ឋកិច្ចពីរគឺខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដែលបង្កភាពងាយស្រួល និងផ្តល់ចំណេញដល់ការដឹកជញ្ចូន។

ជាងនេះទៀត អ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យរូបនេះ បានអះអាងទៀតថា ៖ «ការរីកចម្រើនវិស័យឧស្សាហកម្មនៅខេត្តកំពង់ស្ពឺ ក៏បានរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយកំណើននៃការវិនិយោគវិស័យនេះកំពុងបង្កើនសក្តានុពល និងតម្រូវការកាន់តែច្រើនសម្រាប់ទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅកម្ពុជាផងដែរ»។
យោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រយៈពេលប្រាំឆ្នាំចុងក្រោយនេះដែលគិតត្រឹមឆ្នាំ២០២១ វិស័យកាត់ដេរបានស្រូបយកទុនវិនិយោគប្រមាណជាង ៧ពាន់លានដុល្លារ ស្មើនឹង១៧ ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ហើយប្រជាជនកម្ពុជាចន្លោះពី ២ ទៅ ៣លាននាក់ កំពុងអាស្រ័យផលទាំងដោយផ្ទាល់ និងប្រយោលពីការរីកចម្រើននៃវិស័យនេះ។

គួរបញ្ជាក់ដែរថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺមានគម្រោងវិនិយោគអភិវឌ្ឍន៍សរុបចំនួន ៣៦គម្រោងត្រូវបានអនុវត្ត ដែលចំណាយថវិកាសរុបជិត ១០ លានដុល្លារអាមេរិក គម្រោងក្រុង ស្រុកចំនួន ៦៨គម្រោង ចំណាយថវិកាសរុបជាង១,២ លានដុល្លារអាមេរិក និងគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ បានចំនួន ៤៤៨គម្រោង ចំណាយថវិកាជិត ២០លានដុល្លារ៕
ដោយ:សែម ពិសី

ads banner