មនុស្សរាប់ម៉ឺននាក់តវ៉ាប្រឆាំងនឹងប្រព័ន្ធសុខាភិបាលយ៉ាប់យ៉ឺន នៅប្រទេសអេស្ប៉ាញ

ម៉ាទ្រីដ៖ ការតវ៉ាដ៏ធំទាមទារឲ្យមាន ការថែទាំសុខភាពសាធារណៈ ល្អប្រសើរឡើងវិញ បានផ្ទុះឡើង នៅក្នុងរាជធានីម៉ាឌ្រីដ នៃប្រទេសអេស្ប៉ាញ។ មនុស្សជាង ២៥ម៉ឺននាក់បានធ្វើបាតុកម្ម កាលពីថ្ងៃអាទិត្យ នៅក្នុងទីក្រុងម៉ាឌ្រីដ ដើម្បីគាំទ្រឲ្យមានសេវាសុខភាពសាធារណៈល្អប្រសើរនៅប្រទេសអេស្ប៉ាញ ដែលកំពុងមានការខ្វះខាតធនធានបុគ្គលិក និងឧបករណ៍ ផ្នែកវេជ្ជសាស្ត្រនេះ។

ប្រព័ន្ធថែទាំបឋម នៅក្នុងតំបន់នៃរាជធានី ម៉ាឌ្រីដ (Madrid) បានរងសម្ពាធអស់ជាច្រើនឆ្នាំ ដោយសារកង្វះធនធាន ដូច្នេះ ការដែលមនុស្សងាកទៅរកផ្នែកសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ គឺកាន់តែខ្លាំងឡើង ជាមួយនឹងភាពច្រើនលើសលប់នៃអ្នកជំងឺនៅក្នុងស្ថានភាពមួយ ដែលត្រូវបានគេឃើញ នៅក្នុងតំបន់មួយចំនួនផ្សេងៗទៀត ក្រៅពីក្រុងម៉ាឌ្រីដ ផងដែរ។

ក្រុមបាតុករមួយចំនួនបានវាយស្គរ និងផ្លុំកញ្ចែនៅទូទាំងរាជធានីម៉ាឌ្រីដ មុនពេលប្រមូលផ្តុំគ្នានៅសាលាក្រុង ហើយអ្នកខ្លះទៀត កាត់បដាតវ៉ា ដោយបាននិយាយថា “សុខភាពមិនមែនសម្រាប់លក់ទេ” ។

អ្នករៀបចំបាតុកម្មបានអះអាងថា មនុស្សជិតមួយលាននាក់បានចូលរួមបាតុកម្មដើម្បីទាមទារឱ្យរដ្ឋាភិបាលក្នុងតំបន់ ដែលត្រូវបានចោទប្រកាន់ពីបទផ្តល់អាទិភាពដល់សុខភាពឯកជន និងទាមទារឲ្យដាក់ធនធានបន្ថែមទៀត ទៅក្នុងប្រព័ន្ធសាធារណៈ។ យ៉ាងណាក៏ដោយ ក្រុមមន្ត្រីបាននិយាយថា មនុស្ស ២៥ម៉ឺននាក់បានចេញមកធ្វើការតវ៉ា។

អ្នកស្រុកម៉ាឌ្រីដម្នាក់ ឈ្មោះ អាណា សានតាម៉ារៀល (Ana Santamaria) បានប្រាប់ AFP ថា៖ «នៅប្រទេសអេស្ប៉ាញ ប្រព័ន្ធសុខភាពសាធារណៈធ្លាប់ល្អណាស់។ “ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាពិតជាកាន់តែយ៉ាប់យ៉ឺន ជាពិសេស ចាប់តាំងពីជំងឺរាតត្បាត”៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner