សិក្ខាកាមជំនាញការការពារបុរាណដ្ឋាន បានចុះអនុវត្តផ្ទាល់លើតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ នៅស្រុកព្រំដែនកម្ពុជា ថៃ នៃខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សិក្ខាកាមវគ្គបណ្ដុះបណ្ដាលលើកិច្ចការពារបុរាណដ្ឋាន ខូចខ្ទេចខ្ទាំដោយការលួចបំផ្លាញ បានចុះអនុវត្តផ្ទាល់ លើតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ នៅស្រុកថ្មួកព្រំដែនកម្ពុជាថៃ នៃខេត្តបន្ទាយមានជ័យ ។

លោក ហេង កំសាន្ត អគ្គនាយករងបេតិក្កភណ្ឌនៃក្រសួងវប្បធម៌វិចិត្រសិល្បៈ បានឲ្យដឹងពីសិក្ខាកាមវគ្គបណ្ដុះបណ្ដាលជំនាញត្រួតពិនិត្យបំណែកវត្ថុបុរាណ និងកិច្ចការពារបុរាណដ្ឋាន រួមមាន វត្ថុបុរាណ ប្រាសាទ ទួលសពបុរាណជាដើម ។ សិក្ខាសាលានេះក៏បានជួយឲ្យពួកគាត់ មានចំណេះដឹងបន្ថែមលើផលប៉ះពាល់ខ្ទេចខ្ទាំ វត្ថុបុរាណ និងការអង្កេតស្រាវជ្រាវយ៉ាងលំអិតច្បាស់លាស់ចងក្រងឯកសារដើម្បីដាក់បន្ទុកផ្លូវច្បាប់ដល់ជនលួចបំផ្លាញ វត្ថុបុរាណពោល គឺបុរាណដ្ឋានដែលជាសម្បត្តិបេតិក្កភណ្ឌជាតិ ។

លោកអគ្គនាយករងបេតិក្កភណ្ឌ បានឲ្យដឹងទៀតថា សិក្ខាកាមវគ្គបណ្ដុះបណ្ដាលនេះមកពី២៥ រាជធានី ខេត្ត ដែលជាមន្ត្រីបេតិក្កភ័ណ្ឌ អាជ្ញាធរអប្សរា ខាងបរិស្ថាន អង្គភាពសាខាគយនិងរដ្ឋាករ នគរបាលការពារបេត្តិកភ័ណ ។ ហើយសិក្ខាសាលាប្រព្រឹត្តទៅរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០២៣ បានធ្វើឡើងនៅរាជធានីភ្នំពេញ ដោយសិក្សាទ្រឹស្តី រួចចុះអនុវត្តជាក់ស្ដែង នៅតំបន់បុរាណដ្ឋាន ។ ក្នុងនោះសម្រាប់វគ្គបណ្ដុះបណ្ដាលលើកនេះបានយកទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទបន្ទាយឆ្មារ ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ព្រំដែនកម្ពុជាថៃ នាខេត្តបន្ទាយមានជ័យ។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងថា ខេត្តបន្ទាយមានជ័យមានបុរាណដ្ឋានប្រវត្តិសាស្ត្រ ត្រូវបានធ្វើការជួសជុលឡើងវិញហើយបានថែរក្សានូវអត្តសញាណព្រលឹងជាតិនេះទុកបន្តដល់អ្នកជំនាន់ក្រោយ។

ចំណែកឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌វិចិត្រសិល្បៈ បញ្ជាក់ក្នុងឱកាសបិទសិក្ខាសាលានៅថ្ងៃចុះអនុវត្តផ្ទាល់ នេះថា ប្រទេសយើងមានសន្តិភាព ទើបមានឱកាសធ្វើការជួសជុល ថែរក្សា បាននូវ សម្បត្តិវប្បធម៌ជាតិ ឡើងវិញ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ហើយមានការចូលរួម កិច្ចសហការ ពីមន្ត្រីជំនាញ និងប្រទេសជិតខាង ហើយនិងសហរដ្ឋអាមេរិកផងដែរ។
ដោយគៀន ច័ន្ទហ៊ីន ៕

ads banner