នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ ចុះហត្ថលេខាជាប្រវត្តិសាស្ត្របំបាត់បញ្ហាជម្លោះខ្សែបន្ទាត់ព្រំដែន​ (Video Inside)

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាកំពុងបំពេញទស្សនកិច្ច៣ថ្ងៃក្នុងប្រទេសឡាវ ដែលមន្ត្រីរាជរដ្ឋាភិបាលបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតដែលបើកនូវទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសទាំង២លើគ្រប់វិស័យ។

ដំណើរទស្សនកិច្ចនេះ នឹងមានការចុះហត្ថលេខាលើឯកសារសំខាន់មួយចំនួន ពាក់ព័ន្ធនឹងបញ្ហាព្រំដែន និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២។

កម្ពុជានិងឡាវមានទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៥៦ ហើយនៅក្នុងឆ្នាំ២០១៩ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឡាវ ត្រូវបានលើកកម្ពស់ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

រដ្ឋមន្ត្រីអមគណៈប្រតិភូលោក ស៊្រី ថាមរង្គ បានថ្លែងរៀបរាប់ជុំវិញគម្រោង ដំណើរទស្សនកិច្ច របស់សម្តេចដែលនឹងត្រូវមានកម្មវិធីក្នុងរយៈពេល២ថ្ងៃក្នុងប្រទេសឡាវ រវាងពីថ្ងៃទី១៣ ដល់ ១៤កុម្ភៈឆ្នាំ២០២៣។

មន្ត្រីកម្ពុជាថ្លែងទៀតថានៅក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសឡាវនោះក៏ នឹងមានការចុះហត្ថលេខាលើឯកសារចំនួន២សំខាន់ ដែលក្នុងនោះគឺជាឯកសារសកម្មភាពសម្រាប់អនុវត្តក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២ និងឯកសារមួយទៀតស្តីពីឯកសារ នៃសន្ធិសញ្ញាកំណត់ព្រំដែនរវាងប្រទេសទាំង២។

កម្ពុជា និងឡាវមានខ្សែបន្ទាត់ព្រំដែនរួមគ្នាប្រវែង ៥៤០គីឡូម៉ែត្រដែលត្រូវបោះបង្គោលព្រំដែនចំនួន១៤៥បង្គោល។ ភាគីទាំងពីរទើបបានសម្រេចការបោះបង្គោលព្រំដែន ចំនួន១២១ បង្គោលដែលស្មើនឹង៨៦% ។

សម្តេចតេជោ និងគណៈប្រតិភូនឹងអញ្ជើញវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១៤កុម្ភៈឆ្នាំ២០២៣ ។

ads banner