សម្ដេចតេជោ ហ៊ុន សែន ទុកពេលឱ្យបុគ្គលិក VOD ដែលចង់ចូលធ្វើការក្នុងក្របខណ្ឌរដ្ឋ អាចដាក់ពាក្យត្រឹមថ្ងៃទី២៨ កុម្ភៈ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេចនៅយប់ថ្ងៃទី១៧ កុម្ភៈ ដោយទុកពេលឱ្យបុគ្គលិក VOD ដែលចង់ចូលធ្វើការក្នុងក្របខណ្ឌរដ្ឋអាចដាក់ពាក្យត្រឹមថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរលើបណ្ដាញសង្គមដូច្នេះថា៖ កាលពីថ្ងៃ១៤ កុម្ភៈ ២០២៣ ខ្ញុំបានប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋជូនបុគ្គលិកវិទ្យុវីអូឌី ដែលបានបាត់បងការងារធ្វើ។
សម្ដេចបន្តថា គិតត្រឹមល្ងាចថ្ងៃ១៧ កុម្ភៈ ២០២៣ មានបុគ្គលិក៨រូប បានមកដាក់ពាក្យសុំចូលធ្វើការ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីបញ្ចប់ការងារនេះ ខ្ញុំសូមកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង ១៧.០០នាទី ថ្ងៃ២៨ កុម្ភៈ ២០២៣។
សម្ដេចសូមបញ្ជាក់សារជាថ្មីថា វិទ្យុវីអូឌី គ្មានថ្ងៃរស់ឡើងវិញឡើយ និងខ្ញុំសូមអរគុណចំពោះអ្នកបង្ហោះសារថា បងប្អូនមួយចំនួន មិនចូលមកធ្វើការរដ្ឋទេ សុខចិត្តធ្វើស្រែ និងឡើងត្នោត។ សូមជូនពរឲ្យអ្នកទាំងអស់នោះ រកការងារបានធ្វើដើម្បីចិញ្ចឹមជិវិត។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី លើកឡើងថា ក្របខ័ណរដ្ឋនៅពេលនេះ ត្រូវមានការប្រឡងយ៉ាងតឹងតែង ទើបអាចចូលបាន ប្រសិនបងប្អូន មិនទទួលយកដោយមិនបាច់ប្រឡង ខ្ញុំពិតជាមានការអរគុណ។
សម្ដេច ថា ពួកអាក្រក់ មិនបាច់បង្ហោះសារឌឺដងដាក់ខ្ញុំទេ ព្រោះខ្ញុំ នឹងរុញទូកបណ្តោយទឹកដើម្បីឲ្យពួកអ្នក ដឹងពីរបៀបដែលខ្ញុំគិត និងធ្វើការ ។
សូមរំលឹកថា នៅព្រឹកថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសសម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់សារព័ត៌មាន VOD បន្ទាប់ពីសារព័ត៌មាននេះ ផ្សាយបំភ្លៃថា ឯកឧត្តម ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាជំនួស សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ជំនួយទៅប្រទេសតួកគី ៕ ដោយ :វណ្ណលុក
