សមាគមស្វាយចន្ទី ស្នើពន្លឿនការអនុវត្តគោលនយោបាយស្វាយចន្ទី

អត្ថបទដោយ៖
CPA

ភ្នំពេញ:
សមាគមស្វាយចន្ទីកម្ពុជា បានស្នើអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការអនុវត្តគោលនយោបាយជាតិស្វាយចន្ទីឱ្យបានឆាប់ ខណៈបញ្ហាអាកាសធាតុមិនអំណោយផល ដូចការព្យាករណ៍កាលពីដើមឆ្នាំ ដែលនឹងធ្វើឱ្យទិន្នផលស្វាយចន្ទី មិនទំនងជាប្រសើរជាងឆ្នាំ ២០២២ ឡើយ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក)បានប្រាប់ឱ្យដឹងថា អាកាសធាតុមិនអំណោយផល ដូចការព្យាករណ៍នោះទេកាលពីដើមឆ្នាំ២០២៣ នោះទេ ដោយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មេឃមិនអំណោយផល ដោយមានភ្លៀងធ្លាក់ដោយអន្លើៗ ធ្វើឲ្យចន្ទីគាំងក្តឹប ខូចផ្កា។ ដូចនេះសមាគម សូមទម្លាក់ការព្យាករណ៍ទិន្នផលចន្លោះ ៥០ម៉ឺនតោន ទៅ ៧០ម៉ឺនតោន នាឆ្នាំ២០២៣ នេះ ។
លោកបានបន្ថែមថា អាកាសធាតុមិនអំណោយផល នោះគឺដោយសារអាកាសធាតុត្រជាក់អូសបន្លាយ ភ្លៀងច្រើនដោយអន្លើ (អំឡុងខែមករា- កុម្ភៈ) មេឃអួរអាប់ខ្លាំង ធ្វើឲ្យចន្ទីគាំងក្តឹប ដែលធ្វើឱ្យសមាគមមានការបារម្ភថាកសិករនឹងបន្តកាប់ស្វាយចន្ទីចោលបន្ថែមទៀត។
លោក អួន ស៊ីឡុត បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «តម្លៃឆ្នាំនេះល្អនាដើមរដូវប្រមូលផលដោយសារផលិតបានតិច តម្លៃចន្លោះពី ៥០០០រៀល ទៅ ៦២០០រៀល សម្រាប់គ្រាប់ស្រស់។ មិនដឹងទៅថ្ងៃមុខយ៉ាងណាទេ គ្រាប់សើម ស.ស.ក មិនអាចជួយបាន ស.ស.ក ជួយបានតែគ្រាប់ស្ងួត។ ខាងខ្ញុំមិនទាន់ឃើញចំណាត់ការជាក់លាក់ណាមួយចេញដោយអាជ្ញាធរពាក់ព័ន្ធដោយអនុលោមតាមគោលនយោបាយជាតិស្តីពីចន្ទីនៅឡើយទេ។ យើ ង ចង់ឲ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការអនុវត្តគោលនយោបាយជាតិស្វាយចន្ទី ឱ្យបានឆាប់»។

លោក ប៉ែន ប៉ោសេង ប្រធានសមាគមស្វាយចន្ទីខេត្តកំពងឆ្នាំង បានឱ្យដឹងថា ការដាំដុះស្វាយចន្ទីនៅឆ្នាំនេះ ហាក់ប្រសើរជាងឆ្នាំ២០២២បន្តិច ប៉ុន្តែអាកាសធាតុនៅតែជាបញ្ហា ដែលអាចធ្វើឱ្យការប្រមូលផលស្វាយចន្ទីឆ្នាំនេះ មិនសូវជាប្រសើរជាងឆ្នាំមុនប៉ុន្មាននោះទេ»។

លោកបានឱ្យដឹងទៀតថា មេឃត្រជាក់ មិនអំណោយផលដល់ដំណាំស្វាយចន្ទីនោះទេ ព្រោះស្វាយចន្ទីត្រូវការអាកាសធាតុក្តៅ ទើបលូតលាស់បានល្អ ប៉ុន្តែអាកាសធាតុត្រជាក់ លាយឡំនឹងមានភ្លៀងធ្លាក់ផងនោះ នឹងធ្វើឱ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះ។ តែយ៉ាងណាមិញ នៅមិនទាន់អាចព្យាករណ៍បានជាក់លាក់នៅឡើយទេ ព្រោះវាអាស្រ័យទៅលើពូជដែលកសិករដាំដុះ និងអាកាសធាតុនាពេលខាងមុខទៀត ។

លោក ប៉ែន ប៉ោសេង បានបញ្ជាក់ ថា ៖ «នៅក្នុងឆ្នាំ២០២២ មានទឹកភ្លៀងធ្លាក់ច្រើន តែឆ្នាំនេះថ្វីត្បិតតែមឃចុះត្រជាក់ តែមេឃមានកំដៅច្រើនជាង ប៉ុន្តែអាកាសធាតុត្រជាក់អូសបន្លាយនេះ វាធ្វើឱ្យចន្ទីចេញផ្កា ចេញក្តឹប មិនស្រុះគ្នា ដែលធ្វើឱ្យការ ប្រមូលផលត្រូវចំណាយពេលយូរ។ ក្រៅពីបញ្ហាអាកាសធាតុហើយ បញ្ហាកើនឡើងនៃការចំណាយថ្លៃដើមទៅលើជី ថ្នាំកសិកម្ម និងប្រេងឥន្ធនៈ ក៏នៅជាបញ្ហាមួយទៀតសម្រាប់កសិករដែរ » ។
ទោះជាជួបបញ្ហាទាំងនេះក៏ដោយ បើតាមតាម លោក ប៉ែន ប៉ោសេង ខាងសមាគមស្វាយចន្ទីខេត្តកំពង់ឆ្នាំង តែងតែណែនាំ ដល់កសិករ ពីវិធីសា ស្រ្តមួយចំនួន ក្នុងការកាត់បន្ថយការចំណាយបានមួយចំណែក។ លោកក៏ស្នើឱ្យក្រសួងពាក់ព័ន្ធ ជំរុញការអនុវត្តគោលនយោបាយស្វាយចន្ទីឱ្យបា នឆាប់ ដោយលោកយល់ឃើញថា គោលនយោបាយ មានការលើកទឹកចិត្តច្រើនដល់អ្នកដាំដុះស្វាយចន្ទី ជាពិសេសការពង្រីកទីផ្សារបន្ថែម។
កាល ពី ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៣ កន្លងទៅនេះ រាជរដ្ឋាភិបាលបាន អនុម័ត លើ សេចក្តី ព្រាង “គោល យោបាយជាតិ ស្តីពី ស្វាយ ចន្ទី ឆ្នាំ ២០២២-២០២៧” ដើម្បី អភិវឌ្ឍន៍ ផលិតកម្ម កែច្នៃ និង ទីផ្សារ ស្វាយចន្ទី ឱ្យ មាន លក្ខណៈ ប្រកួត ប្រជែង ប្រកប ដោយ បរិយាប័ន្ន ធានា នូវ និរន្តរភាព និង ការ ធ្វើ ពិពិធកម្ម សេដ្ឋកិច្ច។ គោល នយោបាយជាតិ ស្តីពី ស្វាយចន្ទី មាន ចក្ខុវិស័យ អភិវឌ្ឍន៍ ផលិតកម្ម កែច្នៃ និង ទីផ្សារ ស្វាយ ចន្ទី ឱ្យ មាន លក្ខណៈ ប្រកួត ប្រជែង ប្រកប ដោយ បរិយាប័ន្ន ធានា នូវ និរន្តរភាព និង ការ ធ្វើ ពិពិធកម្ម សេដ្ឋកិច្ច និងមាន គោលបំណង ប្រែ ក្លាយ កម្ពុជា ឱ្យ ទៅ ជា ប្រទេស ផលិត និង ផ្គត់ផ្គង់ ផលិតផល សា្វយ ចន្ទី ដ៏ សំខាន់មួយ សម្រាប់ បម្រើ ទីផ្សារ ក្នុង ស្រុក តំបន់ និងពិភពលោក ខណៈដែលបច្ចុប្បន្ន ផលិតផល ស្វាយចន្ទី ភាគច្រើន បាន នាំចេញ ជា ផលិតផល មិន ទាន់ បាន កែច្នៃ ដែល នាំ ឱ្យ កម្ពុជា ទទួល បាន តម្លៃ បន្ថែម ទាប។
បើតាមក្រសួងកសិកម្ម ស្វាយចន្ទី ជាដំណាំឧហ្សាហកម្មរយៈពេលវែង ដែលមិនរើសដី ងាយស្រួលដាំដុះ ធន់នឹងអាកាសធាតុ ដែលឃើញមានភាគច្រើនដាំដុះនៅតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា ដូចជាខេត្តមណ្ឌលគិរី រតនៈគីរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តកោះកុង។ ដំណាំស្វាយចន្ទីក៏មានការដាំដុះនៅតាមតំបន់វាលទំនាបមិនលិចទឹកផងដែរ ដូចជាខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង បន្ទាយមានជ័យ និងខេត្តសៀមរាប។
ស្វាយចន្ទីជាដំណាំឧហ្សាកម្មដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន ស្វាយចន្ទីជាប់ចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី។

បើតាមរបាយការណ៍បូកសរុបការងាររបស់ក្រសួងកសិកម្ម (២០២១-២០២២) ដំណាំស្វាយចន្ទីបានដាំដុះលើផ្ទៃដីសរុបចំនួន ៤០៥ ៩៩១ ហិកតា និងទទួលបានបរិមាណផលសរុប ៤៧២ ៦៣៦ តោន៕
ដោយ: វណ្ណ សុជាតា

ads banner