អាមេរិកបញ្ជូនជំនួយ ១០០ លានដុល្លារបន្ថែម ដល់តួកគី និងស៊ីរី ដែលរងគ្រោះរញ្ជួយដីធ្ងន់ធ្ងរ
អាមេរិក៖ សហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយមនុស្សធម៌ចំនួន ១០០ លាន ដុល្លារបន្ថែមទៀតទៅតួកគី និងស៊ីរី ដើម្បីជួយប្រទេសទាំងពីរ ទប់ទល់នឹង គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកម្រិត ៧,៨ រ៉ិចទ័រ ដែលបានសម្លាប់មនុស្សជាង ៤៦ ០០០ នាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ផ្ទះសម្បែង។ ជំនួយ ថ្មីនេះ នឹងត្រូវផ្តល់ជូនដល់ក្រុមអង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនិងការស្តារឡើងវិញ។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អង់ថូនី ប្ល៊ីងកែន ដែលកំពុង បំពេញ ទស្សនកិច្ចនៅតួកគីកាលពីថ្ងៃអាទិត្យបានថ្លែងថា ពាក់ កណ្ដាលនៃជំនួយ ថ្មីនឹងផ្ដល់ទៅមូលនិធិជនភៀសខ្លួន និងជនចំណាកស្រុក ខណៈពាក់ កណ្ដាលទៀតនឹងផ្ដល់ទៅអង្គការមនុស្សធម៌។
លោក ប្ល៊ីងកែន បានគូសបញ្ជាក់ថា ជំនួយថ្មីនឹងប្រើដើម្បីទិញរបស់របរដូចជា ភួយ ពូក កញ្ចប់ស្បៀង សម្លៀកបំពាក់ក្រាស់ៗ តង់ និងសម្ភារៈជម្រក ផ្សេងៗ ទៀត។ របស់ទាំងនេះក៏នឹងយកទៅប្រើដើម្បីជួយដល់ផ្នែកសុខាភិបាល កិច្ចខិតខំប្រឹងប្រែងផ្ដល់ទឹកស្អាត និងអនាម័យ និងកម្មវិធីគាំទ្រការ អប់រំ របស់កុមារ និងយុវជន ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីផងដែរ។
គួរកត់សម្គាល់ថា លោក ប្ល៊ីងកែន បានធ្វើដំណើរទៅតំបន់រង គ្រោះមួយ ចំនួនជាមួយសមភាគីតួកគី លោក Mevlut Cavusoglu នៅថ្ងៃអាទិត្យ ហើយរំពឹងថានឹងជួបជាមួយលោកប្រធានាធិបតី រ៉េហ្ស៊ីប អ៊ែរដូហ្គាន់ នៅថ្ងៃចន្ទនេះ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងចំពេលដែលអាមេរិក និងតួកគី ដែលជាសម្ព័ន្ធមិត្តក្នុងប្លុកណាតូដូចគ្នា បានព្យាយាមផ្សះ ផ្សារលើការខ្វែងគំនិតគ្នា ចំពោះការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី បូករួមទាំងការសុំចូលជាសមាជិកណាតូរបស់ស៊ុយអែត និងហ្វាំងឡង់ ផងដែរ។
អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន Brookings បានថ្លែងបានវិទ្យុសំឡេងសហ រដ្ឋអាមេរិក (VOA) នៃប្រទេសតួកគីថា ដំណើរទស្សនកិច្ចរបស់លោក ប្ល៊ីងកែន និងជំនួយរបស់សហរដ្ឋអាមេរិក បង្កើតលទ្ធភាពដែលស្ដារទំនាក់ ទំនងរវាងប្រទេសទាំង២ឱ្យមានភាពប្រសើរឡើង។ លោកថា គ្រោះរញ្ជួយដី បង្កការខូចខាត និងការបំផ្លិចបំផ្លាញ ក៏ដូចជាការឈឺចាប់ដែលមិនអាច បរិយាយ បាន ប៉ុន្តែវាក៏កំពុងបង្កើតឱកាសសម្រាប់ការភ្ជាប់ទំនាក់ទំនង ឡើងវិញ «លើបញ្ហាដែលមិនអាចដោះស្រាយបាន»។
សូមរំឭកផងដែរថា ប៉ុន្មានថ្ងៃក្រោយការរញ្ជួយដី ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសផ្ដល់ជំនួយ ៨៥ លានដុល្លាររួចម្ដងមកហើយ ទៅដល់តួកគី និងស៊ីរី បន្ថែមពីលើការបញ្ជូនក្រុមស្វែងរក និងជួយសង្គ្រោះ និងការផ្គត់ផ្គង់ថ្នាំពេទ្យ ក៏ដូចជាឧបករណ៍វេជ្ជសាស្ត្រជាដើម។
ជាមួយគ្នានេះ គេឃើញមានប្រទេសផ្សេងៗទៀតដូចជាចក្រភពអង់គ្លេស បារាំង អ៊ីតាលី អ៊ីស្រាអែល និងរុស្ស៊ី បានបញ្ជូនក្រុមអ្នកស្វែងរក និងជួយ សង្គ្រោះ និងការផ្តល់ជំនួយហិរញ្ញវត្ថុដល់ស៊ីរី និងតួកគីផងដែរ។
អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថា មនុស្ស ២៦ លាននាក់នៅតំបន់ដែលរងផលប៉ះពាល់ កំពុងត្រូវការជំនួយមនុស្សធម៌ ខណៈការខូចខាតផ្នែកសេដ្ឋកិច្ច ត្រូវបានគេរំពឹងថានឹងលើសពីច្រើនពា ន់ លានដុល្លារ ដែលធ្វើឱ្យប្រទេសរងគ្រោះទាំងពីរ ស្នើសុំជំនួយអន្តរជាតិដោយ បើកចំហរ៕
ដោយ៖ ហួន ឌីណា
ប្រភព៖ US Sending Additional $100M in Earthquake Aid to Turkey, Syria https://www.voanews.com/a/us-sending-additional-100m-in-earthquake-aid-to-turkey-syria-/6969677.html