សហរដ្ឋអាមេរិករិះគន់ការរក្សាភាពស្ងៀមស្ងាត់របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ជុំវិញការបាញ់មីស៊ីលដ៏គ្រោះថ្នាក់របស់កូរ៉េខាងជើង
អ.ស.ប៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្តាហ៍នេះ បានថ្កោលទោសនូវអ្វីដែលហៅខ្លួនថា ការខ្វះចន្លោះដ៏គ្រោះថ្នាក់នៃសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ ប៉ុន្តែមិនបញ្ចេញឈ្មោះចិន និងរុស្ស៊ីដែលបានបង្ខំឱ្យស្ថាប័នកំពូលនេះរក្សាភាពស្ងៀមស្ងាត់នោះទេ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាស់ ហ្គ្រីនហ្វៀល បាននិយាយដោយសំអាងលើការវេតូរបស់ចិន និងរុស្ស៊ីកាលពីខែឧសភាឆ្នាំមុន នៃដំណោះស្រាយដែលនឹងដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុងព្យុងយ៉ាងថា ចំពោះមុខការបាញ់តេស្តមីស៊ីលមិនធ្លាប់មានពីមុនមកកាលពីឆ្នាំមុន សមាជិកអចិន្ត្រៃយ៍ពីររូបបានបង្ខំយើងឱ្យនៅស្ងៀម ទោះបីជាមានការរំលោភបំពានពីសំណាក់កូរ៉េខាងជើងរាប់មិនអស់ក៏ដោយ។
លោកស្រី ថូម៉ាស់ ហ្គ្រីនហ្វៀល បានព្រមានថា ការខ្វះចន្លោះក្នុងការធ្វើសកម្មភាពរបស់សមាជិកទាំង១៥រូបរបស់ក្រុមប្រឹក្សាសន្តិសុខ គឺអាក្រក់ជាងការអាម៉ាស់ទៅទៀត ហើយវាមានគ្រោះថ្នាក់។ លោកស្រីថា ការបរាជ័យម្តងហើយម្តងទៀតក្នុងការឆ្លើយតប នឹងធ្វើឱ្យកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលអស្ថិរភាពបែបនេះបន្ថែមទៀត ដោយគ្មានការភ័យខ្លាចពីផលវិបាក។
ទោះបីជាយ៉ាងណា លោកស្រី ថូម៉ាស់ ហ្គ្រីនហ្វៀល មិនបានចោទប្រកាន់ក្រុមប្រឹក្សាសន្តិសុខទាំងមូលទេ ប៉ុន្តែបានបន្ទោសចិន និងរុស្ស៊ី បើទោះបីជាលោកស្រីមិនបានបញ្ចេញឈ្មោះប្រទេសទាំងនោះចំៗក៏ដោយ។ លោកស្រីថា ការពិតគឺថា អ្នកដែលការពារកូរ៉េខាងជើងពីផលវិបាកនៃការធ្វើតេស្តមីស៊ីលកាន់តែកើនឡើង ដែលនឹងធ្វើឱ្យតំបន់អាស៊ី និងពិភពលោកទាំងមូលមានហានិភ័យនៃជម្លោះ។
ទោះបីជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៅតែបន្តរារាំងក៏ដោយ ក៏សហរដ្ឋអាមេរិកនឹងស្នើឱ្យមានការអនុម័តសេចក្តីថ្លែងការណ៍ថ្កោលទោសការបាញ់តេស្តមីស៊ីលរបស់កូរ៉េខាងជើង។ ចំណែកសមាជិកមួយចំនួនទៀតក៏បានសម្តែងការថ្កោលទោស ចំពោះការបង្កហេតុរបស់ទីក្រុងព្យុងយ៉ាងផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ទីណា