ការលក់ និងការចែកចាយបារីអេឡិចត្រូនិក នៅតែមានយ៉ាងចំហ នៅតាមប្រព័ន្ធបណ្ដាញសង្គម និងការនិយាយតៗ គ្នាតាមរយៈមិត្តភក្តិ

ភ្នំពេញ៖ ការលក់និងការចែកចាយបារីអេឡិចត្រូនិកនៅតែមានយ៉ាងចំហនៅតាមប្រព័ន្ធបណ្ដាញសង្គម និងការនិយាយតៗគ្នាតាមរយៈមិត្តភក្តិដែលនាំឱ្យសិស្សសាលាជាច្រើនបានទិញមកប្រើប្រាស់ បើទោះបីជាបានបង្កផលប៉ះពាល់ខ្លាំងដល់សុខភាពអ្នកប្រើប្រាស់ និងត្រូវបានហាមឃាត់ពីរាជរដ្ឋាភិបាលក៏ដោយ។

ក្នុងកម្មវិធីប្រកួតវោហារស័ព្ទ ប្រធានបទ “ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឈិ៍ធីភី ដើម្បីលើកកម្ពស់សិក្សា”ដែលរៀប ចំឡើងដោយក្រសួងអប់រំយុវជន និងកីឡានាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម កញ្ញាជីវ លីលី ជាបេក្ខនារីម្នាក់ ក្នុងចំណោមបេក្ខជនផ្សេងទៀតដែលចូលរួមប្រកួតបានលើកឡើងទៀតថា បារីអេឡិចត្រូនិចត្រូវបានឈ្មួញរចនាប្រកបដោយភាពច្នៃប្រឌិត ស៊ីវីល័យ និងទាក់ទាញ ដោយបង្ហាញពីរូបរាងស្អាតៗ តូចៗងាយស្រួលដាក់តាមខ្លួន ព្រមទាំងមានក្លិនក្រអូប និងរសជាតិប្លែកៗ ដូចជារសជាតិក្រូច ឳឡឹក ស្ត្របឺរី និងកាហ្វេជាដើម។

មិនតែប៉ុណ្ណោះក្រុមអ្នកលក់បារីអេឡិចត្រូនិកបានផ្សព្វផ្សាយថា វាជាឧបករណ៍ផ្ដាច់បារីនិងគ្មានផលប៉ះពាល់ឡើយ។ ជាមួយគ្នានោះ ក្រុមបេក្ខជនទាំងអស់បានស្នើសុំឱ្យ អាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការនាំចូល ការចែកចាយលក់ និងការផ្សព្វផ្សាយផលិតផលនេះ ជាពិសេសលុបបំបាត់ការផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមដើម្បីបង្ការយុវជនពីការអូសទាញឱ្យប្រើប្រាស់ផលិតផលដ៏គ្រោះថ្នាក់នេះ ។

លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រចំពោះការលើកឡើងរបស់ក្រុមបេក្ខជននេះ បើទោះបីជាក្រសួងអប់រំ ក៏ដូចជារាជរដ្ឋាភិបាល បាននិងកំពុងទប់ ស្កាត់បញ្ហានេះក៏ដោយ ក៏គេនៅតែសង្កេតឃើញមានក្រុមឈ្មួញបានប្រើប្រាស់ បណ្តាញសង្គមមានតេលេក្រាម ហ្វេសបុក យូធូបក្នុងការផ្សព្វផ្សាយលក់និងការចែកចាយបារីអេឡិចត្រូនិកនេះ ដែលធ្វើឱ្យយុវជនមួយចំនួនងាយនឹងប្រើ ប្រាស់។ ដូច្នេះអ្នកពាក់ព័ន្ធជាពិសេសយុវជនត្រូវរួមគ្នាលុបបំបាត់បញ្ហានេះ តាមរយៈការអប់រំមិត្តភក្តិ និងអ្នកនៅជិតកុំឱ្យប្រើប្រាស់ប្រាស់ឧបករណ៍នេះ។

កម្មវិធីប្រកួតវោហារស័ព្ទ ប្រធានបទ “ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឈិ៍ធីភី ដើម្បីលើកកម្ពស់សិក្សា” ត្រូវបានរៀបចំឡើងដោយក្រសួង អប់រំយុវជននិងកីឡាក្នុងគោល បំណងផ្ដល់ឱកាសឱ្យយុវជនបញ្ចេញសមត្ថភាពប្រកួតវោហារស័ព្ទជាក្រុមនិងលើកកម្ពស់ការ សិក្សាស្រាវជ្រាវ សីលធម៌នៃការជជែកជាសាធារណៈ និងលើក កម្ពស់សុខភាពសិក្សា។

មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានរាយការណ៍ថាបារីអេឡិចត្រូនិកផ្ទុកសារធាតុបង្កគ្រោះថ្នាក់ជាច្រើន ដែលអាចបង្កឱ្យមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ មិនតែប៉ុណ្ណោះ បារីអេឡិចត្រូ និកមានផ្ទុកនីកូទីន ដែលជាសារ ធាតុញៀន ហើយធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់មនុស្សវ័យក្មេង។ ម៉្យាងទៀត វាមិនមែនជាឧបករណ៍សម្រាប់ផ្ដាច់បារីនោះទេ ផ្ទុយទៅវិញវាជាឧបករណ៍ដែលនាំឱ្យមនុស្សវ័យក្មេងដែលមិនធ្លាប់ប្រើប្រាស់បារីសោះ ឱ្យឈានទៅរកការប្រើប្រាស់បារី ព្រមទាំងអាចនាំឱ្យអ្នកប្រើប្រាស់បារីអេឡិត្រូនិកឈានទៅប្រើប្រាស់គ្រឿងញៀនផ្សេងៗទៀត៕ ប្រភព៖ វិទ្យុជាតិកម្ពុជា សម្រួលផ្សាយដោយ៖ រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner