ជប៉ុនបន្តការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការ នៃក្រសួងការបរទេសជប៉ុន បានសម្តែងការពេញចិត្តចំពោះកំណត់ត្រាដ៏ល្អប្រសើរនៃចំណងទាក់ទងទ្វេភាគី រួមទាំង ភាពជាដៃគូ ទ្វេភាគីដែលត្រូវបានលើកកម្ពស់បន្ថែមទៀតទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅក្នុងឆ្នាំនេះ។

ភាគីទាំងពីរបានប្តេជ្ញាចិត្តសាជាថ្មីក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់រវាងប្រទេសទាំងពីរ នៅក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងការបរទេសបានបន្តថា ភាគីទាំងពីរ បានពិភាក្សាអំពីវិធី និងមធ្យោបាយនានា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហការនៅក្នុងវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ច ការពារជាតិនិងសន្តិសុខ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យដោះមីន។ ភាគីទាំងពីរ បានឯកភាពបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើនបន្ថែមទៀតនូវវត្តមានធុរកិច្ចជប៉ុននៅកម្ពុជា និងជំរុញឱ្យដំណើរការឡើងវិញនូវជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះការរីកលូតលាស់នូវកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ រួមទាំងការចូលចតនាវាជើងទឹកតាមកំពង់ផែ។

តាមសំណើរបស់ភាគីកម្ពុជា ឯកឧត្ដម រដ្ឋលេខាធិការ តាកេ ហ្ស៊ឺនសឹកិ បានបញ្ជាក់ជាថ្មីពីការបន្តការគាំទ្ររបស់ប្រទេសជប៉ុនចំពោះការអភិវឌ្ឍធនធានមនុស្ស ដំណើរការឡើងវិញនូវកម្មវិធីស្តីពីការយល់ដឹងអំពីដំណើរការប្រជាធិបតេយ្យពហុបក្ស សម្រាប់អ្នកនយោបាយកម្ពុជាវ័យក្មេង ប្រតិបត្តិការបោសសម្អាតមីន ព្រមទាំង ការបញ្ជូនអាជ្ញាកណ្តាលចំនួន៤០រូប មកជួយកម្ពុជា ដែលជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមលើកទី៣២ នៅខែឧសភាខាងមុនេះផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូ អ៊ុច បូរិទ្ធ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានផ្តល់ការគាំទ្រថ្លៃថ្លា និងជំនួយដ៏សប្បុរស ដើម្បីជួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា រួមទាំងជំនួយសម្រាប់ការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ព្រមទាំងបានស្វាគមន៍ចំពោះការពិចារណារបស់រដ្ឋាភិបាលជប៉ុន ក្នុងការផ្តល់ឥណទានសម្បទានសម្រាប់គម្រោងស្តារឡើងវិញ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្ត្រ និងបណ្តាញលូ ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការរៀបចំការបោះឆ្នោតជាតិនៅក្នុងខែកក្កដា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋ។

ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងវិស័យដោះមីនស៊ីវិល ក្នុងគោលបំណងមនុស្សធម៌។

បន្ទាប់ពីជំនួបពិភាក្សាការងារ ឯកឧត្ដមរដ្ឋមន្រ្តីប្រតិភូ អ៊ុច បូររិទ្ធ និង ឯកឧត្ដម រដ្ឋលេខាធិការ តាកេ ហ្ស៊ឺនសឹកិ បានចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦ លានយ៉េន (ប្រមាណ ៣០,៦ លានដុល្លារអាមេរិក)
ដើម្បីអនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង។ លិខិតប្ដូរសារនេះ គឺជាការធ្វើវិសោធនកម្មទៅលើចំនួនទឹកប្រាក់ដែលបានចែងនៅក្នុងលិខិតប្ដូរសារមុនដែលបានចុះហត្ថលេខារួច កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ads banner