ជប៉ុន បន្តការគាំទ្រនិងសហប្រតិបត្តិការជាមួយកម្ពុជា

ភ្នំពេញ ៖ ឯកឧត្ដម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្ដម តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការ នៃក្រសួងការបរទេសជប៉ុន បានសម្តែង ការពេញចិត្ត ចំពោះកំណត់ត្រាដ៏ល្អប្រសើរ នៃចំណងទាក់ទងទ្វេភាគី រួមទាំង ភាពជាដៃគូ ទ្វេភាគីដែលត្រូវបានលើកកម្ពស់បន្ថែមទៀត ទៅ ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅក្នុងឆ្នាំនេះ។

នៅក្នុងជំនួបពិភាក្សាការងារនាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅ ទីស្តីការក្រសួង ភាគីទាំងពីរបានប្តេជ្ញាចិត្តសាជាថ្មីក្នុងការធ្វើឱ្យ កាន់តែស៊ី ជម្រៅ និង ពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែល កំពុងលូតលាស់រវាងប្រទេសទាំងពីរ។

ភាគីទាំងពីរ បានពិភាក្សាអំពីវិធី និងមធ្យោបាយនានា ដើម្បីជំរុញ បន្ថែមទៀត នូវកិច្ចសហការនៅក្នុងវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ច ការពារជាតិនិងសន្តិសុខ កិច្ចសហប្រតិបត្តិការអភិវឌ្ឍ ការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន និងកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យ ដោះ មីន។

ភាគីទាំងពីរ បានឯកភាពបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើន បន្ថែមទៀត នូវវត្តមានធុរកិច្ចជប៉ុន នៅកម្ពុជា និងជំរុញឱ្យដំណើរការ ឡើងវិញ នូវជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ បានកត់សម្គាល់ ដោយការពេញចិត្ត ចំពោះការរីកលូតលាស់ នូវ កិច្ចសហ ប្រតិបត្តិការក្នុងវិស័យ ការពារជាតិ រួមទាំងការ ចូលចត នាវា ជើងទឹក តាមកំពង់ផែ។

តាមសំណើរបស់ភាគីកម្ពុជា ឯកឧត្ដម រដ្ឋលេខាធិការ តាកេ ហ្ស៊ឺនសឹកិ បានបញ្ជាក់ជាថ្មីពីការបន្តការគាំទ្ររបស់ប្រទេសជប៉ុន ចំពោះការអភិវឌ្ឍ ធនធានមនុស្ស ដំណើរការឡើងវិញនូវកម្មវិធី ស្តីពីការយល់ដឹង អំពីដំណើរការប្រជាធិបតេយ្យពហុបក្ស សម្រាប់អ្នកនយោបាយកម្ពុជា វ័យក្មេង ប្រតិបត្តិការបោសសម្អាតមីន ព្រមទាំង ការបញ្ជូនអាជ្ញាកណ្តាលចំនួន ៤០ រូប មកជួយកម្ពុជា ដែលជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមលើកទី៣២ នៅខែឧសភា ខាងមុនេះ ផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូ អ៊ុច បូរិទ្ធ បានថ្លែងអំណរគុណដល់រដ្ឋា ភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ការគាំទ្រថ្លៃថ្លា និងជំនួយដ៏ សប្បុរស ដើម្បីជួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា រួមទាំងជំនួយ សម្រាប់ការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ព្រមទាំងបានស្វាគមន៍ ចំពោះការពិចារណារបស់រដ្ឋាភិបាលជប៉ុន ក្នុងការផ្តល់ឥណទានសម្បទាន សម្រាប់គម្រោងស្តារឡើងវិញ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្ត្រ និងបណ្តាញលូ ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូ ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាង មុតមាំ របស់កម្ពុជា ក្នុងការរៀបចំការបោះឆ្នោតជាតិនៅក្នុងខែកក្កដា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ ប្រជា ពលរដ្ឋ។

ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ព្រមទាំងបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្ត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ក្នុងវិស័យដោះមីនស៊ីវិល ក្នុងគោលបំណងមនុស្សធម៌ ។

បន្ទាប់ពីជំនួបពិភាក្សាការងារ ឯកឧត្ដមរដ្ឋមន្រ្តីប្រតិភូ អ៊ុច បូររិទ្ធ និង ឯកឧត្ដម រដ្ឋលេខាធិការ តាកេ ហ្ស៊ឺនសឹកិ បានចុះហត្ថលេខាលើ លិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦ លានយ៉េន (ប្រមាណ ៣០,៦ លានដុល្លារអាមេរិក)ដើម្បីអនុវត្តគម្រោងពង្រីក ប្រព័ន្ធ ផ្គត់ ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង។ លិខិតប្ដូរសារនេះ គឺជាការធ្វើវិសោធនកម្មទៅលើចំនួនទឹកប្រាក់ ដែលបានចែងនៅក្នុងលិខិតប្ដូរសារមុនដែលបានចុះហត្ថលេខា រួច កាលពីថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២៕
អត្ថបទ៖ វណ្ណលុក, រូបភាព សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner