លំនៅដ្ឋាន និងអាជីវកម្មប្រមាណ១០ម៉ឺនកន្លែងក្នុងរដ្ឋកាលីហ្វ័រញ៉ាគ្មានអគ្គិសនីប្រើប្រាស់ ដោយសារព្យុះរដូវរងា
ឡូសអាន់ជីឡេស៖ ផ្ទះ និងអាជីវកម្មជាង ១០០,០០០កន្លែងនៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា បានស្ថិតក្នុងភាពងងឹតនៅព្រឹកថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលព្យុះរដូវរងារដ៏ខ្លាំងក្លាមួយនៅតែបន្តកើតមាន លើរដ្ឋដែលមានប្រជាជនច្រើនជាងគេរបស់សហរដ្ឋអាមេរិកមួយនេះ។
យោងតាម Powerostage.us ដែលជាគេហទំព័រតាមដានកំណត់ត្រា និងប្រមូលផ្តុំការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស ហើយធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់ខ្លួនរៀងរាល់១០នាទី បានឱ្យដឹងថា ផ្ទះ និងអាជីវកម្មប្រហែល ១១៦,០០០កន្លែងគ្មានអគ្គិសនីប្រើប្រាស់ គិតត្រឹមម៉ោង១០រសៀលថ្ងៃសុក្រ (ម៉ោងក្នុងតំបន់)។
សេវាឧតុនិយមជាតិ (NWS) បានបញ្ជាក់ថា ព្យុះបានវាយប្រហារលើរដ្ឋ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយនាំមកនូវភ្លៀងធ្លាក់ ខ្យល់ និងព្រិល ហើយបន្តពាំនាំមកជាមួយនូវការធ្លាក់ព្រិលខ្លាំង រួមទាំងអាកាសធាតុត្រជាក់ និងខ្យល់បក់បោកខ្លាំងរហូតដល់ថ្ងៃចុងសប្តាហ៍។
ទន្ទឹមគ្នា សេវាឧតុនិយមជាតិ (NWS) បានចេញការព្រមានអំពីព្យុះព្យិលដ៏ខ្លាំងក្លាទៅដល់ប្រជាជនរស់នៅតំបន់ភ្នំ Ventura County និង Los Angeles County ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃសៅរ៍ ដែលនេះជាការប្រកាសអាសន្ននៃព្យុះព្រិលលើកដំបូងសម្រាប់តំបន់ភ្នំ កាលីហ្វ័រញ៉ា ភាគខាងត្បូង ចាប់តាំងពីឆ្នាំ១៩៨៩។
សរុបមក មានប្រជាជនរដ្ឋកាលីហ្វ័រញ៉ាប្រហែល៣លាននាក់បានទទួលការជូនដំណឹង ពាក់ព័ន្ធនឹងការប្រកាសអាសន្ននៃព្យុះរដូវរងា កាលពីថ្ងៃសុក្រសប្តាហ៍នេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា
![](https://asset.ams.com.kh/central/media/2023/02/photo_2023-02-26_11-11-02-1024x710.jpg)
![](https://asset.ams.com.kh/central/media/2023/02/photo_2023-02-26_11-11-00.jpg)
![](https://asset.ams.com.kh/central/media/2023/02/photo_2023-02-26_11-10-58-1024x576.jpg)
![](https://asset.ams.com.kh/central/media/2023/02/photo_2023-02-26_11-10-56-1024x573.jpg)