លោកវេជ្ជបណ្ឌិត និងគ្រូពេទ្យ បានធ្វើបទបង្ហាញពីជម្ងឺមួយចំនួនជាមួយការព្យាបាលបែបថ្មីៗ

ខេត្តបន្ទាយមានជ័យ ៖ លោកវេជ្ជបណ្ឌិត និងគ្រូពេទ្យ បានធ្វើបទបង្ហាញពីជម្ងឺមួយចំនួនជាមួយការព្យាបាលបែបថ្មីៗ ក្នុងទិវាអភិវឌ្ឍវិជ្ជាជីវ វេជ្ជសាស្ត្រ លើកទី16 រៀបចំដោយ គណគ្រូពេទ្យជាតិ មន្ទីរសុខាភិបាល និង ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តបន្ទាយមានជ័យ ហើយបានប្រព្រឹត្តទៅ នាថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ 2023 នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ។

លោកវេជ្ជបណ្ឌិត ប៉ុល ប៊ុនធឿន អគ្គលេខាធិការ ក្រុមប្រឹក្សាគណគ្រូពេទ្យខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថា ទិវានេះ បានរៀបចំឡើង ជាឱកាសឲ្យសាស្ត្រាចារ្យនិង លោកវេជ្ជបណ្ឌិត ឯកទេសព្យាបាល បានធ្វើការផ្លាស់ប្ដូរបទពិសោធន៍ រវាងគ្នា ទៅលើការពិនិត្យព្យាបាលជម្ងឺ។ យ៉ាងណាមិញ ក្នុងទិវានេះដែរ វេជ្ជបណ្ឌិតជំនាញ បានលើកយក ករណីជម្ងឺ ប្រាំមួយមុខ មកធ្វើការបង្ហាញក្នុងកម្មវិធី ។ ដែលជម្ងឺទាំនោះរួមមាន ករណីគ្រោះតំរងនោម កូនក្រៅស្បូន ទារកកើតលឿង ជំងឺសើស្បែកស្ត្រី វិបត្តិចង្វាក់បេះដូង និងករណីស្ទះសរសៃឈាមខួក្បាល ជាដើម។

លោកវេជ្ជបណ្ឌិត ប៉ុល ប៊ុនធឿន បានលើកឡើងថែមទៀត ទន្ទឹមការបង្ហាញប្រភេទជម្ងឺ ខាងលើនេះ សំខាន់ លោក សាស្ត្រាចារ្យ និងលោក វេជ្ជបណ្ឌិតឯកទេស ដែលបានឡើងធ្វើបទបង្ហាញ ពីបទពសោធន៍ថ្មីៗ ឆ្លើយតបការវិវឌ្ឍមេរោគ នៃជម្ងឺ ហើយបាន យកមកព្យាបាលជំងឺដែលបានរៀបរាប់ខាងលើ ភាគច្រើនវាមិនមានគ្រោះថ្នាក់ដល់ អ្នកជម្ងឺ។ ជាងនេះទៅទៀតក៏បានផ្ដល់វិធីសាស្ត្រក្នុងការធ្វើរោគវិនិច្ឆ័យ រួមទាំងការព្យាបាលឲ្យបានត្រឹមត្រូវ ។

លោក ឡេ ចាន់សង្វាត ប្រធានមន្ទីរ សុខាភិបាលខេត្ត បានបញ្ជាក់ថា ទិវាអភិវឌ្ឍវិជ្ជាជីវៈ វិជ្ជសាស្ត្រ នាឆ្នាំ2023 សំដៅបន្តពង្រឹង បង្កើនគុណវុឌ្ឍ គុណភាពសេវាសុខាភិបាលទាំងឯកជន និងរដ្ឋ ។

លោក ប្រធាន មន្ទីរសុខាភិបាល បានផ្ដាំផ្ញើរ គឺ គ្រូ ពេទ្យ ទាំង អស់ត្រូវប្រកាន់ខ្ជាប់ ក្រមសីលធម៌វិជ្ជាជីវៈ ។អ្វីសំខាន់បំផុត នោះយកការពិនិត្យព្យាបាលអ្នកជម្ងឺ ដើម្បីសង្គ្រោះជីវិតមនុស្សជាធំមុនគេ ។ការដែលគ្រូពេទ្យអនុវត្តបានយ៉ាងដូច្នេះ ធ្វើឲ្យសេវា សុខមាលភាព របស់យើង ទទួលបានការជឿជាក់ ពីប្រជាពលរដ្ឋ និងអ្នកជម្ងឺ ៕ ដោយ លោក គៀន ច័ន្ទហ៊ីន

ads banner