សហគមន៍ទេសចរណ៍ស្ទឹងភេ នៅខេត្តកំពត កំពុងជួយប្រជាជនមូលដ្ឋាន ឱ្យមានជីវភាពប្រសើរឡើងតាមរយៈវិស័យទេសចរណ៍

អត្ថបទដោយ៖
CPA

កំពត៖សហគមន៍ទេសចរណ៍ធម្មជាតិស្ទឹងភេ គឺជាគោលដៅទេសចរណ៍ មួយកន្លែងដែលស្ថិតនៅក្នុងស្រុកជុំគិរី ខេត្តកំពត។ សហគមន៍នេះបាន បង្កើតឡើងនៅក្នុងឆ្នាំ ២០២០ ដែលមកទល់ពេលនេះ គឺមានអាយុកាល ជាង ២ឆ្នាំហើយ។
ក្នុងការបង្កើតឡើងដំបូង សហគមន៍មួយនេះទទួលបានការចូលរួមពី សមាជិក ដែលជាប្រជាជនក្នុងតំបន់ចំនួន ១៥ គ្រួសារ ហើយដែលប្រជាជន ទាំង១៥គ្រួសារនេះគឺជាអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោល។
លោក ជឿន ប៊ុនឡាយ ដែលជាអ្នកតំណាងសហគមន៍បានឱ្យដឹងថា សហគមន៍ទេសចរណ៍ធម្មជាតិ ស្ទឹងភេ ផ្ដោតលើការផ្ដល់សេវាកម្មម្ហូបអាហារ និងផ្ដល់ទស្សនីយភាពបែបធម្មជាតិជូនភ្ញៀវទេសចរ។

ចាប់តាំងពីបង្កើតនូវគោលដៅទេសចរណ៍បែបសហគមន៍នេះមក លោក ជឿន ប៊ុនឡាយ បានសង្កេតឃើញពីការប្រែប្រួលជាលំដាប់នៃជីវភាពរបស់ ប្រជាជនក្នុងសហគមន៍។ ការប្រែប្រួលដែលអ្នកតំណាងសហគមន៍បាន លើកឡើងនេះគឺសំដៅលើការប្រែប្រួលទៅរកភាព ល្អប្រសើរជាងមុន តាមរយៈ ការទទួលផលប្រយោជន៍ពីសហគមន៍ទេសចរណ៍។
លោក ជឿន ប៊ុនឡាយ បន្តថា៖ «បន្ទាប់ពីបង្កើតឡើងនូវសហគមន៍ ទេសចរណ៍ នេះហើយ ខ្ញុំសង្កេតឃើញថា តាំងពីចុងឆ្នាំ ២០២០មក ប្រជាពលរដ្ឋដែលគាត់រស់នៅក្នុងភូមិដែលមានការលក់ដូរតាមដងផ្លូវ ចុះពីផ្លូវជាតិលេខ ៤១ រហូតមកដល់ស្ទឹងភេ គឺ ពួកគាត់អាចរក ចំណូល បានច្រើនជាងមុនមួយកម្រិតទៀត ដោយសារភ្ញៀវទេសចរធ្វើដំណើរ ឆ្លងកាត់ផ្លូវនេះច្រើនមកកាន់សហគមន៍ស្ទឹងភេក្នុងមួយថ្ងៃៗ ជាពិសេស គឺថ្ងៃឈប់សម្រាកពីការងារ និងថ្ងៃបុណ្យជាតិតែម្ដង។»លោកបន្តថា៖ «បើគិតជាចំនួនភ្ញៀវជាមធ្យម ក្នុងមួយថ្ងៃមានភ្ញៀវ ២៥នាក់ ដែលបានចូល មកកម្សាន្ដតំបន់យើង ហើយភាគច្រើនជាអ្នកនៅក្នុងតំបន់ជិតៗនេះ»។

បើតាមការបញ្ជាក់របស់លោក ជឿន ប៊ុនឡាយ ចំនួនភ្ញៀវជាមធ្យម នេះល្មម អាចទ្រទ្រង់សហគមន៍ បាន ជាពិសេសអាចធ្វើឱ្យចរន្ដសេដ្ឋកិច្ច ប្រជា សហគមន៍ដើរបាន។
ចំណែកឯចំណូលជាប្រចាំវិញ លោកបានឱ្យដឹងថា៖ «សហគមន៍យើង អាចរក ចំណូលបានចន្លោះពី ១លាន២សែនរៀល ទៅ ពីរ លានរៀនក្នុង មួយខែ បន្ទាប់ពីធ្វើការចាត់ចែងទូទាត់ថ្លៃចំណាយលើឈ្នួលបុគ្គលិក ឥវ៉ាន់ និងសម្ភារ:ប្រើប្រាស់គ្រឿងទេសផ្សេងៗហើយ»។
បច្ចុប្បន្ននេះប្រជាជនប្រមាណ ១០នាក់នៅក្នុងភូមិនេះដែលគាត់មក ប្រចាំ ការនៅក្នុងសហគមន៍ ក្រៅ ពីនោះ ប្រជាជនច្រើនតែប្រកបមុខរបរ កសិកម្ម និងធ្វើការជាកម្មករឧស្សាហកម្មរោងចក្រ ជាដើម។
ចំណែកឯប្រជាជនផ្សេងទៀត គឺជាអ្នកដែលទទួលផលដោយប្រយោល តាមរយៈការដាំដុះ ចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ចូលទៅក្នុងសហគមន៍ ទេសចរណ៍ ស្ទឹងភេដែលប្រភពខាងលើបានអះអាងថា ខ្លួន ទិញ ក្នុង តម្លៃសមរម្យមួយ។

សម្រាប់គម្រោងបន្តទៅមុខទៀត លោកបានបញ្ជាក់ឱ្យដឹងដែរថា លោក គ្រោងធ្វើផ្ទះលំហែរនៅតាមមាត់ទឹកសម្រាប់ទទួលភ្ញៀវដែលមានបំណងចង់មកសម្រាកលំហែរកាយ ជាពិសេសបំផុតនោះគឺ សហគមន៍យើងខ្ញុំផ្តោត ទៅលើសេវាកម្មម្ហូបអារហារអំពី តម្លៃសមរម្យ គុណភាព អនាម័យ និង រសជាតិឈ្ងុយឆ្ងាញ់មិនប៉ះពាល់សុខភាព។
អ្នកតំណាងសហគមន៍រូបនេះបានប្ដេជ្ញាថា៖ «សហគមន៍យើងខ្ញុំ នឹងស្វែង រកការច្នៃប្រឌិតថ្មីៗតាមបែបធម្មជាតិនិងធ្វើតាមផែនការជាបន្តបន្ទាប់រហូត ដើម្បីធ្វើឱ្យសហគមន៍ទេសចរណ៍មួយនេះកាន់តែមានភាពរីកចម្រើន…កាលណាស្ទឹងភេមានភាពរីកចម្រើន ប្រជាជននៅក្នុងតំបន់នេះក៏ពួកគាត់ មាន ភាព រីកចម្រើនដោយងាយស្រួលរកស៊ីលក់ដូរប្រចាំថ្ងៃដែរ»៕
ដោយ៖ កែវ បុស្បា

ads banner