សង្រ្គាមអ៊ុយក្រែន៖ មួយឆ្នាំក្រោយការឈ្លានពានរបស់រុស្ស៊ី ផ្លូវសង្រ្គាម ដ៏គ្រោះថ្នាក់នៅតែបន្តមាន

កៀវ៖២៤ កុម្ភៈឆ្នាំមុន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បញ្ជាកងទ័ព របស់ខ្លួនឱ្យចាប់ផ្ដើមការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំ បង្កើតបានជា ជម្លោះដ៏ធំបំផុតក្នុងទ្វីបអឺរ៉ុបមិនធ្លាប់មានរាប់ចាប់តាំងពីសង្រ្គាមលោកលើកទី២។

មួយឆ្នាំក្រោយការឈ្លានពាន រុស្ស៊ីបានរងការចោទប្រកាន់ផ្សេងៗ រាប់ តាំង ពីឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការវាយប្រហារ យ៉ាង ឃោរឃៅលើគោលដៅស៊ីវិល ទន្ទឹមនឹងការអាម៉ាស់ផ្សេងៗដូចជា ការ ដកទ័ព ពីតំបន់កៀវ និងខាកៀវជាដើម។ ទាំងអស់នេះ គេមិនរាប់បញ្ជូលទាំង ការរង ទណ្ឌកម្មសេដ្ឋកិច្ច ការថ្កោលទោសពីសហគមន៍អន្តរជាតិ និងជាពិសេស ការមិនសម្រេចបានតាមផែនការនៃ «ប្រតិបត្តិការយោធាពិសេស» របស់ ក្រុងមូស្គូផង។

អ៊ុយក្រែនឯនោះវិញ បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពី១ថ្ងៃទៅ១ថ្ងៃ ដោយឥតស្រាកស្រាន្តពីកងកម្លាំងរុស្ស៊ី ដែលប្រើមីស៊ីល រ៉ុក្កែត និងដ្រូនជា ដើម ដើម្បីឆ្មក់លើគោលដៅរបស់ខ្លួន បន្ថែមពីលើយុទ្ធសាស្រ្តសឹក សង្រ្គាម ជាច្រើនផ្សេងទៀត។ដោយសារតែមានការគាំទ្ររឹងមាំពីសហគមន៍អន្តរជាតិ រួមមានលោកខាងលិច និងប្លុកសម្ព័ន្ធមិត្ត តាមផ្នែកការទូត និងជំនួយផ្សេងៗ រាប់តាំងពីមនុស្សធម៌រហូតដល់សព្វាវុធ អ៊ុយក្រែននៅតែអាចឈរ ប្រយុទ្ធ ទប់ទល់ និងដណ្ដើមទឹកដីរបស់ខ្លួនពីកងទ័ពរុស្ស៊ីមកវិញ។

ការឈ្លានពានឈានដល់រយៈពេល១ឆ្នាំនៅថ្ងៃសុក្រ (២៤ កុម្ភៈ) ប៉ុន្តែការ ប្រយុទ្ធខ្លាំងក្លានៅតែប្រទាញប្រទង់គ្នា ខណៈមនុស្សរាប់ម៉ឺននាក់ត្រូវ បានសម្លាប់ ជាមួយនឹងការបំផ្លិចបំផ្លាញទីក្រុងនានារបស់អ៊ុយក្រែន។ ភាគីទាំងសងខាងនៅតែប្រកាន់ខ្ជាប់ថា ខ្លួនមិនបញ្ឈប់ការប្រយុទ្ធទេ លុះត្រា តែគោលដៅរបស់ខ្លួនត្រូវបានសម្រេច ដែលការនេះហើយ ធ្វើឱ្យមាន ការ ប្រមើលឃើញថា ដំណាក់កាលសង្រ្គាមដ៏មហន្តរាយនៅ តែបន្ត កើតមាន នាពេលខាងមុខៗទៀត។

ថ្មីៗនេះ រុស្ស៊ីបានបង្កើនការប្រយុទ្ធរបស់ខ្លួន ដើម្បីដណ្តើមយកតំបន់ ឧស្សាហកម្ម ភាគខាងកើតដុនបាស ខណៈក្រុងកៀវ និងសម្ព័ន្ធមិត្ត លោក ខាងលិច បាននិយាយថា ទីក្រុងមូស្គូអាចព្យាយាមបើកការ វាយ ប្រហារ ទ្រង់ទ្រាយធំ និងមានមហិច្ឆតាកាន់ខ្លាំងនៅកន្លែងផ្សេង ទៀត តាម សមរភូមិ ជួរមុខជាង ១ ០០០ គីឡូម៉ែត្រ។ ឥឡូវនេះ អ៊ុយក្រែនកំពុង រងចាំ រថក្រោះ ប្រយុទ្ធ និងសព្វាវុធថ្មីៗផ្សេងទៀត ដែលលោកខាងលិច សន្យា ផ្ដល់ឱ្យ ដើម្បី ប្រើយកទៅដណ្ដើមទឹកដីរបស់ខ្លួនមកវិញ។

ខណៈគោលដៅរវាងភាគីទាំង២ ធ្វើឱ្យមានក្ដីសង្ឃឹមតិចតួចលើការចរចា ដើម្បីសន្តិភាព អ្នកជំនាញបានព្រមានថា ជម្លោះនេះអាចអូសបន្លាយអស់ រយៈពេលជាច្រើនឆ្នាំ ហើយអ្នកខ្លះមានការភ័យខ្លាចថា វាអាចនាំឱ្យមាន ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងណាតូ។

ជម្លោះកាន់តែអូសបន្លាយ ការវាយប្រហារថ្មី ឬក៏គោលដៅថ្មី ក៏ចេះតែមាន។ អ្នកវិភាគយោធាអ៊ុយក្រែនលោក Oleh Zhdanov បានថ្លែងប្រាប់ទីភ្នាក់ងារ សារព័ត៌មាន AP ថា រុស្ស៊ីបានពង្រាយទ័ពយ៉ាងច្រើន និងសព្វាវុធបន្ថែម ទៀតនៅតំបន់ដុនបាស ហើយវាយប្រហារតំបន់ផ្សេងៗក្នុងគោលបំណង ជាក់ស្តែងដើម្បីរំខានដល់កងកម្លាំងអ៊ុយក្រែន។ លោកបានគត់សម្គាល់ពីកង្វះគ្រាប់រំសេវខ្លាំងរបស់ក្រុងកៀវ ដោយនិយាយ ថា៖ «បច្ចុប្បន្ន រុស្ស៊ីនាំមុខនៅសមរភូមិ»។

គួរគូសបញ្ជាក់ថា រុស្ស៊ីបានពឹងផ្អែកលើឃ្លាំងអាវុធដ៏ធំរបស់ខ្លួន ហើយ បាន ជំរុញការផលិតអាវុធ និងគ្រាប់រំសេវ ដែលផ្តល់ឱ្យប្រទេសនេះ នូវចំណុច សំខាន់មួយ។ ខណៈទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន និង លោកខាង លិចបានសង្កេតឃើញថា ទីក្រុងមូស្គូកំពុងអស់មីស៊ីល ដែលបាញ់បានត្រង់ៗ រុស្ស៊ីក៏នៅអាវុធចាស់ៗពីសម័យមុខ។

ទោះបីអ៊ុយក្រែន និងសម្ព័ន្ធរំពឹងពីការវាយលុកកាន់តែធំធេងលើសពី តំបន់ ដុនបាសក៏ដោយ វាក៏អាចជាការប្រុងប្រយ័ត្នមួយលើយុទ្ធសាស្រ្តរបស់រុស្ស៊ី ដែលបានកេណ្ឌទ័ព ៣០០ ០០០ នាក់កាលពីឆ្នាំមុន ដើម្បីពង្រឹងយោធា របស់ខ្លួន។
អតីតមន្ត្រីសន្តិសុខរុស្ស៊ីដែលដឹកនាំកងកម្លាំងបំបែកខ្លួនដុនបាសក្រោយការប្រយុទ្ធគ្នាឆ្នាំ ២០១៤ ផ្ទុះឡើង លោក Igor Strelkov បានព្រមានថា ការ វាយ លុកធំណាមួយអាចជាមហន្តរាយសម្រាប់រុស្ស៊ី ពីព្រោះការរៀបចំរបស់ ខ្លួនមិនអាចលាក់កំបាំងបានទេ ដែលនឹងធ្វើឱ្យរងការវាយប្រហារដ៏សាហាវ។ លោកបាននិយាយថា ការវាយលុកមួយក៏នឹងលើកឡើងពីបញ្ហាប្រឈម ផ្នែកភស្តុភារ ដូចជាបញ្ហាដែលបានកើតឡើងនៅពេលរុស្ស៊ីប៉ុនប៉ងព្យាយាម ដណ្ដើមទីក្រុងកៀវ ពេលការឈ្លានពានទើបចាប់ផ្ដើមថ្មីថ្មោង។

លោក Strelkov បានព្រមានថា ៖ «រាល់ការវាយលុកទ្រង់ទ្រាយធំណាមួយ នឹងនាំមកនូវការខាតបង់ដ៏ធ្ងន់ធ្ងរយ៉ាងឆាប់រហ័ស និងជៀសមិនរួច ដែល ធ្វើឱ្យធនធានដែលប្រមូលបានកំឡុងនៃការកេណ្ឌទ័ពចុះខ្សោយ»។
ចំណែកឯអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវផ្នែកការពារជាតិ និងសន្តិសុខ RUSI នៅទីក្រុងឡុងដ៍ លោក Justin Bronk បានព្យាករណ៍ ប្រាប់ AP ថា ការវាយលុករបស់រុស្ស៊ីណាមួយនឹងបរាជ័យ ប៉ុន្តែវាអាចធ្វើឱ្យ ធនធានអ៊ុយក្រែនចុះខ្សោយ ហើយរារាំងមិនឱ្យអ៊ុយក្រែនធ្វើប្រតិបត្តិការ វាយបកទ្រង់ទ្រាយធំ។

យ៉ាងណាមិញ អ្នកវិភាគយោធាអ៊ុយក្រែន លោក Zhdanov បានលើក ឡើងថា អ៊ុយក្រែនអាចចាប់ផ្តើមប្រតិបត្តិការវាយបកថ្មីនៅចុងខែមេសា ឬដើមខែឧសភា បន្ទាប់ពីទទួលបានអាវុធថ្មីពីលោកខាងលិច រួមទាំង រថក្រោះប្រយុទ្ធផង។ លោកព្យាករណ៍ថា កងកម្លាំងអ៊ុយក្រែនទំនង ជានឹងវាយប្រហារពីតំបន់ហ្សាប៉ូរីចា ដើម្បីព្យាយាមដណ្ដើមក្រុង កំពង់ផែ ម៉ារីអូប៉ូល និងក្រុង Berdyansk មកវិញ និងកាត់ច្រករបៀងរុស្ស៊ីទៅកាន់ តំបន់គ្រីមៀ។
លោក Zhdanov បានបន្តថា ៖ «ប្រសិនបើអ៊ុយក្រែនឈានដល់ឆ្នេរ សមុទ្រអាហ្ស៊ូវ វានឹងធ្វើឱ្យបាត់បង់ផលប្រយោជន៍ទាំងអស់របស់រុស្ស៊ី» ដោយបង្វែរជ័យជំនះរបស់ពូទីន «ទៅជាធូលីដី»។

បច្ចុប្បន្ននេះ មានការរំពឹងតិចតួចចំពោះការចរចាសន្តិភាព បើនិយាយ ពីស្ថានភាពជាក់ស្ដែង ប៉ុន្តែលោក Bronk នៃវិទ្យាស្ថាន RUSI បានថ្លែងថា ជោគជ័យក្នុងសមរភូមិអ៊ុយក្រែនសំខាន់ៗនៅរដូវក្តៅខាងមុខនេះ អាច បញ្ឆេះ «ភាពចលាចលនយោបាយដ៏សំខាន់នៅរុស្ស៊ី» ពីព្រោះនៅពេលនោះ លោក ពូទីន នឹងពិបាកខ្លាំងក្នុងការរក្សាជំហរផ្ទាល់ខ្លួនរបស់លោក ពូទីន លើការដឹកនាំ។

សម្រាប់អ៊ុយក្រែន លោក Bronk បានលើកឡើងថា ប្រសិនបើបរាជ័យ ក្នុងការទាមទារយកទឹកដីពីកងទ័ពឈ្លានពានមកវិញមុនពេលរុស្ស៊ីបង្កើតកងទ័ពរបស់ខ្លួន វាអាចនាំទៅរកភាពជាប់គាំងរយៈពេលវែង និងសង្រ្គាមគួរ ឱ្យធុញទ្រាន់ ដែលចេះតែបន្តទៅមុខទៀត។

ការនេះ នឹងធ្វើឱ្យស្ថានភាពសង្រ្គាមធ្លាក់ចូលផែនការរបស់ទីក្រុងមូស្គូ ដែល ធ្វើឱ្យសង្រ្គាមអូសបន្លាយ ដើម្បីបន្សោយការគាំទ្រ របស់លោក ខាងលិច។ ខណៈសង្រ្គាមបន្តរ៉ាំរ៉ៃ នុយក្លេអ៊ែរប្រហែលអាច ជាការ គំរាមកំហែង ធ្ងន់ធ្ងរ មួយ។ អ្នកវិភាគខ្លាំងលើកឡើងថា លោក ពូទីន នឹងមិនប្រើ នុយក្លេអ៊ែរទេ ដោយភ័យខ្លាំងមានការប្រឆាំង ឬការខឹងសម្បារ ពីសម្ព័ន្ធមិត្ត បន្ថែមពីលើ គ្រោះថ្នាក់ និងហានិភ័យនៃភាពតានតឹងជាមួយលោកខាងលិចផ្សេងទៀត ទោះបីជាលោកធ្លាប់ព្រមានកាលពីឆ្នាំមុនថា រុស្ស៊ីនឹង «ប្រើគ្រប់ មធ្យោបាយ ទាំងអស់» ដែលខ្លួនមានក៏ដោយ។ យ៉ាងណាមិញ កន្លងមក គេសង្កេត ឃើញមានការជំរុញពីអ្នកស្នេហាជាតិរុស្ស៊ី ឱ្យយោធារុស្ស៊ីប្រើគ្រាប់នុយ ក្លេអ៊ែរ ក្នុងការវាយប្រហារគោលដៅ ដើម្បីឱ្យអ៊ុយក្រែន និងលោកខាងលិចទទួល យកការទាមទារចង់បានរបស់រុស្ស៊ី។ អ្នកវិភាគខ្លាំងមើលឃើញថា នុយក្លេអ៊ែរ គឺជាការគំរាមកំហែងជាក់ច្បាស់ ដោយលោក ពូទីន នឹងបញ្ជាឱ្យប្រើវាប្រសិន បើទឹកដីរុស្ស៊ីរងការគំរាមកំហែង រហូតធ្វើឱ្យប្រទេសនេះចុះចាញ់៕
ដោយ៖ហួន ឌីណា

ads banner