វិភាគ សង្គ្រាមអ៊ុយក្រែនផ្លាស់ប្តូរទំនាក់ទំនងមហាអំណាចធំៗរបស់ពិភពលោក

កៀវ៖មួយឆ្នាំក្រោយការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីចាប់ផ្ដើមឡើង សង្រ្គាមនៅអ៊ុយក្រែនបានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងដល់ទំនាក់ទំនងរបស់មហាអំណាចពិភពលោកធំៗ។ ខណៈក្រុងវ៉ាស៊ីនតោន ប្រកាសថា ផែនការនៅអ៊ុយក្រែនរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បរាជ័យ ទីក្រុងមូស្គូបានគាស់ការគំរាមកំហែងនុយក្លេអ៊ែររបស់ខ្លួនមកវិញ ស្របពេលដែលចិនប្រកាន់ជំហររឹងមាំបន្ថែមទៀតចំពោះសហរដ្ឋអាមេរិក។

ប៉ុន្មានថ្ងៃមុនសង្រ្គាមគម្រប់ខួបមួយឆ្នាំប្រធានាធិបតីអាមេរិក ចូ បៃដិន បាន លេច មុខគួរឱ្យភ្ញាក់ផ្អើលនៅទីក្រុងកៀវ ហើយបង្ហាញជំហរបន្តគាំទ្រ អ៊ុយក្រែន។ ក្នុងថ្ងៃជាមួយគ្នានោះ លោក បៃដិន ថ្លែងអំពីមេដឹកនាំរុស្ស៊ី នៅពេលធ្វើដំណើរទៅដល់ប៉ូឡូញថា ៖ «គាត់(ពូទីន)គិតថា ជន ផ្ដាច់ការ ដូចគាត់គឺរឹងម៉ាំ ហើយមេដឹកនាំនៃលទ្ធិប្រជាធិបតេយ្យ គឺទន់ខ្សោយ ហើយ បន្ទាប់មក គាត់បានជួបនឹងឆន្ទៈដែករបស់អាមេរិក និងប្រជាជាតិនៅគ្រប់ទី កន្លែង ដែលបដិសេធមិនទទួលយកពិភពលោក ដែលគ្រប់គ្រងដោយការ ភ័យខ្លាច និងកម្លាំង»។ នេះបើតាមការស្រង់សម្ដីរបស់បណ្ដាញព័ត៌មាន Al Jazeera។

ក្រៅពីប្រកាសថា លោក ពូទីន បរាជ័យ លោក បៃដិន បានលើកឡើង យ៉ាង ដូច្នេះថា ៖ «រុស្ស៊ីគ្មានថ្ងៃនឹងឈ្នះលើអ៊ុយក្រែននោះទេ។ គ្មានថ្ងៃទេ»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចកាលពីថ្ងៃចន្ទទៅកាន់ទីក្រុងកៀវរបស់លោក បៃដិន ពោរពេញដោយហានិភ័យ ប៉ុន្តែត្រូវបានគេមើលឃើញថា បង្កប់ អត្ថន័យយ៉ាងជ្រាលជ្រៅ ដែលបង្ហាញពីការមិនបោះបង់អ៊ុយក្រែនចោល ទៅឱ្យរុស្ស៊ីត្របាក់យក។

មួយថ្ងៃក្រោយពីនោះ លោក ពូទីន បានថ្លែងក្នុងសុន្ទរកថាទៅកាន់ ប្រទេស នៅទី ក្រុងមូស្គូ ហើយបង្ហាញពីភាពត្រឹមត្រូវនៃការឈ្លានពានរបស់រុស្ស៊ី ដែលលោកនៅតែបន្តហៅថាជា «ប្រតិបត្តិការយោធាពិសេស»។ លោក ពូទីន បាននិយាយដោយសំដៅលើបដិវត្តន៍ Maidan អ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ដែលទម្លាក់ប្រធានាធិបតីប្ដូរផ្ដាច់នឹងរុស្ស៊ី លោក Viktor Yanukovich ថា៖ «កាលពីមួយឆ្នាំមុន ការសម្រេចចិត្តមួយបាន ធ្វើឡើងដើម្បីបើកប្រតិបត្តិការយោធាពិសេស ក្នុងគោលបំណងការពារ ប្រជាជននៅលើទឹកដីប្រវត្តិសាស្ត្ររបស់យើង ធានាសន្តិសុខនៃ ប្រទេស របស់យើង លុបបំបាត់ការគំរាមកំហែងដែលកើតចេញពីរបបក្រោយណាស៊ី ដែលកើតមាននៅអ៊ុយក្រែន បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤។

លោក ពូទីន បានបន្តថា ៖ «យើងបានធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហានេះដោយសន្តិវិធី»។ លោកនៅតែប្រកាន់ថា រុស្ស៊ីមិន អាចមានសុវត្ថិភាពពេលមានអ៊ុយក្រែនជាសមាជិកណាតូ នៅ តាម ព្រំដែន របស់ខ្លួនឡើយ។

បន្ថែមពីលើនេះ វាមិនខុសពីអ្វីច្រើនពីការលើកឡើងកន្លងមករបស់លោកទេ លោក ពូទីន នៅតែចាត់ទុកលោកខាងលិចប្រកាន់ចរិកបែបអាណា និគម និយម និងឈ្លានពាន។ លោកថ្លែងយ៉ាងដូច្នេះថា ៖ «គោលគំនិតនៃ កិត្តិយស ទំនុកចិត្ត ភាពសមរម្យ មិនសម្រាប់ពួកគេទេ។ អស់រយៈពេល ជាច្រើនសតវត្សន៍នៃអាណានិគមនិយម ការគាបសង្កត់ អនុត្តរភាព ពួកគេស៊ាំ នឹងការអនុញ្ញាតឱ្យធ្វើអ្វីគ្រប់យ៉ាង»។

សហរដ្ឋអាមេរិកឯនោះវិញ បានបង្កើនការព្រួយបារម្ភថា ចិនកំពុង គិតគូរពី ការផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ី ប៉ុន្តែមិនបញ្ជាក់អាវុធប្រភេទណាមួយ នោះទេ។ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អ៊ែនថូនី ប្ល៊ីងកែន បាននិយាយកាលពី ពេលថ្មីៗនេះប្រាប់ទូរទស្សន៍ក្នុងស្រុកថា ៖ «ការព្រួយបារម្ភដែល យើងមាន នៅពេលនេះ គឺផ្អែកលើព័ត៌មានដែលយើងមានថា ពួកគេ(ចិន)កំពុង ពិចារណា ផ្តល់ជំនួយអាវុធ ហើយយើងបានបញ្ជាក់យ៉ាងច្បាស់ចំពោះ ពួក គេថា ការផ្ដល់នោះនឹងបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរដល់យើង និងដល់ទំនាក់ ទំនងរបស់យើង»។

ការព្រួយបារម្ភបែបនេះ ក៏ត្រូវបានបញ្ជាក់ដោយអគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្ដូលថេនប៊ឺគ ផងដែរ ដែលបានឱ្យដឹងកាលពី ថ្ងៃព្រហស្បតិ៍ ថា ខ្លួនមិនទាន់ឃើញមានសញ្ញាណាមួយដែលបង្ហាញថាចិន ផ្គត់ផ្គង់អាវុធ ឱ្យរុស្ស៊ីនៅឡើយទេ ប៉ុន្តែថាក្រុងប៉េកាំងកំពុងរៀបចំផែនការនេះ។

ក្រោយការព្រួយបារម្ភនេះលេចធ្លោកាន់តែខ្លាំងឡើង ចិនបានធ្វើការ ច្រាន ចោលយ៉ាងដាច់អហង្ការ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉េនប៊ីន បានឆ្លើយតបនឹងការលើកឡើងរបស់លោក ប្ល៊ីងកែន ថា ៖ «មិនមែន ចិនទេ គឺសហរដ្ឋអាមេរិក ដែលជាអ្នកបង្ហូរអាវុធទៅទីសមរភូមិ។ អាមេរិក គ្មានឋានៈ មកប្រាប់ចិនឱ្យធ្វើអ្វីនោះទេ»។

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនៅតែប្រកាន់ជំហប្រឆាំងនឹងចិន ប្រសិនបើមានការសម្រេចចិត្តបែបនេះមែន ហើយវាមិនមែនជាលើកដំបូងទេ ដែលក្រុងវ៉ាស៊ីនតោនព្រមានចិនពី «ផលវិបាកធ្ងន់ធ្ងរ» បើប្រទេសនេះហ៊ាន ផ្ដល់អាវុធឱ្យរុស្ស៊ី។

សូមបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំមក ចិនមិនបានប្រឆាំង ឬថ្កោលទោសសកម្មភាពរបស់រុស្ស៊ីនោះទេ ប៉ុន្តែជំនួស មកវិញនូវការពង្រឹងទំនាក់ទំនងជាមួយក្រុងមូស្គូ ខណៈអំពាវនាវឱ្យ មានការចរចាសន្តិភាព ហើយពិចារណាលើការព្រួយបារម្ភរបស់រុស្ស៊ី។ ចិនថែមទាំងបានផ្ដល់ខ្លួន ធ្វើជាអ្នកសម្របសម្រួលលើជម្លោះទៀតផង ខណៈរក្សាខ្លួនជាអ្នកអព្យាក្រឹត្យ។

ម្ដងហើយម្ដងទៀត ចិនបានរក្សាជំហរទម្លាក់កំហុសឱ្យលោកខាងលិច ថាជាដើមហេតុនៃការឈ្លានពានរបស់រុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះ កាលពី ខែមិថុនាឆ្នាំមុន ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើការរិះគន់ សហរដ្ឋអាមេរិក ដោយអំពាវនាវពិភពលោកឱ្យ «បដិសេធចិត្តគំនិតនៃ សង្គ្រាមត្រជាក់ និងការប្រឈមមុខដាក់គ្នាក្នុងប្លុក ប្រឆាំងនឹងការដាក់ ទណ្ឌកម្មឯកតោភាគី និងការអាងលើទណ្ឌកម្ម»។

ដោយឡែកក្នុងខែកញ្ញា លោក ស៊ី បានប្រាប់លោក ពូទីន ក្នុងកិច្ច ប្រជុំកំពូល របស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅ ទីក្រុងសាម៉ាកង់ នៃប្រទេសអ៊ូសបេគីស្ថាន ថា ចិនមាន «ចម្ងល់ និងកង្វល់» អំពីសង្រ្គាម ហើយលើកឡើងពីតម្រូវការនៃស្ថិរភាពក្នុងកិច្ចការពិភពលោក។
ពីរខែក្រោយមក នៅពេលជួបជាមួយលោក បៃដិន នៅក្រៅកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូណេស៊ី លោក ស៊ី បានថ្លែងថា៖ «សហគមន៍ អន្តរជាតិ គួរតែរួមគ្នាប្រឆាំងនឹងការប្រើប្រាស់ ឬការគំរាមកំហែងអាវុធ នុយក្លេអ៊ែរ [និង]ធ្វើការតស៊ូមតិមិនឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងមិនឱ្យសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើង ដើម្បីទប់ស្កាត់វិបត្តិនុយ ក្លេអ៊ែរ នៅអឺរ៉ាស៊ី»។

ប៉ុន្តែការព្រួយបារម្ភពីសង្រ្គាមនុយក្លេអ៊ែរ បានកើតមានចុះឡើងៗក្នុងរយៈ ពេលមួយឆ្នាំនៃសង្រ្គាមនៃអ៊ុយក្រែន។ ក្រោយការឈ្លានពានថ្មីថ្មោង ពោលគឺនៅចុងខែកុម្ភៈឆ្នាំមុន លោក ពូទីន បានបញ្ជាឱ្យកងទ័ព កម្លាំង នុយក្លេអ៊ែរស្ថិតនៅក្នុងស្ថានភាពប្រុងជើងការណ៍ខ្ពស់ ដើម្បីឆ្លើយ តប ទៅនឹងអ្វីដែលលោកហៅថាជា «សេចក្ដីថ្លែងការណ៍ដ៏គឃ្លើនរបស់ណាតូ»។ ភាពតានតឹងបែបនេះ កើតមានឡើងវិញ នៅពេលលោក ពូទីន អះអាងពីការ «ប្រើប្រាស់គ្រប់មធ្យោបាយដែលមាន» ដើម្បី «ការពារ» ប្រជាជនរុស្ស៊ី ក៏ដូចជាប្រទេសរុស្ស៊ីនៅចុងខែកញ្ញា។ ការព្រមាននោះ ធ្វើឡើងជិត២ខែ ក្រោយលោកនិយាយនៅដើមខែសីហាថា សង្រ្គាមនុយក្លេអ៊ែរមិនត្រូវកើត មានទេ ព្រោះនឹងគ្មានភាគីណាមួយឈ្នះឡើយ។

ជាថ្មីម្ដងទៀត និងចុងក្រោយបំផុត ជុំវិញការព្រួយបារម្ភពីនុយក្លេអ៊ែរ កើត មានក្រោយបន្ទាប់ពី លោក ពូទីន បានប្រកាសដកខ្លួនរុស្ស៊ីចេញ ពីកិច្ច ព្រម ព្រៀងគ្រប់គ្រងនុយក្លេអ៊ែរជាមួយអាមេរិក New START ដែលកំណត់ ចំនួនក្បាលគ្រាប់មីស៊ីលនុយក្លេអ៊ែរតាកទិក ដែលប្រទេសទាំងពីរ អាច ដាក់ពង្រាយបាន។ ការប្រកាសកាលពីថ្ងៃអង្គារមុននេះ ធ្វើឡើងចំពេល មានការព្រួយបារម្ភស្ដីពីលទ្ធភាពផ្ដល់អាវុធឱ្យរុស្ស៊ីរបស់ចិន និងដំណើរ ទស្សនកិច្ចរបស់មន្ត្រីការទូតកំពូលចិន លោក វ៉ាង យី ទៅទីក្រុងមូស្គូ ដែលជាការបង្ហាញជំហរស្អិតរមួតនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។

អ្នកវិភាគមើលឃើញថា ការសម្រេចចិត្តរបស់ចិនក្នុងការខិតកាន់តែជិតរុស្ស៊ី ក្នុងអំឡុងពេលដែលក្រុងមូស្គូត្រូវការជំនួយ អាចរៀបចំទំនាក់ទំនងពិភព លោក ឡើងវិញជាមូលដ្ឋាន។ រហូតមកដល់ពេលនេះ រុស្ស៊ីបានបង្ហាញខ្លួន ឯងថាកំពុងស្ថិតក្នុងការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ដែលបានផ្តល់ ឱ្យអ៊ុយក្រែននូវសព្វាវុធទំនើបៗជាច្រើនដើម្បីទប់ទល់នឹងកងទ័ពរុស្ស៊ី។
ក្នុងករណីណាមួយ ប្រសិនបើចិនផ្ដល់អាវុធឱ្យរុស្ស៊ី វាអាចបង្ហាញពី តុល្យភាព ដែលអាមេរិក និងចិនជាអ្នកឧបត្ថម្ភភាគីទាំងសងខាងនៃ សង្គ្រាមនេះ។ ជំហានបែបនេះ អាចនឹងធ្វើឱ្យចិនក្លាយជាមហាអំណាច ធំមួយទៀតទន្ទឹមនឹងសហរដ្ឋអាមេរិក ប៉ុន្តែវានឹងទម្លាក់រៀងរបស់រុស្ស៊ី៕
ដោយ៖ហួន ឌីណា

ads banner