ប្រជាជនព័រទុយហ្គាល់រាប់ពាន់នាក់ ចេញធ្វើបាតុកម្មតវ៉ាជុំវិញ វិបត្តិតម្លៃនៃការរស់នៅ

លីសបោន៖ប្រជាជនព័រទុយហ្គាល់រាប់ពាន់នាក់ បានចេញធ្វើបាតុកម្ម នៅ តាម ដងផ្លូវនាទីក្រុងលីសបោនកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ ដោយ ទាមទារ ឱ្យរដ្ឋាភិបាលចេញធ្វើសកម្មភាពដើម្បីឱ្យខ្លួនអាចរស់នៅស្រួល ក្រោយពី អតិផរណាក្នុងប្រទេសបានកើនឡើងខ្ពស់ ដែលធ្វើឱ្យមានវិបត្តិតម្លៃនៃ ការរស់នៅ ឬការចំណាយកាន់តែច្រើន។

បាតុកម្មចុងក្រោយនេះ ត្រូវបានរៀបចំឡើងដោយចលនា Fair Life ដែលបង្កើតឡើងដោយប្រជាជនក្រីក្រដែលរស់នៅជាយក្រុងបោន។ ចលនានេះនិយាយថា អ្នកដែលងាយរងគ្រោះបំផុតមុនពេល អតិផរណា ហក់ឡើង គឺជាអ្នកដែលរងគ្រោះខ្លាំងបំផុតដោយវិបត្តិ តម្លៃរស់នៅ ដែលកំពុងបន្ត។

ដោយហេតុនេះ ក្រុមបាតុករបានស្នើឱ្យរដ្ឋាភិបាលតម្លៃប្រាក់ខែខ្ពស់ កំណត់ លើតម្លៃទំនិញសំខាន់ៗផ្សេងៗ បន្ថែមពីលើចំណាត់ការផ្សេងៗទៀត។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
គួរគូសបញ្ជាក់ថា ព័រទុយហ្គាល់គឺជាប្រទេសក្រីក្រជាងគេមួយក្នុងចំណោម ប្រទេសនៅអឺរ៉ុបខាងលិច ដោយទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា កម្មករជាង ៥០ ភាគរយ ទទួលបានប្រាក់បៀវត្សរ៍តិចជាង ១ ០៥៤ ដុល្លារ ក្នុងមួយខែកាលពីឆ្នាំមុន។ ប្រាក់ឈ្នួលអប្បបរមាប្រចាំខែនៅព័រទុយហ្គាល់ មានត្រឹម ៨០៣ ដុល្លារ/ខែប៉ុណ្ណេះ។
ខណៈប្រជាជនជួបនូវបញ្ហាចំណូល តម្លៃផ្ទះនៅព័រទុយហ្កាល់បានកើនឡើង ១៨,៧ ភាគរយក្នុងឆ្នាំ ២០២២ ដែលជាការកើនឡើងខ្ពស់បំផុតមិនធ្លាប់ មាន ក្នុងរយៈពេល៣ទសវត្សរ៍មកនេះ ស្របពេលដែល តម្លៃផ្ទះជួល ក៏ ហក់ឡើងផងដែរ។

ប្រាក់ឈ្នួលទាប និងតម្លៃជួលខ្ពស់ធ្វើឱ្យទីក្រុងលីសបោន ក្លាយជាទីក្រុង មានលក្ខខណ្ឌពិបាកក្នុងការរស់នៅ ខណៈអត្រាអតិផរណា ៨,៣ ភាគរយ របស់ប្រទេស ធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរទៅៗ។
កាលពីសប្តាហ៍មុន ព័រទុយហ្គាល់បានប្រកាសនូវកញ្ចប់វិធានការដ៏ច្រើន ដើម្បីដោះស្រាយវិបត្តិលំនៅដ្ឋាន ប៉ុន្តែក្រុមសិទ្ធិមនុស្សបានលើកឡើងថា សំណើនេះនឹងមានន័យតិចតួច ប្រសិនបើអាជ្ញាធរបន្តផ្សព្វផ្សាយ គោល នយោបាយផ្សេងទៀតដើម្បីទាក់ទាញជនបរទេសដែលមានទ្រព្យសម្បត្តិច្រើន ឱ្យមករស់នៅក្នុងប្រទេស៕
ដោយ៖ហួន ឌីណា

ads banner