អត្រាគ្មានការងារធ្វើរបស់ឥណ្ឌាធ្លាក់ចុះ ៧.២ភាគរយនៅចន្លោះខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២
ញូវដែលី៖ ការស្ទង់មតិនាពេលថ្មីៗនេះដែលធ្វើឡើងដោយរដ្ឋាភិបាលឥណ្ឌា បានបង្ហាញពីអត្រាគ្មានការងារធ្វើ សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៥ឆ្នាំ និងច្រើនជាងនេះនៅក្នុងតំបន់ជាយក្រុង បានធ្លាក់ចុះមកត្រឹម ៧.២ភាគរយ ក្នុងកំឡុងខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២ បើធៀបនឹង ៨.៧ភាគរយកាលពីឆ្នាំមុន។
អត្រាគ្មានការងារធ្វើ គឺជាភាគរយនៃកម្លាំងពលកម្មដែលកំពុងស្វែងរកការងារធ្វើ។ យោងតាមការស្ទង់មតិបានឱ្យដឹងថា អត្រាគ្មានការងារធ្វើមានកម្រិតខ្ពស់រហូត ៨.៧ភាគរយនៅចន្លោះខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១ ដែលត្រូវបានចាត់ទុកថា កត្តាចម្បង ដោយសារផលប៉ះពាល់នៃការរឹតបន្តឹងទាក់ទងនឹងជំងឺ COVID-19 នៅក្នុងប្រទេស។
អត្រាគ្មានការងារធ្វើក្នុងខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២ គឺ ៧.២ភាគរយ ហើយទិន្នន័យគឺ ៧.៦ភាគរយនៅក្នុងខែមេសា ដល់ខែមិថុនា ឆ្នាំ២០២២។ ចំណែកនៅក្នុងខែមករា ដល់ខែមីនា ឆ្នាំ២០២២ ការស្ទង់មតិបានបង្ហាញថា អត្រាគ្មានការងារធ្វើ គឺ ៨.២ភាគរយ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា




