ទិវាសត្វក្រៀលលើកទី៦ ត្រូវបានប្រារព្ធឡើងដើម្បីផ្សព្វផ្សាយនិង ជំរុញឱ្យ សហគមន៍ មូលដ្ឋានចូលរួមក្នុងការអភិរក្ស

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជាសហការជាមួយក្រសួង បរិស្ថាន បានរៀបចំប្រារព្វទិវាសត្វក្រៀលលើកទី៦ ដើម្បីផ្សព្វផ្សាយកិច្ច ការងារ អភិរក្សក្នុងតំបន់ទៅដល់សាធារណជន និងជំរុញឱ្យសហគមន៍ មូលដ្ឋាន រួមនឹងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការអភិរក្សសត្វក្រៀល ដែល កំពុងរងគ្រោះឈានទៅផុតពូជ។

ទិវាសត្វក្រៀលនេះ នឹងត្រូវធ្វើនៅឡើងនៅតំបន់ការពារទេសភាពអន្លង់ព្រីង ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត នាថ្ងៃទី២៨ ខែកុម្ភ: ខាង មុខនេះ ដោយមានការរៀបចំព្រឹត្តិការណ៍សំខាន់រួមមាន កម្មវិធីដាំកូនឈើ ប្រមាណ ៤៥០ដើមដែលនឹងដាំនៅតាមបណ្តោយផ្លូវដែលទើបពង្រីករួច ដែលឆ្លងកាត់ក្នុងតំបន់ការពារនេះ។ មានកម្មវីធីការរត់ប្រណាំង ជិះកង់ ការប្រកួតប្រជែងគំនូរ ព្រមទាំងមានការសម្ដែងរបស់កុមារដែលមានការ ប្រឡងសួរសំណួរ-ចម្លើយទាក់ទងនឹងការងារអភិរក្សសត្វក្រៀលផងដែរ។

បើតាម លោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាប អន្តរជាតិ ប្រចាំកម្ពុជា (BirdLife International Cambodia Programme) បានប្រាប់ឲ្យដឹងថា កម្មវិធីទិវាសត្វក្រៀលនេះ គឺត្រូវបានធ្វើជារៀងរាល់ឆ្នាំ នៅតំបន់អន្លង់ព្រីងក្នុងខេត្តកំពត និងតំបន់បឹងព្រែកល្ពៅក្នុងខេត្តតាកែវ ហើយនេះជាលើកទី៦ហើយ ដែលមានការប្រារព្វទិវានេះឡើង។
លោកបានបន្តថា ចំពោះការប្រារព្វទិវាសត្វក្រៀលដែលតែងតែធ្វើ នៅតំបន់ ទាំងពីរនោះ ដោយសារទីតាំងទាំងនេះ មានវត្តមានសត្វក្រៀល មកចុះរក ចំណីចាប់ពីខែឆ្នូ រហូតទៅដល់ខែមិថុនា។ ដូច្នេះហើយក្នុងគោល បំណង ដែល តែងតែធ្វើទិវាសត្វក្រៀលនេះ គឺជាការជម្រុញការចូលរួមរបស់ សហគមន៍ក្នុងការការពារ និងការអភិរក្សសត្វក្រៀលខណៈពេលដែលសត្វ ក្រៀលនេះកំពុងមានវត្តមានជុំវិញតំបន់ដីសើម។

ទន្ទឹមនឹងនេះលោកបញ្ជាក់ថា ក៏ជាការជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជា អ្នកពាក់ព័ន្ធផ្សេងៗចូលរួមក្នុងការការពារ និងគ្រប់គ្រងទីជម្រក របស់ សត្វនេះឲ្យមានភាពប្រសើរឡើង។

លោក ប៊ូ វរសក្ស លើកឡើងថា ៖ «ចំពោះកម្មវិធីនេះ យើងនឹងរៀបចំដោយ មានការសម្ដែងរបស់កុមារ មានការប្រឡងសួរសំណួរ-ចម្លើយទាក់ទង នឹងការងារអភិរក្ស ទាក់ទងនឹងសារៈសំខាន់សត្វក្រៀលនៅតំបន់ដីសើម ដែលជាទីជម្រករបស់វា ហើយក៏មានការជិះកង់កាត់ភូមិ និងរត់ប្រណាំង ដើម្បីផ្សព្វផ្សាយពីការអភិរក្សសត្វក្រៀល និងជំរុញចូលរួម សម្អាត តំបន់ ដីសើមជាដើមផងដែរ»។ ទោះបីជាកម្មវិធីគ្រោងរៀបចំទាំងនេះ ត្រូវបាន ធ្វើឡើងក្នុងកម្រិតកុមារ និងសហគមន៍មូលដ្ឋាន ឬក្នុងតំបន់ការពារក៏ដោយ តែវាជាការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយទៅកាន់សាធារណជនទូទៅផងដែរ។

សម្រាប់ឆ្នាំនេះ លោកបញ្ជាក់ថាមានការប្រកួតគូរគំនូររវាងសាលាចំនួនពីរ ដែលស្ថិតនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីងនោះ គឺអ្នកដែលបាន ត្រៀម គំនូរ ដើម្បីធ្វើការប្រកួតប្រជែងគ្នា ពួកគាត់នឹងធ្វើបទបង្ហាញពី អត្ថន័យ នៃគំនូរ ដែលទាក់ទងនឹងតំបន់ដីសើមនៅសហគមន៍របស់ពួកគាត់ថា វាមាន សារៈសំខាន់ ឬអត្ថប្រយោជន៍យ៉ាងណា ក្នុងការងារអភិរក្សសត្វក្រៀល។
លោក វរសក្ស បន្ថែមថា ក្រៅពីការប្រកួតគូរគំនូរហើយ កម្មវិធីដែល សំខាន់ មួយ ទៀត គឺការដាំដើមឈើ នៅតាមដងផ្លូវដែលបានពង្រីកហើយ ពីព្រោះ ថាកន្លងមកដើមឈើនៅសងខាងផ្លូវ ត្រូវបានកាប់ដោយសារពង្រីក ដូច្នេះ បើមិនដាំដើមឈើដែលបានកាប់ទាំងនោះឡើងវិញទេ វាមានការប៉ះពាល់ ដល់សត្វក្រៀល នៅពេលដែលមានអ្នកដំណើរឆ្លងកាត់តំបន់អភិរក្ស។

យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា ចំនួនសត្វក្រៀលមានការថយចុះ ដែលមកទល់ឆ្នាំ២០២២ មានសល់ត្រឹមតែជាង១៥០ក្បាលប៉ុណ្ណោះ ខណៈដែលចំនួនសត្វនេះបានថយចុះជាបន្តបន្ទាប់ពីឆ្នាំ២០២០មក ហើយក្រសួងបរិស្ថានបាននិងកំពុងសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជាក្នុងការតាមដាននិងការពារទីជម្រកសត្វក្រៀលដែលកំពុងរងគ្រោះជិតផុតពូជនេះ។
យោងតាមការជំរឿនសត្វក្រៀល នៅឆ្នាំ២០២០ កម្ពុជាមានសត្វក្រៀល ចំនួន ១៩៤ក្បាល, នៅឆ្នាំ២០២១ ចំនួនសត្វក្រៀលបានធ្លាក់ចុះមក នៅ តែ១៦៤ក្បាល ហើយរហូតមកដល់ឆ្នាំ២០២២នេះ តាមរបាយការណ៍ បណ្តោះអាសន្ន ចំនួនសត្វក្រៀលបានបន្តធ្លាក់ចុះនៅសល់ត្រឹម ជាង១៥០ ក្បាលប៉ុណ្ណោះ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ធ្លាប់បានប្រាប់ឱ្យដឹងថា ចំនួនសត្វក្រៀលនៅលើពិភពលោកសព្វថ្ងៃនេះ មានចន្លោះពី១៣ ០០០ ទៅ១៥ ០០០ក្បាល ដែលរស់នៅក្នុងប្រទេស ឥណ្ឌា អូស្ត្រាលី វៀតណាម ឡាវ និងកម្ពុជា។
សត្វក្រៀលតែងតែបង្ហាញវត្តមាននៅទីតាំង៣សំខាន់គឺអាងត្រពាំងថ្មក្នុងខេត្តបន្ទាយមានជ័យ តំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត និងតំបន់ ការពារទេសភាពបឹងព្រែកល្ពៅនៅខេត្តតាកែវ។ ការបង្ហាញខ្លួនេះគឺ ដើម្បីរក ចំណីបន្តការរស់នៅក្នុងតំបន់ដីសើមដែលសម្បូរចំណីនេះពីខែធ្នូដល់ខែកុម្ភៈរៀងរាល់ឆ្នាំ ខណៈនៅរដូវពងកូន សត្វនេះនឹងផ្លាស់ទីទៅតំបន់ ព្រៃរបោះ ក្នុងខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរីវិញ៕
ដោយ៖ជា សុខនី

ads banner