រដ្ឋបាលរាជធានីភ្នំពេញ ៖ ស្ពានអាកាសឫស្សីកែវ ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣តទៅ

ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានជំរាបដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្ពានអាកាស ឫស្សីកែវ ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងទទួលការសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) តាមវិធីសាស្ត្រយកទីក្រុងចិញ្ចឹមទីក្រុង ។

បច្ចុប្បន្នស្ពានអាកាសដែលមានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ និងមានទទឹង ១៥,៨ម៉ែត្រ ដែល ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ទទួលបានគោលការណ៍សាងសង់ពីរាជរដ្ឋាភិបាល សម្រេច ការសាងសង់បានស្ទើរតែ ១០០ភាគរយហើយ នៅសល់តែការងារក្រាលកៅស៊ូ និងអ៊ុតគំនូសចរាចរ ដែលគ្រោង នឹងបញ្ចប់ការដ្ឋានសាងសង់ទាំងស្រុងនាប៉ុន្មានថ្ងៃខាងមុខនេះ។ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញបានទទួលគោលការណ៍អនុញ្ញតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដាក់ឱ្យប្រើប្រាស់ជា បណ្ដោះអាសន្នស្ពានអាកាសឫស្សីកែវ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នេះតទៅ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា ។

ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌឫស្សីកែវ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាព ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner