ឯកឧត្តម ណុប ចាន់ណារិន្ទ៖ ឣំពាវនាវ ឲ្យបងប្អូនម្ចាស់អាជីវកម្មខ្នាតតូច លក់ដូរតាមផ្ទះ និងម្ចាស់ផ្ទះ ដែលមានឣ្នកកំពុងបម្រើការងារតាមផ្ទះរបស់ខ្លួន ឲ្យទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម ណុប ចាន់ណារិន្ទ សុំឲ្យប្រធានក្រុមគណបក្សប្រជាជនកម្ពុជានៅតាមភូមិទាំង១១ ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញជួយជំរុញដល់បងប្អូនម្ចាស់អាជីវកម្មខ្នាតតូច លក់ដូរតាមផ្ទះ ផ្តល់ឱកាសដល់បងប្អូនដែលកំពុងបម្រើការងារនៅក្នុងសេវាទទួលភ្ញៀវ អនាម័យ ចុងភៅ និងអ្នកបម្រើការងារតាមផ្ទះ បានទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ។

សូមបញ្ជាក់ថា ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាឣ្នកនាំពក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ រួមនឹង លោក សុខ គិមហេង លោកស្រី ប៉ុន ដានី អនុប្រធានក្រុមការងារសង្កាត់ និងលោក ប៉ែន សារឿន ប្រធានគណបក្សសង្កាត់បានចុះជួបជាមួយ ប្រធាន អនុក្រុមបក្សទាំង១១ភូមិ ដែលធ្វើឡើងក្នុងគោលបំណងមួយចំនួនដូចជា៖

១-ពិនិត្យបច្ចុប្បន្នភាពសមាជិកបក្ស
២-ស្តាប់របាយការណ៍សកម្មភាពបក្ស ពិសេសលើការងារយកចិត្តទុកដាក់ចំពោះបងប្អូនប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ
៣-ពិនិត្យកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះជួយសង្កាត់ ដើម្បីដាក់ជូនប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌពិនិត្យ ។
៤-ពិនិត្យសមាសភាពសមាជិកគណបក្សថ្មីចំនួន១២៦នាក់ ដើម្បីធ្វើពិធីបញ្ចូលនាពេលខាងមុខ ។
កិច្ចប្រជុំបានឯកភាពទាំងស្រុងតាមការពិភាក្សាជាសមូហភាព និងបានចែករំលែកបទពិសោធន៍ដើម្បីសម្រេចជោគជ័យនាដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា នាថ្ងៃ២៣ កក្កដា ២០២៣ ៕


