វៀតណាម ទទួលការវិនិយោគកើនឡើងខ្លាំងពីអូស្ត្រាលី ដោយសារកម្លាំងពលកម្មថោក សម្បូរយុវជន និងស្តង់ដារអប់រំខ្ពស់

វៀតណាម បានក្លាយជាគោលដៅដ៏ទាញទាញសម្រាប់ក្រុមអ្នកវិនិយោគអន្តរជាតិ រួមមានទាំងក្រុមធុរកិច្ចមកពីអូស្ត្រាលីផងដែរ ទាក់ទាញដោយសារតែកម្លាំងពលកម្មថោក សម្បូរយុវជន និងស្តង់ដារអប់រំខ្ពស់ ស្របពេលដែលគោលនយោបាយរបស់រដ្ឋាភិបាលបានផ្តល់អនុគ្រោះពន្ធ និងគោលនយោបាយលើកទឹកចិត្តផ្សេងៗទៀត សម្រាប់ក្រុមហ៊ុនបរទេស។

នេះបើតាមការចេញផ្សាយរបស់អត្ថបទមួយ ចេញផ្សាយដោយសារព័ត៌មាន Australian Financial Review កាលពីថ្ងៃទី២២ សីហា ម្សិលមិញ។ ប្រភពថា វៀតណាមដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់ជនជាតិអូស្ត្រាលី ក្នុងការសម្រាកពេលថ្ងៃឈប់សម្រាក ហើយពេលនេះ ក៏ជាទិសដៅវិនិយោគធំៗ ពីវិនិយោគិនអូស្ត្រាលីថែមទៀត។

ស្ថិតិពីក្រសួងផែនការ និងវិនិយោគវៀតណាមបង្ហាញថា ការវិនិយោគរបស់អូស្ត្រាលីនៅវៀតណាម បានកើនដល់ជាង១២៤លានដុល្លារអាម៉េរិក ក្នុងរយៈពេល៧ខែឆ្នាំ២០១៩កន្លងមកនេះ ជាហេតុនាំឲ្យអូស្ត្រាលី បានជាប់ចំណាត់ថ្នាក់លេខ១៥ក្នុងចំណោម៩៩ប្រទេសនិងតំបន់ វិនិយោគនៅប្រទេសវៀតណាម។ គិតត្រឹមខែកក្កដា ឆ្នាំ២០១៩ វៀតណាម ទទួលគម្រោងវិនិយោគពីអូស្ត្រាលីចំនួន៤៦៥គម្រោង មានទុនវិនិយោគជិត២ពាន់លានដុល្លារអាម៉េរិក។

របាយការណ៍នេះ ត្រូវបានចេញផ្សាយ ស្របពេលដែលនាយករដ្ឋមន្ត្រីអូស្ត្រាលី កំពុងធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម២ថ្ងៃ ដោយប្រធានបទសំខាន់ផ្តោតលើពាណិជ្ជកម្ម។ នេះបើតាមនាយករដ្ឋមន្ត្រីអូស្ត្រាលី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner