រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវឲ្យប្រជាពលរដ្ឋ បញ្ឃប់ទៅទន្ទ្រានកាន់កាប់ដីរដ្ឋនិងដីកម្មសិទ្ធិឯកជន តាមរយៈការឃោសនារបស់ក្រុមមេខ្យល់

អត្ថបទដោយ៖
CPA

ព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវទៅដល់ប្រជាពល រដ្ឋ ទាំងអស់ សូមឈប់ចាញ់បោកការឃោសនា របស់ក្រុមមេខ្យល់ឱ្យ ចូលទៅទន្ទ្រានកាន់កាប់ដីរដ្ឋ និងដីកម្មសិទ្ធិឯកជន ខណៈដែលដីនេះ ត្រូវបានរដ្ឋាភិបាល ប្រគល់ជូនធនាគារកាណាឌីយ៉ា គ្រប់គ្រងជា កម្មសិទ្ធិស្របច្បាប់។
កាអំពាវនាវនេះត្រូវបានធ្វើឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុចុះថ្ងៃទី២៤ ខែកុម្ភៈ ស្ដីពីការបញ្ជាក់ អំពី ករណីប្រជាពលរដ្ឋប្រមាណ២៥០គ្រួសារ ដែលមានការពាក់ព័ន្ធ លើទីតាំងដីកម្មសិទ្ធិស្របច្បាប់របស់ធនាគារ កាណាឌីយ៉ា មាន ទីតាំងស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណ ២៥០គ្រួសារ ដែលមានពាក់ព័ន្ធលើទីតាំងដីកម្មសិទ្ឋិស្រប ច្បាប់របស់ ធនាគារ កាណាឌីយ៉ា មានទីតាំងស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្រវត្តិដើមជាដីរបស់ឈ្មោះ ឡុង សាខន និងឈ្មោះ ស៊ិន សុថាវី មានប័ណ្ណកម្មសិទ្ធិចំនួនបីប័ណ្ណរួម មាន៖ លេខ CI-0532, C−0533, CH-0534 ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៤។

ប៉ុន្តែនៅអំឡុងឆ្នាំ២០១៩ មានក្រុមមេខ្យល់បានបំផុសបំផុល ប្រជាពលរដ្ឋ ឲ្យចូលទន្ទ្រានកាន់កាប់លើទីតាំងដីនេះ ដោយសំអាងថា ទីតាំងដីខាងលើនេះជាដីរបស់រដ្ឋ។

ការទន្ទ្រានយកដីនេះបានបង្កើតជារូបភាពលក់ទិញ និងផ្ទេរសិទ្ធិពី បុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត ដោយឯកសារពុំមានលក្ខណៈ គតិយុត្ត ហើយក្រុមអនាធិបតេយ្យទាំងនោះបានប្រើប្រាស់ឯកសារ ដែលបានបង្កើតឡើងនេះ ទៅដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅអាជ្ញាធរ ពាក់ព័ន្ធ និងស្ថាប័នថ្នាក់ជាតិ ដើម្បីស្នើសុំកាត់ឆ្វៀលដីចេញពីគម្រប ព្រៃឈើឆ្នាំ២០០២ និងចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់។

ប្រភពដដែលបានបន្តថា លុះដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាសម្រេចបង្គាប់ឱ្យ ប្រគល់អចលនវត្ថុលេខ ២១ត.រ/២០ បង្គាប់ឱ្យឈ្មោះ ឡុង សាខន និងឈ្មោះ ស៊ិន សុថាវី ប្រគល់អចលនវត្ថុចំនួន៣ប័ណ្ណខាងលើឱ្យទៅ ធនាគារកាណាឌីយ៉ា។

ក្រោយទទួលបានសិទ្ធិតាមដីកាសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុ ធនាគារកាណាឌីយ៉ា បានស្នើទៅក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ សុំកាត់ឆ្កៀលដីចេញពីដែនគម្របព្រៃ ឈើឆ្នាំ ២០០២ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងផ្តល់កម្មសិទ្ធិ។
ក្រោយទទួលបានកម្មសិទ្ធិស្របច្បាប់ ធនាគារកាណាឌីយ៉ា រួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានខិតខំធ្វើការសម្របសម្រួល ដើម្បីដោះស្រាយគោលនយោបាលផ្ដល់ដីឡូត៍ជូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅ និងអាស័យផលជាក់ស្ដែងលើទីតាំងដី។
ជាលទ្ឋផលមានប្រជាពលរដ្ឋមួយចំនួនធំបានឯកភាពទទួលយក និងនៅសល់ប្រជាពលរដ្ឋមួយចំនួនតូច នៅបន្តជឿតាមការញុះញង់ ពីសំណាក់មេខ្លោង និងមេខ្យល់ ដែលបានធ្វើសកម្មភាពញុះញង់ បំផុស បំផុលឲ្យប្រជាពលរដ្ឋ នៅបន្តការទន្ទ្រានកាន់កាប់លើដីកម្មសិទ្ធិ របស់អ្នកដទៃ ពុំទាន់ទទួលយកគោលការណ៍ដោះស្រាយ ក្រោម ការសម្របសម្រួលរបស់រដ្ឋបាលខេត្តព្រះសីហនុ។

ប្រភពដដែលលើកឡើងថា ៖ «រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមឈប់ចាញ់បោកការឃោសនា របស់ ក្រុមមេខ្យល់ឲ្យចូលទៅទន្ទ្រានកាន់កាប់ដីរដ្ឋ និងដីកម្មសិទ្ធិឯកជន។ រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការផ្លូវច្បាប់យ៉ាង ម៉ឹងម៉ាត់បំផុត ចំពោះក្រុមមេខ្យល់ដែលមានបំណងបង្កចលាចល បំផុសបំផុល ចលនា អនាធិបតេយ្យចូលទន្ទ្រានដីរដ្ឋ និងដីកម្មសិទ្ធិឯកជន នៅលើ ទឹកដីនៃខេត្តព្រះសីហនុ ដោយគ្មានការលើកលែងឡើយ»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ២៨០អនក្រ.បក សម្រេចកាត់ឆ្វៀលដី ចេញ ពីដែនគម្របព្រៃឈើឆ្នាំ២០០២ និងប្រគល់ជូនធនាគារ កាណា ឌីយ៉ា គ្រប់គ្រងជាកម្មសិទ្ធិ។ បន្ទាប់ពីទទួលបានអនុក្រឹត្យពីរាជរដ្ឋាភិបាល ធនាគារកាណាឌីយ៉ា បានស្នើសុំចុះបញ្ជីដីតាមនីតិវិធី ហើយបានទទួល នូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន០២ប័ណ្ណលេខ ១៨០២០៣០១-០០២៩ និង១៨០២០៣០១-០០៣០ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២៕
ដោយ៖ជា សុខនី

ads banner