កសិកររឿន ថាវរ័ត្នប្រើប្រាស់ធនធានឱ្យអស់លទ្ធភាពប្រែជាកន្លែងទេសចរណ៍ដ៏ទាក់ទាញ

អត្ថបទដោយ៖
CPA

ត្បូងឃ្មុំ៖ផ្ដើមចេញពីការស្រលាញ់ចូលចិត្តការដើរលេង កសិករមួយ រូប បានកែប្រែទីតាំងដែលខ្លួនមានស្រាប់ ទៅជាគោលដៅទេសចរណ៍ បែប ធម្មជាតិមួយដ៏ស្រស់ត្រកាល។

ជាការពិត ត្រឹមតែការស្រលាញ់តែ មួយមុខក៏មិនអាចធ្វើឱ្យ លោក អាច ឈានទៅបង្កើតតំបន់ទេសចរណ៍មួយបានដែរ ដោយទាមទារនូវ ការមានធនធាន បូកបញ្ចូលនូវគំនិតច្នៃប្រឌិត ដើម្បីអាចកែប្រែតំបន់ នោះឱ្យមានភាពទាក់ទាញ។ប៉ុន្តែ ធនធានដែលលោកមានជា យូរ មក ហើយគឺជាបឹងដែលមានទឹកល្វឹងល្វើយ ដែលជាទម្លាប់គឺលោក និង គ្រួសារបានប្រើប្រាស់ដីនេះដើម្បីដាំឈូកយកផ្លែ។


ដើម្បីបង្កើនចំណូលបន្ថែម ពីលើចំណូលលក់ផ្លែឈូកតែមួយមុខ កសិករដែលជាម្ចាស់បឹងបាននឹកឃើញនូវគំនិតរៀបចំតំបន់នេះទៅជារមណីយដ្ឋានទេសចរណ៍តែម្ដង។
បឹងដែលមានផ្កាឈូករីកស្កុះស្កាយយ៉ាងស្រស់ស្អាតនេះ ត្រូវបាន បង្កើត ឡើងក្នុងឆ្នាំ ២០២០ ដោយក្រុមគ្រួសាររបស់កសិករ រឿន ថាវរ័ត្ន បានចំណាយប្រាក់ក្នុងការរៀបចំអស់ជិតមួយម៉ឺនដុល្លារ ។ដើមទុននៃការរៀបចំនេះអស់ច្រើន ក៏ដោយសារតែទីធ្លារបស់ បឹង មានទំហំធំ ហើយសភាពផ្លូវក៏មិនអំណោយផលសម្រាប់ដើរដែរ ម្លោះហើយលោកត្រូវចំណាយលើការធ្វើស្ពានជាច្រើនកន្លែង។


រមណីយដ្ឋានមួយនេះ មានទីតាំងនៅក្នុងឃុំប៉ើស២ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ និងត្រូវបានគេដាក់ឈ្មោះថា «ស្ពានបឹងឈូក»។ រមណីយដ្ឋានស្ពានបឹងឈូកនេះ មានចំណុចទាក់ទាញស្នូលគឺ បឹងឈូកនេះឯង ហើយនៅជុំវិញបឹង ក៏ត្រូវបានហុំព័ទ្ធជុំវិញដោយ វាលស្រែខៀវស្រងាត់ផងដែរ។
លោក រឿន ថាវរ័ត្ន បានឱ្យដឹងថា ៖ «ដោយសារខេត្តយើងជាខេត្តទើប បង្កើតឡើងថ្មីថ្មោង ទើបមិនសូវទាន់មានកន្លែងទេសចរណ៍ច្រើនប៉ុន្មាន តែក៏មានមានភ្ញៀវច្រើនគួរសមដែរ ដែលបានចូលមកលេងកន្លែងយើង និងទទួលសេវាកម្មរបស់យើង»។
ម្ចាស់រមណីយដ្ឋានរូបនេះបានបន្តឱ្យដឹងពីចំនួនភ្ញៀវជាមធ្យមដែលចូលទៅទស្សនាកន្លែងរបស់យ៉ាង ដូច្នេះថា៖ «ចំពោះភ្ញៀវដែល ចូល មកលេងនៅទីនេះមានស្ទើររាល់ថ្ងៃ ដោយថ្ងៃធម្មតាមានបង ប្អូន ចូលមកលេង និងទទួលទានអាហារប្រមាណ១០០-២០០នាក់។ ចំណែកពេលមានបុណ្យទានវិញមានភ្ញៀវកើនឡើងដល់ ៤០០-៦០០នាក់»។
បើតាមការអះអាងរបស់លោក រឿន ថាវរ័ត្ន ថា មិនត្រឹមតែប្រជាជន ក្នុងតំបន់នេះប៉ុណ្ណោះទេ ដែលចាប់អារម្មណ៍ទៅ ទស្សនាកន្លែងរបស់ លោក តែក៏មានផងដែរនូវភ្ញៀវមកពីខេត្តឆ្ងាយៗ ដែលជាអ្នកដំណើរ និងអ្នកខ្លះ មានបំណងចង់មកសម្រាកលំហែរជាលក្ខណៈគ្រួសារ តែម្ដង។
ក្រៅពីទេសភាពស្រស់ស្អាតចេញពីបឹងឈូក និងវាលស្រែទៅ លោក ក៏មានរៀបចំជាទីតាំងថតរូបជាច្រើន ព្រមទាំងមាន សេវា កម្ម ម្ហូបអាហារ ដែលអាចទទួលស្វាគមន៍ភ្ញៀវយ៉ាងដិតដល់ ផងដែរ។
ម្ចាស់រមណីយដ្ឋានដដែលបានបន្តរៀបរាប់ថា បើសិនលោកមិនបាន នឹកឃើញកែច្នៃបែបនេះទេ ម៉្លោះលោក និងគ្រួសារក៏នៅតែពឹងផ្អែក លើតែការដាំឈូកលក់ ដោយមិនបានអភិវឌ្ឍន៍អ្វីនោះឡើយ ដែលខុសពីពេលនេះ មិនត្រឹមតែលោកផ្ទាល់អាចទទួលបានចំណូល បន្ថែមនោះទេ តែតំបន់របស់លោកទាំងមូលក៏ចាប់ផ្ដើមមានសភាព អ៊ូអរជាងមុន ដោយសារភ្ញៀវសម្រុកមកលេង។
បើទោះជាមានការគាំទ្រពីប្រជាជនក្នុងស្រុកប្រមាណពីរឆ្នាំមកហើយក្ដី ប៉ុន្តែលោក រឿន ថាវរ័ត្ន និងក្រុមគ្រួសារ ក៏មានគម្រោងពង្រីក ទីតាំង ទេសចរណ៍មួយនេះបន្ថែមទៀត ដោយការពង្រីកសេវា កម្ម បន្ថែម និងធ្វើ ឱ្យតំបន់នេះមានបរិស្ថានស្រស់ស្អាតបាន យូរអង្វែង។
លោកក៏បានថ្លែងអំណរគុណដល់ភ្ញៀវក្នុងស្រុក ដែលជាចំណែក មួយក្នុងការគាំទ្រនូវភាពច្នៃប្រឌិតរបស់លោក ដែលកន្លងមក លោកផ្ទាល់ក៏មិននឹងស្មានថាអាចធ្វើបានជោគជ័យ ដូចបច្ចុប្បន្ននេះ ដែរ៕
ដោយ៖កែវ បុស្បា

ads banner