អគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក ត្រូវបានដាក់ឱ្យប្រើប្រាស់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការ អគារ មជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក និងសមាគម តន្រ្តីសំនៀងជនពិការរស់នៅ ក្នុងខណ្ឌព្រែកព្នៅ ដើម្បីឱ្យពួកគាត់ មានកន្លែងអាចរស់នៅបានដោយភាពកក់ក្ដៅនៅក្នុងសង្គម។

ការសម្ពោធនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៦ ខែកុម្ភៈ ដែល មាន ការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ស្ថិតនៅអគារ ២៩៨D ភូមិជំរៅ សង្កាត់ គោករកា ខណ្ឌព្រែកព្នៅ។

លោក ឈ បុណ្ណារដ្ឋ មន្ត្រីកម្មវិធីអង្គការជនពិការកម្ពុជា (CDPO) បានឱ្យដឹងថា ការសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌល បណ្តុះ បណ្តាល វិជ្ជាជីវៈជនពិការភ្នែក ជារឿងល្អ និងមានសារៈសំខាន់ខ្លាំង ណាស់ សម្រាប់ផ្ដល់ផលប្រយោជន៍ដល់ជនដែលមានពិការភាព នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលបច្ចុប្បន្ននេះជនមានពិការភាព ការដែលត្រូវតែទទួលបានការបណ្ដុះបណ្ដាលអាជីពការងារមួយសម្រាប់ពួកគាត់នៅមិនទាន់មានលក្ខណៈសមស្រប ទៅតាមជំនាញ ទៅតាមភាពពិការរបស់ពួកគាត់ផងដែរ។

លោក ឈ បុណ្ណារដ្ឋ បានប្រាប់ថា ៖ «អ៊ីចឹងការបើកអគារដើម្បីផ្ដល់ ឱកាសសម្រាប់ជនដែលមានពិការភាពទទួលបានការបណ្ដុះបណ្ដាលនេះ ជារឿងដែលល្អមែនទែន ហើយយើងក៏ដឹងស្រាប់ហើយថាស្រុក ខ្មែរ យើង ភាគច្រើនជនដែលមានពិការភាពរបស់យើង គាត់ស្ថិត នៅក្នុងភាពក្រីក្រ។ ដូច្នេះហើយភាពក្រីក្រនេះ គឺមានកត្តាជា ច្រើន ដែល ឱ្យគាត់មិនអាចទទួលបានការអប់រំ បាត់បង់ឱកាសក្នុងការ ទទួលបានវិជ្ជាជីវៈ រួមជាមួយភាពខ្វះខាតការយកចិត្តទុកដាក់ពី គ្រួសារ របស់គាត់ផងដែរ»។
លោកសង្ឃឹមថា ការបើកអគារមួយនេះ វាអាចនឹងរួមចំណែកផ្ដល់ ផលប្រយោជន៍ដល់ជនដែលមានពិការភាព ហើយក៏ជាការជំរុញ និងលើកទឹកចិត្តមួយ ពីព្រោះវាធ្វើឲ្យជនមានពិការភាព ពួកគាត់នឹង មកទទួលយកជំនាញ ការបណ្ដុះបណ្ដាល ស្របពេលដែលអាជ្ញាធរ ពាក់ព័ន្ធត្រូវតែរៀបចំឲ្យជនមានពិការភាពទាំងនោះ មានកន្លែងស្នាក់ នៅ និងមានថវិកាសម្រាប់ទ្រទ្រង់ដល់ពួកគាត់ក្នុងរយៈពេល កំពុង បណ្ដុះបណ្ដាល។
លោក ឈ បុណ្ណារដ្ឋ ក៏បានបន្ថែមថា ក្រៅពីការផ្ដល់ការគាំទ្រ ទាំង នេះហើ យ ស្ថាប័នពាក់ព័ន្ធក៏គួរតែផ្ដល់នូវថវិកាមួយផ្នែកដើម្បីទ្រទ្រង់ មុខរបររបស់ពួកគាត់ នៅពេលដែលពួកគាត់បានទទួលការបណ្ដុះ បណ្ដាល រួចរាល់ហើយ សម្រាប់អាចឲ្យពួកគាត់ធ្វើការជួយដល់ ខ្លួនឯងបានពេញមួយជីវិត។

ថ្លែងនៅក្នុងកម្មវិធីសម្ពោធនោះ ឯកឧត្តម ឃួង ស្រេង បានលើក ឡើងថា ការអញ្ជើញប្រជាពលរដ្ឋមកចូលរួមក្នុងពិធីនេះ ក្នុង គោលបំណងឱ្យពួកគេបានដឹងថានៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅនេះ មានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជន ពិការភ្នែក និងសមាគមតន្រ្តីសំនៀងជនពិការរស់នៅ។

ឯកឧត្តមបានបន្តថា ដូច្នេះប្រជាពលរដ្ឋដែលរស់នៅតំបន់ទាំងនោះ អាចជួយចែករំលែកការលំបាកជាមួយពួកគាត់បាន តាមរយៈការ ផ្តល់ជាអង្ករ ឬថវិកាជួយពួកគាត់ផងដែរ ហើយនៅពេល មានបុណ្យ ជាតិធំៗ ប្រជាពលរដ្ឋ ព្រះសង្ឃ សប្បុរសជននិងជនរួមជាតិទាំងអស់ នឹងនឹកឃើញ និងចែករំលែកដល់សមាគមតន្រ្តីសំនៀងជនពិការផង ដែលការចែករំលែកនេះ វាជាប្រពៃណីល្អរបស់ដូនតាខ្មែរដែល បាន ធ្វើ ជាប់ជាប្រចាំមក។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ៖ «សូមអំពាវនាវដល់ប្រជា ពលរដ្ឋ ព្រះសង្ឃ សប្បុរសជន និងជនរួមជាតិទាំងអស់ សូមចូលរួម បរិច្ចាគ ជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈផ្សេងៗ ជួយដល់សមាគមតន្រ្តីសំនៀងជនពិការ ដើម្បីឱ្យពួកគាត់អាចរស់ នៅបានដោយភាពកក់ក្តៅ ជាមួយប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា»។
អភិបាលរូបនេះក៏បានលើកឡើងដែរថា កន្លងមកជនពិការធ្លាប់ បានចូលរួមចំណែកជាថវិកា ជាមួយរាជរដ្ឋាភិបាលក្នុងការទិញ វ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ។ ក្រៅពីនេះសូម្បី តែអ្នកសុំទាន ក៏ធ្លាប់បានបរិច្ចាគជាថវិកាជួយរាជរដ្ឋាភិបាល ផងដែរ។
សូមបញ្ជាក់ថា សមាគមតន្ត្រីសំនៀងជនពិការត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៣ ដែលដឹកនាំដោយលោក ចាប តូ ជាជនពិការ ភាព ភ្នែក។ បច្ចុប្បន្ននេះមានសមាជិកក្នុងសមាគមទាំងអស់ចំនួន ៦៥៤ នាក់ ក្នុងនោះមានស្ត្រី ២៨៤នាក់ ដោយមានការជួយក្រោមការ ជ្រោម ជ្រែងដ៏ខ្ពង់ខ្ពស់បំផុតពីព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហម កម្ពុជា ព្រមទាំងឯកឧត្តម ឃួង ស្រេង និងសប្បុរសជន មួយចំនួនធំ។
អគារមជ្ឈមណ្ឌលនេះ បានចាប់ផ្តើមសាង សង់កាលពីខែកក្កដា ឆ្នាំ២០១៨ និងបញ្ចប់កាលពី កុម្ភៈ ឆ្នាំ២០២០ ដែលមានកម្ពស់ពីរ ជាន់រៀងជាអក្សអិល( L) មានបន្ទប់សរុបចំនួន ២០បន្ទប់៕
ដោយ៖ជា សុខនី

ads banner