ឯកឧត្តម គីម រិទ្ធី៖ ក្រោមម្លប់ ដ៏ត្រជាក់ នៃសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវការ អភិវឌ្ឍឥតឈប់ឈរ ប្រជាពលរដ្ឋរស់នៅ ប្រកបដោយសុខដុមរម្យនា

ព្រះវិហារ៖ ឯកឧត្តម គឹម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ មានប្រសាសន៍ថា ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ទទួលបាននូវសុខសន្ដិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមទាំងសិទ្ធ សេរីភាព ជំនឿសាសនា រក្សាបាននូវ សាមគ្គីភាព ស្ថិរភាពនយោបាយ និង សន្ដិសុខសង្គម ដោយមិនរើសអើង និងមិនមានការ បែងចែកសង្គម ជំនឿ សាសនា និងនិន្នាការនយោបាយ ។

អភិបាលខេត្តព្រះវិហារ ថ្លែងបែបនេះ ក្នុង ពិធីស្រោចស្រពសុគន្ធវារីប្រគេនប្រកាសសនីយប័ត្រ ព្រះគ្រូរដ្ឋានុរ័ក្ខកោសល មឿង សុនិមិត្ត ជាព្រះគ្រូអនុគណស្រុកឆែប រៀបចំឡើងក្នុងបរិវេណវត្តសុវណ្ណគីរី ស្ថិតក្នុងភូមិឆែបលិច ឃុំ ឆែបមួយ និងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាឆាន់ និងសមិទ្ធផលនានាក្នុងវត្ត ទ្រីសទ្ធារាម ស្ថិតក្នុងឃុំសង្កែពីរ ស្រុកឆែប នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ឯកឧត្តម គីម រិទ្ធី បានចូលរួមអបអរសាទរ ចំពោះព្រះគ្រូរដ្ឋានុរ័ក្ខកោសល មឿង សុនិមិត្ត ក្នុងឱកាសទទួលបានការតែងតាំងជាព្រះគ្រូអនុគណស្រុកឆែប បន្ទាប់ពីទទួលបាន ជំនឿទុកចិត្ត ពីគណៈសង្ឃគ្រប់ព្រះអង្គ ពិសេសគឺទទួលបាននូវការទុកចិត្តពីជំនឿ របស់ ប្រជាពលរដ្ឋ នៅក្នុង ស្រុកឆែប ទាំងមូល ព្រមទាំងចូលរួមអបអរសាទចំពោះសមិទ្ធផលនា នាជា ច្រើន ដែលមាន នៅក្នុងវត្តទ្រីសទ្ធរាម ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និង សប្បុរសជន ជិតឆ្ងាយ តាមរយៈការប្រតិបត្តិ នូវប្រពៃណីនៃការចែករំលែក បញ្ជាក់ឱ្យឃើញកាន់ តែច្បាស់ ពី មនោ សញ្ចេតនា សាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ដែលយើងទាំងអស់គ្នាបានខិតខំ កសាងទុក ជាទីគោរព សក្ការៈ ដើម្បីបានជ្រកក្រោមម្លប់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់ រដ្ឋ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ ទាំង អស់ សូមបន្ដស្មារតី ដឹងគុណនូវគោលនយោបាយឈ្នះៗ និងបន្ដគាំទ្រការដឹកនាំ របស់ រាជ រដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដោយត្រូវចូលរួមនៅក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រនីតិកាល ទី៧ នៃរដ្ឋសភា នាថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឱ្យបាន គ្រប់គ្នា ។

ឯកឧត្តមអភិបាលខេត្ត បន្តថា យើងត្រូវបន្ដប្រពៃណីវប្បធម៌ សន្ដិភាព ចេះស្រលាញ់យោគយល់ អធ្យាស្រ័យគ្នា និងរួមរស់ជាមួយគ្នា ចេះគោរពគ្នាទៅវិញទៅមកប្រកបទៅដោយ ក្ដីមេត្តាករុណា សណ្ដោស ប្រណី រវាងសហគមន៍សាសនាផ្សេងៗ ទាំងនៅក្នុងថ្នាក់ជាតិ និងអន្ដរជាតិ ដើម្បី ធ្វើយ៉ាងណា ឱ្យសង្គមកម្ពុជា ជាសង្គមមួយប្រកបទៅដោយសុជីវធម៌ សីលធម៌ ករិយាធម៌ និង គុណធម៌ កើតជាមូលដ្ឋានគ្រឹះនៃគោលការណ៍លទ្ធិជំនឿសាសនា និងវិស័យសាសនានីមួយៗ៕ សួនលីណា

ads banner