ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ អំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវត្រៀមឯកសារ ដើម្បីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខ

កំពង់ធំ៖ ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហារ ថវិកាមួយចំនួនឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេ បានយកគិតទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវត្រៀមឯកសារគ្រប់គ្រាន់សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នឹងត្រូវបោះឆ្នោតជូនគណបក្សនយោបាយណាដែលខ្លួនស្រឡាញ់ពេញចិត្ត ពិសេសគណបក្សដែលរក្សាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនឲ្យបានគ្រប់ៗគ្នា ។ ហើយត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតចំនួន ២០ គ្រួសារ និងបងប្អូនអតីតយុទ្ធជន ដែលបានអញ្ជើញមកចូលរួមក្នុងពិធីនេះចំនួន១០០នាក់ផ្សេងទៀត ក៏បានទទួលថវិកាមួយចំនួនផងដែរ ៕ ដោយ ប៊ុន រដ្ឋា

ads banner