អភិបាលរាជធានៅភ្នំពេញ អំពាវនាវដល់សប្បុរសជននិងជនរួមជាតិទាំងអស់ សូមចូលរួមជួយដល់សមាគមតន្រ្តីសំនៀងជនពិការ ដើម្បីឱ្យពួកគាត់អាចរស់នៅបានដោយភាពកក់ក្តៅ ជាមួយយើងទាំងអស់គ្នា

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រះសង្ឃ សប្បុរសជននិងជនរួមជាតិទាំងអស់ សូមចូលរួមបរិចាក ជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗ ជួយដល់សមាគមតន្រ្តីសំនៀងជនពិការ ដើម្បីអោយពួកគាត់អាចរស់នៅបានដោយភាពកក់ក្តៅ ជាមួយយើងទាំងអស់គ្នា ។

ការអំពាវនាវបែបនេះរបស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ក្នុងឧ៌កាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងពិធី សម្ភោធដាក់ឱ្យដំណើរការ “អគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក និងសមាគមតន្រ្តីសំនៀងជនពិការរស់នៅ” ស្ថិតនៅអគារ ២៩៨D ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ឯកឧត្តម ឃួង ស្រេង ថ្លែងថា ជនពិការ ធ្លាប់បានចូលរួមចំណែកជាថវិកា ជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ។ បន្ថែមពីនេះទៀត សូម្បីតែអ្នកសុំទានក៏ធ្លាប់បានបរិចាកជាថវិកាជួយរាជរដ្ឋាភិបាលផងដែរ ខណៈដែលកម្ពុជាបានប្រឈមមុខដាក់គ្នាជាមួយប្រទេសថៃនៅប្រាសាទព្រះវិហារកន្លងមក ។ ការចូលរួមចំណែកគ្រប់មជ្ឈដ្ឋាមនេះ ពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងការជឿជាក់មកលើសម្ដេចតេជោនាយករដ្ឋមន្ត្រី ។

ឯកឧត្តម ឃួង ស្រេង បន្តទៀតថា៖ ការអញ្ជើញប្រជាពលរដ្ឋ អោយមកចូលរួមក្នុងពិធីខាងលើនេះ គឺក្នុងគោលបំណងអោយបងប្អូនប្រជាពលរដ្ឋ បានដឹងថា នៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅយើងនេះ មានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក និងសមាគមតន្រ្តីសំនៀងជនពិការរស់នៅ ។ដូច្នេះបងប្អូន អាចជួយចែលរំលែកការលំបាកជាមួយពួកគាត់បាន តាមរយៈផ្តល់ជាអង្ករ១គីឡូក្រាម ២គីឡូក្រាម ឬក៏ថវិកាក្តី។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវបាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភដល់សមាគមតន្ត្រីសំនៀងជនពិការនេះផងដែរ ដែលមានទឹកប្រាក់ប្រមាណជិត២០លានរៀល ជាមួយនិងគ្រឿងឧបភោគ បរិភោគមួយចំនួនធំ ព្រមទាំងផ្តល់អាហារ១ពេលដ៏ឆ្ងាញ់ពិសារជូនពួកគាត់ផងដែរ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner