ម៉ាឡេស៊ីជួបទឹកជំនន់ភ្លៀងនៅតាមបណ្ដារដ្ឋមួយចំនួន ខណៈដែលមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង
គូឡាឡាំពួរ:
ស្ថានភាពជំនន់ភ្លៀងនៅម៉ាឡេស៊ីកាន់តែអាក្រក់ទៅៗ ខណៈរដ្ឋJohorមានកំណត់ត្រាភ្លៀងធ្លាក់ច្រើនបំផុតក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃអាទិត្យទី០៥ខែមីនា។
របាយការណ៍ពីអាជ្ញាធរម៉ាឡេស៊ីនៅកាលពីថ្ងៃអាទិត្យ ៥ មីនាបង្ហាញថាដោយទីក្រុង Johor បានរងគ្រោះខ្លាំងជាងគេក្នុងចំណោមរដ្ឋទាំងអស់នៅម៉ាឡេស៊ី ដោយអាជ្ញាធរបានជម្លៀសមនុស្សជាង៤៤.៨០០ នាក់ទៅកាន់ទីកន្លែងមានសុវត្ថិភាព។
បរិមាណទឹកភ្លៀងដែលបានកត់ត្រានៅស្ថានីយ៍ Air Panas ក្នុងទីក្រុង Segamat សម្រាប់រយៈពេលចាប់ពីថ្ងៃទី 28 ខែកុម្ភៈដល់ថ្ងៃទី 3 ខែមីនាមានកម្រិត 731 មីលីម៉ែត្រ ដែលចំនួននេះខ្ពស់បំផុតបើប្រៀបធៀបទៅនឹងកំណត់ត្រាទឹកភ្លៀងប្រចាំខែខ្ពស់បំផុតក្នុងខែធ្នូ1991និងខែធ្នូ 2006 ។កំណត់ត្រាទឹកភ្លៀងនៅខែធ្នូឆ្នាំ 1991 មានចំនួន621 មីលីម៉ែត្រក្នុងមួយខែខណៈដែលភ្លៀងធ្លាក់នៅខែធ្នូឆ្នាំ 2006 មានចំនួន 599 មីលីម៉ែត្រក្នុងមួយខែ។
លោកMd Nasir Md Noh អគ្គនាយកនៃនាយកដ្ឋានធារាសាស្ត្រនៃប្រទេសម៉ាឡេស៊ី បាននិយាយថា ៖«ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យស្រុកទាំង១០៥នៅក្នុងទីក្រុង Johor ត្រូវជន់លិច ដែលជម្រៅទឹកជំនន់សម្រាប់តំបន់រងផលប៉ះពាល់មានកម្ពស់ចាប់ពី មួយទៅ បីម៉ែត្រ។
ប៉ូលិសម៉ាឡេស៊ីបាននិយាយថា យ៉ាងហោចណាស់មនុស្ស បួននាក់បានស្លាប់ចាប់តាំងពីថ្ងៃពុធ។
ក្រសួង សុខាភិបាលម៉ាឡេស៊ី បាន ប្រកាស កាលពី ថ្ងៃអាទិត្យ ថា ខ្លួន នឹង តាមដាន ករណី ជំងឺ ឆ្លង តាម ទឹក បន្ទាប់ពី ទឹកជំនន់ ជាពិសេស ជំងឺអាសន្នរោគ និង ការពុល អាហារ ។
លោកស្រីវេជ្ជបណ្ឌិត Zaliha Mustafa រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាននិយាយថា ៖«យើងក៏នឹងប្រមូលផ្តុំក្រុមផ្សេងទៀតសម្រាប់ការងារសម្អាត ជាពិសេសនៅតាមគ្រឹះស្ថានសុខាភិបាលដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ»។អ្នកស្រីបន្ថែមថា សកម្មភាពទាំងនេះរួមមានការបាញ់ថ្នាំសម្លាប់មេរោគ និងការបង្កើតគ្លីនិកចល័តដើម្បីផ្តល់ការសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះដោយទឹកជំនន់។
លោកស្រីបន្ថែមថា បុគ្គលិកសុខាភិបាលក៏នឹងពិនិត្យជំងឺកូវីដ-១៩ លើពលរដ្ឋដែលត្រូវបាន ជម្លៀសដោយទឹកជំនន់មករស់នៅក្នុងមណ្ឌលសុវត្ថិភាព៕
ដោយ: វណ្ណ ស័ក្តិ